ថ្វីដ្បិតតែបានស្រលាញ់គ្នា មិនក្រោម៣ឆ្នាំយ៉ាងណាក្ដី ក៏ពិធីករប្រចាំទូរទស្សន៍ជាតិ(ទទក) លោក សុខ សំណាង ដែលបានសម្រេចចិត្តរៀបការ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតែអះអាងថា មិនទាន់មានគម្រោងចេញទៅតាមភរិយា អោយច្បាស់នៅពេលណាទេ ដោយលោកប្រកាសថា ចង់បន្តនៅស្រុកខ្មែរមួយខ្យល់ទៀតសិន។ លោកអោយភរិយា ដែលជាអណិកជនអាមេរិក ត្រលប់ទៅអាមេរិកតែម្នាក់ឯង និងរស់នៅតែម្នាក់ឯងសិន ដោយលោកមិនចាត់ទុកថា ការរស់នៅបែកគ្នាក្រោយរៀបការនេះ នឹងមិនធ្វើអោយទំនាក់ទំនងប្ដីប្រពន្ធលោក ណាយចិត្តពីគ្នាផង។
ពិធីករ សុខ សំណាង បានថ្លែងក្នុងពិធីមង្គលការនៅអគារ WCJK (អតីតពិភពថ្មីក្រោយមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំថា ភរិយារបស់លោកមានឈ្មោះថា “គ្រីស្ទី ស៊ុត” ដោយអ្នកនាងគឺគ្រូពេទ្យម្នាក់ នៅលើទឹកដីសហរដ្ឋអាមេរិក។ គិតមកដល់ពេលវេលារៀបការ លោកថារយៈពេលស្រលាញ់គ្នា គឺមិនក្រោម៣ឆ្នាំនោះទេ ដោយសារតែពន្លកស្នេហ៍របស់លោក បានកើតមានឡើងតាំងពីឆ្នាំ២០១៣។ លោកថារយៈពេលនោះ បើភរិយារបស់លោករត់ច្បាប់ ដើម្បីអោយលោកបានចេញទៅរស់នៅ គឺបានចេញទៅរួចហើយ ប៉ុន្តែមកពីលោកក៍មិនទាន់ចង់ប្រញាប់ ហើយភរិយារបស់លោក និងលោក ក៍ដូចតែមនុស្សចិត្តមួយថ្លើមមួយ តាំងពីមុនរៀបការ ទើបលោកសម្រេចអោយអ្នកនាងរត់ច្បាប់ នៅអំឡុងឆ្នាំក្រោយ ព្រោះចង់បន្តការងារសិល្បៈ និងការងារផ្សេងៗអោយអស់ចិត្តសិន។
លោកថា រវាងលោក និង ភរិយា ទោះនៅឆ្ងាយគ្នា ឬនៅជិតគ្នា មិនខុសគ្នាទេ ដោយលោកបានចាត់ទុកថា ការអោយភរិយាទៅរស់នៅអាមេរិកម្នាក់ឯង ក្រោយពេលរៀបការ នឹងកាន់តែធ្វើអោយជីវិតស្នេហាកាន់តែនឹករលឹកគ្នា។ លោកចង់បន្តការងារសិល្បៈ ដែលចាប់ផ្ដើមឡើងសន្ទុះ អោយបានមួយខ្យល់ទៀតសិន ទើបលោកសម្រេចចិត្តចាកចេញទៅរស់នៅអាមេរិក ដើម្បីអោយការចាកចេញពេលនោះ គឺបានអស់ចិត្ត។
ថ្ងៃមង្គលការនោះ គេឃើញញាតិសន្ដានរបស់ប្រពន្ធមកចូលរួមភាគច្រើន ក្នុងពិធីនេះផង និងមកដើរកម្សាន្តក្នុងស្រុកផង។ លោកអះអាងថា ស្នេហារបស់លោកពេញថ្លើមគ្នា ដោយអត់ខ្វល់រឿងសម្រស់នោះទេ ដោយលោកបានចាត់ទុកថា លោកមានសំណាង ដែលបានអ្នកគ្រូពេទ្យនៅលើទឹកដីអាមេរិក ទទួលយកជាស្វាមីផង។
មិនខុសគ្នាដែរ ភរិយារបស់លោក ក៏បានប្រកាសថា ចង់យកស្វាមីទៅរស់នៅជាមួយអោយបានឆាប់ៗនោះដែរ ប៉ុន្តែមកពីចាំអោយលោកអស់ចិត្ត ជាមួយសិល្បៈសិន ទើបគម្រោងរត់ច្បាប់យកទៅរហូតឆ្នាំក្រោយ។ អ្នកនាងថាខ្លួនបានស្គាល់ស្វាមី ដោយសារតែបានឃើញលោក ពេលអានអានព័ត៌មាន ហើយក្រោយពេលបានស្គាល់លោក ក៍ជាមនុស្សសុភាព និងតស៊ូការងារ ទើបអ្នកនាងពេញចិត្ត ហើយឈានដល់ការរៀបការតែម្ដង។ អ្នកនាងថា ក្រោយពេលរៀបការអ្នកនាង អាចរស់នៅម្នាក់ឯងដូចមុនបាន ប៉ុន្តែបើអោយយូរពេក ក៍ពន្លឿនស្វាមី អោយឆាប់បានទៅរស់នៅជុំគ្នាលើទឹកដីអាមេរិកនោះដែរ៕
មតិយោបល់