បន្ទាប់ពីបានធ្វើពិធីខួបកំណើតធំដុំជាលើកទីមួយ កាលពីថ្ងៃទី១២ កុម្ភៈ នៅវីហ្វ្រេនផ្សារដេប៉ូ ក្រោយពីបានប្រឡូកនៅក្នុងវិស័យសម្ដែង កញ្ញា ម៉ីម៉ី បានបង្ហាញការរំពឹងយ៉ាងខ្លាំងថាទីផ្សារសិល្បៈរបស់ខ្លួននឹងហើបជាងមុន។ នៅក្នុងពិធីខួបដែលមានតារាសិល្បៈប្រមាណជាង១០០នាក់ចូលរួមអបអរនោះ នាងក៏បានប្រកាសជំហរថានឹងដាក់វិធានការធ្វើអោយការសម្ដែងរបស់នាងកាន់តែមានការចាប់អារម្មណ៍តាមរយៈការផ្លាស់ការសម្ដែង និងការលេងស្ទីលស៊ិចស៊ីអោយប្លែកជាដើម។
តាសម្ដែង ម៉ីម៉ី និយាយថាក្នុងការប្រឡូកសិល្បៈ កញ្ញាមិនមែនត្រឹមតែជាតារាសម្ដែងមួយមុខនោះទេ ប៉ុន្តែក៏ជាតារាចម្រៀងផ្នែកបុរាណ ដែលមានឱកាសបានច្រៀងការក្នុងវេទិកាខេត្តក្រុង ជាពិសេសបានច្រៀងរួមជាមួយតារាកំប្លែងនាយតឹង និងអ្នកនាងប៉ុមពុយផងដែរ។ ក្នុងនោះ កញ្ញាក៏បានវិវត្តិន៍ខ្លួនក្លាយជាតារាចម្រៀងបែបសម័យផងដែរនាពេលចុងក្រោយ បន្ថែមពីលើការសម្ដែង ទើបនាងសម្រេចចិត្តធ្វើពិធីខួបកំណើត ដើម្បីលើករាសីរបស់ខ្លួនផង និងដើម្បីអោយកាន់តែមានអ្នកស្គាល់កាន់តែច្រើននោះផង។ រយៈពេលចុងក្រោយនាងបានប្រឡូកការសម្ដែង ហើយមានការទទួលស្គាល់ច្រើនហើយ ដែលកាន់តែជំរុញទឹកចិត្តអោយនាងមានបំណងខិតធ្វើអោយអាជីបរបស់ខ្លួនជោគជ័យបន្ថែមទៀតនៅក្នុងសិល្បៈ។ បើទោះជាក្ដីរំពឹងនេះ នៅមិនទាន់ប្រាកដថានឹងមានផ្លែផ្កាកម្រិតណា តែនាងក៏សប្បាយចិត្តផងដែរថាអ្វីដែលនាងបានទទួល នឹងមិនដដែល។ ក្នុងពិធីខួបគម្រប់២៤ឆ្នាំនាថ្ងៃនោះ នាងក៏គោលបំណងចង់ជួបជុំមិត្តភក្តិអោយបានម្តង បន្ទាប់ពីប្រឡូកសិល្បៈយូរមកហើយ មិនមានកម្មវិធីទាល់តែសោះនោះផងដែរ។ នាងថាពិធីនេះ ឪពុកម្ដាយរបស់នាងជាអ្នកជំរុញ ដោយគ្មានបុរសណាម្នាក់ចេញលុយអោយនាងធ្វើទេ ទើបនាងមិនខ្លាចក្នុងការប្រមាញ់រូបភាពពីសំណាក់ក្រុមអ្នកកាសែតដែលបានបង្ហាញខ្លួន។ នាងនិយាយថា«តាមពិតអ្នកដែលជួបចំណាយក្នុងពិធីខួបកំណើតរបស់ខ្ញុំឆ្នាំនេះគឺ លោកឪពុកនិងអ្នកម្តាយរបស់ខ្ញុំជាអ្នកចំណាយទាំងស្រុង មិនមានបុរសណាម្នាក់ជួយពីក្រោយខ្នងនោះទេ ប៉ាម៉ាក់គិតថាមិនធ្លាប់បានផ្តល់និងធ្វើកម្មវិធីអ្វីដល់កូនសោះ ទើបគាត់សម្រេចចិត្តចំណាយប្រាក់កាសផ្ទាល់រៀបចំពិធី នេះសម្រាប់ខ្ញុំ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ » ។
គួរបញ្ជាក់ផងដែរថា ម៉ីម៉ី គឺជាអ្នកចម្រៀងបុរាណម្នាក់ដែលបានចាប់អាជីពនេះតាំងពីដើមឆ្នាំ ២០១០ ក្រោយមកនាងបានអភិវឌ្ឍខ្លួនក្លាយទៅជាអ្នកចម្រៀង បុរាណ និងសម័យផង ចុងក្រោយនាងបានឈានជើងចូលក្នុងវិស័យសម្តែង ថែមទាំងថតបានរឿងជាច្រើន ដូចជារឿង « ហ៊ីងយំក្រមុំផ្អើល » រឿង« ចៅធុងចៅសាញ់ » និងភាពយន្តមួយចំនួនទៀតដែលត្រៀមដាក់ផ្សាយ៕
មតិយោបល់