ក្នុងឱកាសចេញសម្ដែងជាមួយតារាចម្រៀង អ្នកនាង ចេន សាយចៃ នៅក្នុងប្រទេសកូរ៉េ តារាសម្ដែងលោក ធៀ ហាក់មុនី ដែលបាននិពន្ធបទ«កូរ៉េស្មោះស្នេហ៍» និងបានច្រៀងចម្រៀងមួយបទនោះ ក្នុងឱកាសទៅសម្ដែងផងនោះក៏បានឆ្លៀតថតMV បទនោះនៅក្នុងប្រទេសកូរ៉េផងដែរ។ លោកអះអាងថាសាច់រឿងក្នុងបទ«កូរ៉េស្មោះស្មេហ៍» នឹងត្រូវបានបញ្ចេញជាសាច់រឿងវីដេអូក្នុងពេលឆាប់ៗ តែលោកគ្រាន់តែជ្រើសឈុតខ្លះនៅក្នុងប្រទេសកូរ៉េយកមកបញ្ចូលប៉ុណ្ណោះ ដោយប្លង់សំខាន់មួយចំនួនទៀត គឺរង់ចាំថតនៅកម្ពុជា។
បទចម្រៀងដែលមានចំណងជើងថា«កូរ៉េស្មោះស្នេហ៍» ត្រូវបានលោកបង្ហើរនៅលើទឹកដីកូរ៉េ ក្នុងឱកាសច្រៀងរាំក្នុងព្រឹត្តិការណ៍សប្បុរសធម៌ នៅក្រុងស៊ូវុន ដោយមានពលករខ្មែរយ៉ាងច្រើនកុះករចូលរួមទស្សនា។ ចម្រៀងមួយបទនេះ ថ្វីដ្បិតតែមិនមែនជាOriginal Song ប៉ុន្តែជាបទផ្ទាល់ខ្លួន ដែលតារាសម្ដែងលោក ហាក់ ធៀមុនី បាននិពន្ធ និងបកស្រាយដោយផ្ទាល់ ដោយត្រូវគេឃើញថាបុកត្រូវអារម្មណ៍អ្នកស្ដាប់តែម្ដង បើធៀបនឹងតារាចម្រៀងផ្សេងទៀត ដែលបានចូលរួមបកស្រាយបទចម្រៀងជាច្រើនដូចគ្នានៅក្នុងកម្មវិធី។ លោកអះអាងថាចម្រៀងមួយបទនេះ លោកទើបតែនឹកឃើញនិពន្ធមុនពេលចាកចេញមកសម្ដែងនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះ ហើយដោយសារតែកត់សម្គាល់ថាបងប្អូនជាពលករកូរ៉េពេញចិត្តចំពោះអត្ថន័យ ទើបលោកគម្រោងត្រូវថតMV នៅសម្រាប់បទនោះ នៅក្នុងប្រទេសកូរ៉េ។ លោកថាចម្រៀងមួយបទនេះ មានខ្លឹមសារលើកទឹកចិត្តចំពោះអ្នកចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសនោះ ដោយលោកបានចាត់ទុកថាចម្រៀងមួយបទដែលលោកបាននិពន្ធ និងបកស្រាយនៅក្នុងពេលនោះ គឺជាចំណងដៃធំមួយសម្រាប់ការសម្ដែងរបស់ខ្លួន។
លោកថាMV របស់ខ្លួននឹងត្រូវចេញបង្ហោះឆាប់ៗ ប៉ុន្តែលោកក៏មានអារម្មណ៍សោកស្ដាយខ្លះដែរ ដែលឈុតនៅក្នុងបទចម្រៀងនោះ មានការបញ្ចូលប្លង់ដែលលោកបានថតនៅក្នុងប្រទេសកូរ៉េបានតែមួយផ្នែក ដោយមិនមានពេលថតជាសាច់រឿងទាំងស្រុងនៅទីនោះ។ លោកមិនខ្វល់ពីការរំពឹងខ្ពស់ចំពោះការគាំទ្រនោះទេ ដោយលោកគ្រាន់តែអះអាងថា បើទោះជាមានការគាំទ្រច្រើនក្នុងស្រុក ឬមិនច្រើន ក៏ចាត់ទុកជាការរំលេចស្នាដៃថ្មីមួយ ក្នុងឱកាសដែលលោកបានចេញទៅសម្ដែងនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះ។
លោក ហាក់ ធៀមុនី ប្រកាសថាមានគម្រោងនាំយកសាច់រឿង«កំពូលចុងភៅ» ពិសេសដែលលោកបានចូលរួមផលិត យកទៅបញ្ចាំងនៅក្នុងប្រទេសកូរ៉េ នៅអំឡុងខែក្ដៅខាងមុខ ប៉ុន្តែលោកមិនទាន់ច្បាស់ថានឹងបានចេញទៅ១០០ភាគរយឬយ៉ាងណានោះទេ ដោយរង់ចាំការស្ទាបស្ទង់ពីការគាំទ្រសិន។ យ៉ាងណាមិញ លោកថាបើបានចេញទៅជាថ្មី គឺនឹងមានការសម្ដែងដូចគ្នានឹងកាលពីថ្ងៃទី១៦ កុម្ភៈ មុននោះដែរ ដោយក្នុងពេលនោះក្រៅពីបទ«កូរ៉េស្មោះស្នេហ៍»លោកក៏នឹងចងដៃពលករកូរ៉េ នូវបទចម្រៀងមួយចំនួនទៀត៕
មតិយោបល់