ភ្នំពេញៈ លោក ហែម រតនា ហៅនាយត្បាល ដែលជាតារាកំប្លែងរាយរងក្នុងស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន បានថ្លែងពីប្រវត្តិកម្សត់របស់ខ្លួន ប្រាប់ Post News ឲ្យដឹងថា លោកជាកូនកំព្រា ដោយម្តាយស្លាប់ចោល តាំងពីអាយុ៣ ខែម្លេះ ឪពុកទៅមានគ្រួសារថ្មី ហើយជិវិតជួបព្យុះភ្លៀងរហូតដល់ថ្នាក់ ហូបបាយនឹងទឹកត្រី ជាប្រចាំ ។
បើទោះបីជាបច្ចុប្បន្នមានជីវភាពរាងធូរធារ ដោយមានក្រុមភ្លេង និងភោជនីយដ្ឋានផ្ទាល់ខ្លួន នៅលើទឹកដីស្វាយរៀង ប៉ុន្តែងាកទៅកាន់ជីវិត អតីតកាល របស់នាយត្បាល និយាយមកទាំងទឹកភ្នែក នូវអ្វីដែលខ្លួនបានជួបប្រទះ ក្នុងជីវិត ។
នាយត្បាល ថា«ខ្ញុំជាកូនកំព្រា ដោយម្តាយស្លាប់តាំងពីអាយុ ៣ខែមកម្លេះ ពេលនោះឪពុកក៏មានគ្រួសារថ្មី តម្រូវឲ្យខ្ញុំរស់នៅ ជាមួយនឹងយាយ តាំងពីក្មេង ហើយក៏ធ្វើស្រែបណ្តើរ រែកនំបញ្ចុកលក់បណ្តើរ ដូរជាអង្ករ និងស្រូវ មកទុកហូប »។
កុមារ ហែម រតនា ក្នុងវ័យចូលរៀនបឋមសិក្សា បានព្យាយាម ដើរទៅរៀន ពីផ្ទះដល់សាលា មានចម្ងាយ ជិត ១០គីឡូ ដោយខំព្យាយាមរៀនសូត្រ និងក្រោយមកទៀត ក៏បានផ្លាស់មកនៅភ្នំពេញជាមួយនិង អ៊ុំ ដោយរៀននៅសាលាបាក់ទូក ។ ជាអកុសល ដោយសារតែជីវភាព នាយ ត្បាលបានសម្រេចចិត្ត ឈប់សិក្សា នៅថ្នាក់ទី១១ ។ ក្នុងអំឡុងពេលនៅ ជាមួយ អ៊ំ នាយត្បាលថា ពេលដែលអ៊ំចេញទៅអាម៉េរិក ២ទៅ៣ខែ ហើយគាត់មកវិញ តែក៏គ្មានអាហារឆ្ងាញ់ ដើម្បីបរិភោគដែរ ក្រៅពីទឹកត្រី ជាមួយបាយលាយទឹកភ្នែក ជាប្រចាំនោះ ។
ក្នុងអំឡុងពេលនោះដែរ លោកបានខំព្យាយាម ក្នុងវិថីសិក្សា ដោយរត់ម៉ូតូឌុបបណ្តើរលេង ភ្លេងបណ្តើរ តែទោះជាលេងក្នុងភោជនីយដ្ឋាន តែគ្មានអាហារឆ្ងាញ់ ដើម្បីបរិភោគ នោះទេ ដោយហូបអាហារដែលសល់ពីភ្ញៀវ រហូតដល់សន្សំលុយ ទិញឧបករណ៍ភ្លេង បើកវង់តន្ត្រី ខ្លួនឯង នៅខេត្តស្វាយរៀង៕
មតិយោបល់