ព័ត៌មានសិល្បៈ និងកម្សាន្ត

សុះ ម៉ាច ថាអ្នកសិល្បៈជេរគ្នាឈ្លោះគ្នា ជាត្រីស្អុយរបស់ក្រសួងវប្បធម៌

ភ្នំពេញៈ ក្នុងចំណោមវិធានការដែលបានលើកឡើងចំពោះអ្នកសិល្បៈ ដោយក្រសួងវប្បធម៌កាលពីថ្ងៃទី២៧ ខែកញ្ញា លោក​សុះ ម៉ាច បានចាប់អារម្មណ៍ពីភាពអសីលធម៌របស់អ្នកសិល្បៈ ដែលចូលចិត្តប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកជេរគ្នា និងឈ្លោះគ្នាជាសាធារណៈបណ្ដាល​ឲ្យម​ហា​ជ​នវាយតម្លៃកម្រិតចេះដឹងរបស់អ្នកសិល្បៈផ្សេងទៀត ថាជារឿងធ្ងន់ធ្ងរជាងគេ។ លោកទទូចឲ្យក្រសួងវប្បធម៌តម្រែតម្រង់ និងដាក់ពិន័យចំពោះ​បុគ្គលប្រភេទ​នេះឲ្យបានជាមុន ដោយសារតែបញ្ហាដែលលោកលើកឡើងលោកថាគឺជាអ្វីដែលបង្កឲ្យមានការប៉ះពាល់ដល់តម្លៃអ្នកសិល្បៈទូទៅ។

លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានអះអាងថា ការប្រកាសដាក់សម្ពាធលើតារាសិល្បៈដែលស៊ិចស៊ី លើអ្នកនិពន្ធ និងផលិតករដែល​បានផលិតបទចម្រៀង និងសាច់រឿងបណ្ដាលឲ្យមានការរិះគន់ គឺជាអ្វីដែលលោកចង់បាន។ ប៉ុន្តែបញ្ហាដែលលោកចង់ឃើញមុនគេ គឺវិធានការដោះ​ស្រាយ​លើបុគ្គលមួយចំនួនដែលភ្លេចគិតថាខ្លួនឯងជាតារាសិល្បៈ ហើយបានរំលេចភាពអសីលធម៌ តាមរយៈការបង្ហោះពាក្យឈ្លោះគ្នា និងដៀលត្មិះ​បុគ្គលជាគូជម្លោះរបស់ខ្លួន ដែលធ្វើឲ្យលោកយល់ថាមិនអាចទទួលយកបាននោះតែម្ដង។

លោកបានបន្តថា តារាសិល្បៈក៏ជាមនុស្សដែលអាចបញ្ចេញកំហឹងមិនខុសពីបុគ្គលទូទៅនោះទេ ប៉ុន្តែតារាសិល្បៈគឺបុគ្គលសាធារណៈមួយរូបដែលត្រូវ​បានមហាជនផ្ដល់ការឲ្យតម្លៃ។ ដូច្នេះមិនអាចចេះតែបង្ហោះពាក្យសម្ដីបង្ហាញឲ្យគេបានឃើញពីភាពអសីលធម៌របស់ខ្លួនឯងជាសាធារណៈ បង្កឲ្យមានការ​ប៉ះពាល់ដល់តម្លៃអ្នកសិល្បៈដែលល្អៗផ្សេងទៀតកើតទេ។ លោកថាតារាសិល្បៈដែលប្រើប្រព័ន្ធហ្វេសប៊ុកជេរអ្នកនេះ ជេរអ្នកនោះ ហើយសម្បូររឿងម្ដង​ហើយម្ដងទៀត និងប្រើភាសាមិនថ្លៃថ្នូរ គឺជាត្រីស្អុយដែលធ្វើឲ្យតម្លៃសីលធម៌នៅក្នុងពិភពសិល្បៈរងការរិះគន់។ លោកនិយាយថា«សម្រាប់ខ្ញុំអ្វី​ដែលក្រ​សួងលើកឡើងខ្ញុំគាំទ្រទាំងអស់ ប៉ុន្តែបញ្ហាអសីលធម៌របស់អ្នកសិល្បៈដែលខ្ញុំមើលឃើញធ្ងន់ធ្ងរជាងគេ គឺបញ្ហាអ្នកសិល្បៈមួយចំនួនបានបង្ហោះ​ជាសា​ធារណៈនូវសម្ដីមិនអាចទទួលយកបាននៅលើបណ្ដាញហ្វេសប៊ុកនោះតែម្ដង!… ការបង្ហោះ​សំណេរអសុរសរបស់ពួកគាត់ធ្វើឲ្យគេមើលងាយ​អ្នកសិល្បៈ​យើងមែនទែន ធ្វើឲ្យគេដៀលអ្នកសិល្បៈ .. ត្រង់នឹងហើយដែលខ្ញុំយល់ថាក្រសួងត្រូវតែមានវិធានការលើអ្នកសិល្បៈពីរបីនាក់ហ្នឹងធ្វើជាគំរូ ដើម្បីកុំឲ្យ​ពួក​គាត់ចេះតែបន្តប៉ាតណា ប៉ាតណី នាំឲ្យគេមើលងាយអ្នកសិល្បៈអញ្ចឹង!..»។

លោកបន្តថា វាដល់ពេលហើយដែលក្រសួងវប្បធម៌ត្រូវយកតារាសិល្បៈដែលមានចរឹកក្អេងក្អាង និងខ្វះសីលធម៌ទាំងនោះទៅធ្វើការអប់រំ និងឈាន​ដល់ការ​ប្រកាសឲ្យបញ្ចប់អាជីពជាអ្នកសិល្បៈម្ដង ដើម្បីកុំឲ្យកើតមានគំរូអាក្រក់ចំពោះតារាសិល្បៈជំនាន់ក្រោយ។ ជាពិសេសនៅក្នុងកាលៈ​ទេសៈដែល​មាន​ប្រព័ន្ធហ្វេសប៊ុកចែកចាយនូវភាពអសីលធម៌របស់ពួកគេធ្វើឲ្យមានការរិះគន់កាន់តែច្រើន នៅពេលតារាទាំងនោះបង្ហោះសំណេរដែល​បង្ហាញពីការ​អប់រំខ្សោយរបស់ខ្លួនឯងក្នុងនាមជាអ្នកសិល្បៈ។ លោកនិយាយថា«ខ្ញុំមិនយល់ថាតារាសិល្បៈ ដែលបង្ហោះភាសាមិនថ្លៃថ្នូរកន្លងមក គាត់យល់យ៉ាង​មិចទេ ប៉ុន្តែសម្រាប់ខ្ញុំគឺជារឿងអសីលធម៌ ហើយមហាជនគេមើលស្រាលអ្នកសិល្បៈយើងដោយសារពួកគាត់ពីរបីនាក់នឹង ជាពិសេសចំពោះតារា​សិល្បៈ​ដែល​ឈ្លោះគ្នា​ទៅវិញទៅមក ខ្ញុំមិនយល់ដែលគាត់ខ្វះការយោគយល់ហើយ ទៅហែកទ្រូងឲ្យគេមើលងាយអ្នកសង្គមសិល្បៈទាំងមូលនឹង!..»។

ការលើកឡើងរបស់លោកប្រធាន សុះ ម៉ាច គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌បានប្រកាសនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ កញ្ញា នៅទីស្ដីការ​ក្រសួង​វប្បធម៌ ប្រកាសវិធានការដាក់ទោសចំពោះតារាសិល្បៈ អ្នកនិពន្ធ និងផលិតករ ដែលត្រូវបានរកឃើញថាបានរំលេចនូវទង្វើ និងពាក្យសម្ដីបង្កប៉ះពាល់​ដល់​តម្លៃសីលធម៌ក្នុងនាមជាអ្នកសិល្បៈ ដើម្បីឈានទៅបញ្ចប់អាជីពរបស់ពួកគេមិនឲ្យបន្តសកម្មភាពក្នុងនាមជាអ្នកសិល្បៈបន្តទៀត​បើរកឃើញនូវ​ចំណុចអវិជ្ជមានទាំងនោះ។ ការលើកឡើងរបស់លោកសុះ ម៉ាច ក៏បានកើតឡើងទន្ទឹមនឹងតារាសិល្បៈមួយចំនួនបានប្រើប្រព័ន្ធ​ហ្វេសប៊ុកជេរប្រមាថ​គេឯងសម្ញ៉ែង​មហាជន និងឈ្លោះគ្នា ធ្វើឲ្យគេមើលឃើញពីការធ្លាក់ចុះតម្លៃសីលធម៌របស់តារាសិល្បៈ ដែលត្រូវបានមហាជនរិះគន់នាពេលចុងក្រោយ។ លោកសុះ ម៉ាច បញ្ជាក់ថា លោកនឹងជំរុញឲ្យការប្រកាសរបស់ក្រសួងធ្វើឡើងដោយមានប្រសិទ្ធិភាព ហើយលោកយល់ថាបើទោះជាតារាខ្លះបានលុប​ចោលនូវសំណេរអសីលធម៌របស់ខ្លួន ឬមានការសុំទោសក៏ដោយ ក៏លោកយល់ថាមិនគួរនឹងកើតមានសម្រាប់តារាសិល្បៈនៅលើបណ្ដាញហ្វេសប៊ុក ៕

សុះ ម៉ាចសុះ ម៉ាចសុះ ម៉ាចសុះ ម៉ាចសុះ ម៉ាចសុះ ម៉ាចសុះ ម៉ាច

មតិយោបល់