ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ុន ណារីម៉ូនីកា សារភាពថាកាន់តែទ័លច្រកខ្លាំង

បើទោះជាសភាពខាងក្រៅ អ្នកនាង ស៊ុន ណារីម៉ូនីកា មើលទៅហ៊ឺហារ និងឡូយឆាយ ប៉ុន្តែធាតុពិតរបស់អ្នកនាងគឺល្អតែមើលសំបកក្រៅប៉ុណ្ណោះ ចំណែកស្ថានភាពលុយកាក់អ្នកនាងបានបញ្ជាក់ដោយលែងលាក់លៀមថា សូម្បីតែលុយ៤-៥០០ដុល្លារ ក៏អ្នកនាងលែងមានលទ្ធភាពរកបាននោះដែរ។ អ្នកនាងបានសារភាពថាគ្រួសារបងប្អូនអ្នកនាងពិតជាមានអ្នកមានជីវភាពធូរធារ ប៉ុន្តែអ្នកនាងមិនហ៊ានហាមាត់ទៅសុំជំនួយពីសាច់ញាតិទាំងនោះទេ គឺមានតែខំគេចខ្លួនឲ្យឆ្ងាយទៅវិញ បន្ទាប់ពីការងារសិល្ប:លែងមានទីផ្សាររកចំណូលច្រើនឆ្នាំ ស្របគ្នាដែលកូនប្រុសច្បងរបស់អ្នកនាង គឺលោក ស៊ុន ណារីឡង់ឌី មានជំងឺដំបៅសួត ទឹកនោមផ្អែម និងជំងឺធ្លុះក្រពះរ៉ាំរ៉ៃប្រមាណជា៥ឆ្នាំមកហើយ។

អ្នកនាង ស៊ុន ណារីម៉ូនីកា បានអះអាងថាអ្នកនាងចង់យកកូនប្រុសរបស់ខ្លួនចេញទៅព្យាបាលនៅក្នុងប្រទេសថៃណាស់ ប៉ុន្តែដោយសារតែអ្នកនាងអត់មានលទ្ធភាពតែម្ដង ទើបសុខចិត្តត្រាំត្រែងៗជាមួយនឹងការសម្រាកព្យាបាលនៅពេទ្យលោកសង្ឃ ដោយអ្នកនាងបញ្ជាក់ថាបានត្រឹមតែធូរ ប៉ុន្តែមិនអាចឲ្យកូនប្រុសរបស់អ្នកនាងបានប្រក្រតីដូចអ្នកមិនឈឺ។

អ្នកនាងនិយាយថាបើនិយាយរឿងអត់គឺអត់ដល់ដំណាក់កាលនឹងលែងខ្មាស់ហើយ ប៉ុន្តែមកពីអ្នកនាងចេះតែអៀនមាត់នៅពេលរំលេចពីភាពកម្សត់ទាំងនោះ ទើបអ្នកនាងហាមាត់មិនចេញ។ អ្នកនាងនិយាយថាបើកុំតែកូនឈឺធ្ងន់ ប្រហែលជាអ្នកនាងសុខចិត្តលំបាកលំបិនម្នាក់ឯង មិនទម្លាយស្ថានភាពរស់នៅ និងការខ្វះខាត ឲ្យអ្នកសិល្ប: និងមហាជនណាម្នាក់បានដឹងនោះទេ ដើម្បីកុំឲ្យមានការចំអកថា តារាសិល្ប:ជំនាន់មុនដូចអ្នកនាងធ្លាក់ខ្លួនដល់ម្លឹង។

អ្នកនាងបន្តថាក្នុងគ្រួសារមួយ បើមានអ្នកជំងឺរាប់ឆ្នាំដេកឈឺ ហើយអ្នកនាងក៏ចេញទៅរកអីនៅឯប្រទេសបារាំងលែងបាន ក្រោយពីទីផ្សារក្នុងស្រុកលែងមានការចាប់អារម្មណ៍ នោះប្រាកដជាដឹងហើយថា ស្ថានភាពលំបាករបស់គ្រួសារនោះស្ថិតក្នុងកម្រិតយ៉ាងណា។

ជាក់ស្ដែងអ្នកនាងបង្ហើបថាអត់មានធ្វើអ្វីបាន និងរកស៊ីអ្វីបានមិនក្រោម២ឆ្នាំនោះទេ ដោយសារតែបន្តិចៗកូនចូលដេកពេទ្យ ហើយអ្នកនាងគឺជាអ្នករ៉ាប់រង ក្នុងពេលដែលភរិយារបស់កូនប្រុសអ្នកនាងក៏មិនមានប្រាក់ចំណូលដើម្បីទប់ជាប់។ អ្នកនាងបានទាំងលក់ផ្ទះមួយកន្លែងនៅម្ដុំសន្ធរម៉ុក និងរថយន្តមួយគ្រឿងព្រោះតែរកអ្វីអត់បាន ហើយនឹងព្យាបាលកូននោះផងនាពេលកន្លងមក។

អ្នកនាងរាប់បញ្ចូលទាំងរកអីមិនបាន ហើយគិតតែយកកូនប្រុសចូលពេទ្យចុះឡើងៗក្នុងរយ:ពេល៥ឆ្នាំតាំងពីកូនប្រុសត្រូវបានដឹងថាមានជំងឺទឹកនោមផ្អែម និងដំបៅសួតនេះ គឺអ្នកនាងខាតបង់ទ្រព្យមិនក្រោម១០ម៉ឺននោះទេ បូកសរុបទាំងរកអីអត់បាន ហើយគិតតែពីលក់នេះចាយលក់នោះដោះស្រាយផង។ យ៉ាងណាមិញ អ្នកនាងថាមិនដឹងរំលេចស្ថានភាពដ៏អាម៉ាស់មួយនោះឲ្យដឹងជាសាធារណ:នោះទេ គឺទើបតែអ្នកនាងធ្លាក់ដល់សភាពទ័លច្រកខ្លាំងក្រោយពេលកូនប្រុសយកចូលសង្គ្រោះបន្ទាន់ជាថ្មី ហើយគ្មានលុយព្យាបាលប៉ុណ្ណោះ ទើបសម្រេចចិត្តកាត់ខ្មាស់។

អ្នកនាងបញ្ជាក់ថា កូនប្រុសរបស់អ្នកនាងត្រូវបានគ្រូពេទ្យឲ្យចេញទៅផ្ទះបានតែមួយរយ:ពេលខ្លីប៉ុណ្ណោះ តែដោយសារតែគេធ្វើទុក្ខជាថ្មីទើបបញ្ជូនចូលពេទ្យជាថ្មីកាលពីថ្ងៃទី១៩ កុម្ភ: ដោយស្ថិតក្នុងការតាមដានជាតិស្គរដែលឡើងដល់ជាង៦០០ដែលពេទ្យពិបាកទម្លាក់ឲ្យស្រកដូចដើមមកទល់ពេលនេះ៕

មតិយោបល់