តាំងពីថ្ងៃទី១៨ មីនា អ្នកស្រីសរ កេសារ៉ា ម្ចាស់ផលិតកម្មកេសារ៉ាភាពយន្ត ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងល្បីល្បាញក្នុងអំឡុងឆ្នាំ១៩៧២ ដល់១៩៧៤ និងក្រុមផលិតករមហាហង្ស បានទៅដល់ទីក្រុងហុងកុង ប្រទេសចិន បន្ទាប់ពីត្រូវបានគណកម្មការមហោស្រពភាពយន្តអន្តរជាតិដែលកំពុងធ្វើឡើងនៅក្នុងទីក្រុងហុងកុង អញ្ជើញជាភ្ញៀវកិត្តិយស។ អ្នកស្រី និងលោក អ៉ិន សុភិន តំណាងផលិតកម្មមហាហង្ស បានបង្ហាញពីការរំពឹងយ៉ាងខ្លាំង ថាវត្តមានរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ នឹងទទួលបានផ្លែផ្កាសំខាន់មួយក្រោយពេលត្រឡប់មកវិញ។
អ្នកស្រី សរ កេសារ៉ា បានបញ្ជាក់ថា គម្រោងឡើងទៅដល់ទីក្រុងហុងកុងលើកនេះ ដ្បិតថាមិនបានទទួលសិទ្ធិដើម្បីយកភាពយន្តណាមួយតំណាងអោយផលិតកម្មរបស់អ្នកស្រី និងតំណាងអោយផលិតកម្មមហាហង្សទៅដាក់បញ្ចាំងនៅក្នុងព្រឹត្តិការណ៍ HongKong Film Mart Festival ក៏ពិតមែន ប៉ុន្តែអ្នកស្រីបង្ហាញពីការលេចឡើងនៅលទ្ធផលគួរអោយជាទីមោទនៈ ដោយសារតែព្រឹត្តិការណ៍នេះ ក្រៅពីបង្ហាញភាពយន្តរបស់ប្រទេសភាគច្រើន ក៏មានការតាំងបង្ហាញនូវសម្ភារៈ បច្ចេកទេស និងផលិតផលកុន ដែលមានប្រយោជន៍សម្រាប់ការផលិតភាពយន្តរបស់អ្នកស្រី ក្រោយពេលត្រឡប់ទៅវិញផងដែរ។ អ្នកស្រីថាបើមិនបានមកឃើញនូវការរីកចម្រើនពាក់ព័ន្ធនឹងការផលិតកុន គឺពិតជាមិនអាចដឹងថាវិស័យផលិតកុនគេដើរដល់ណា និងបោះជំហានត្រឹមណានោះទេ អ៉ីចឹងហើយទើបអ្នកស្រីគ្រាន់តែទទួលបាននូវការអញ្ជើញអោយចូលរួមក្នុងកម្មវិធីនេះភ្លាម ក៏ទម្លាក់នូវការងារចោលហើយ ធ្វើដំណើរទៅចូលរួមតែម្ដង ដើម្បីស្វែងយល់ពីការងារទាំំងនោះអស់នោះ។
មិនខុសគ្នាដែរលោក អ៉ិន សុភិន ក៏បានប្រកាសថាលោកធ្វើដំណើរទៅកាន់ទីក្រុងហុងកុងលើកនេះ ដើម្បីធ្វើជាភ្ញៀវកិត្តិយស និងដើម្បីស្វែងយល់អោយកាន់តែស៊ីជម្រៅពីវិស័យផលិតកុនដូចគ្នានឹងអ្នកស្រីសរ កេសារ៉ា ផងដែរ។ លោកថាសរុបទាំងផលិតកម្មរបស់លោក និងផលិតកម្មរបស់អ្នកស្រី គឺមានគ្នាចំនួន១៣នាក់ ដោយតាមគម្រោងក្រោយកម្មវិធីចប់គឺនឹងត្រូវត្រឡប់មកវិញនៅថ្ងៃទី២១ មីនា វេលាម៉ោង៤ល្ងាច។
លោកថាពិព័រណ៌ភាពយន្តដែលប្រជុំដោយផលិតករល្បីៗមកពីពាសពេញពិភពលោកនេះ នឹងជម្រុញអោយក្រុមអន្តរជាតិស្គាល់ពីក្រុមផលិតករកុនរបស់ខ្មែរ និងការផលិតភាពយន្តខ្មែរច្រើនឡើង ជាពិសេសតាមរយៈកិច្ចពិភាក្សារបស់លោក និងក្រុមការងារដែលនឹងមានជាបន្តបន្ទាប់នៅក្នុងព្រឹត្តិការណ៍ជាមួយបណ្ដាផលិតករទាំងអស់ ដើម្បីជជែកស្វែងរកចំណុចកាន់តែប្រសើរជួយជំរុញគុណភាពក្នុងការផលិតកុនរបស់លោក។
លោករំពឹងការទទួលបានការចាប់ដៃជាមួយផលិតករបរទេសនាពេលបន្តបន្ទាប់ បន្ទាប់ពីមុននេះបន្តិចលោកទើបតែទទួលឱកាសចាប់ដៃជាមួយផលិតករថៃ ផលិតភាពយន្តរឿង«អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»ដែលមានតួសម្ដែងល្បីរបស់ថៃ គឺលោក ឆាគ្រីត និងតារាថៃ ឡាវជាច្រើនរូបទៀត ចូលរួមសម្ដែងជាមួយតារារបស់លោក៕
មតិយោបល់