កាលពីថ្ងៃទី២ មេសា កប៉ាល់ទេសចរណ៍កម្រិតអន្តរជាតិធំមួយ បានចុះចតនៅរាជធានីភ្នំពេញ ដោយក្នុងកប៉ាល់នេះ ដឹកសុទ្ធតែមន្ត្រីការទូត និងតំណាងប្រទេសប្រមាណ១៣ប្រទេស ដើម្បីស្វែងរកទំនាក់ទំនង និងភាពល្អប្រសើររវាងតំបន់អាសុី-អឺរ៉ុប។ នៅក្នុងពិធីនោះ គេឃើញមានវត្តមានតារាល្បីដូចជា អ្នកនាង ចាន់ ផល្លារ ពិធីការិនី កញ្ញាវីតវីត ពិធីការិនី និង អ្នកនាង ខៀវ សានសាណា ពិធីការនី និងលោក សូខូលជាដើម ដែលតារាទាំងនេះ សុទ្ធតែបង្ហាញការចាប់អារម្មណ៍ ពីជំនួបដ៏សំខាន់មួយនេះ។
អ្នកនាង ចាន់ ផល្លារ និយាយថា គឺជាប្រសើរណាស់ ដែលតំណាងប្រទេសសំខាន់ៗ បើកកិច្ចប្រជុំនិយាយពីអាសុី អឺរ៉ុប ដែលអ្នកនាងយល់ថា ក្រៅស្វែងរកដំណោះស្រាយរួមគ្នាមួយដ៏ល្អ ក៏ជួយអោយតំណាងប្រទេសទាំងនោះ បានស្វែងយល់ពីកម្ពុជាផងដែរ។
លោកស្រី Sara Valdes Bolano តំណាងអ្នករៀបចំកម្មវិធីបានអះអាងថា មូលហេតុនៃការជួបប្រជុំគ្នានេះ គឺដោយសារបណ្ដាប្រទេសអាស៑ាន និង អុឺរ៉ុប ចង់រកដំណោះស្រាយអោយកាន់តែប្រសើរលើវិស័យសេដ្ឋកិច្ច ការទូត បច្ចេកវិទ្យា និង ពាណិជ្ជកម្មជាដើម។ លោកស្រីថា ជំនួបនេះ ជាលើកទីមួយ ហើយត្រូវបានអញ្ជើញច្រើនប្រទេស ប៉ុន្តែបណ្ដាលមកពីតំណាងប្រទេសមួយចំនួន រៀបចំខ្លួនមិនទាន់ ទើបមានតែ១៣ប្រទេសចូលរួម ហើយក្រៅពីការពិភាក្សា ក៏ដូចជាជិះកប៉ាល់ដែលមានកម្រិតអន្តរជាតិនេះ សប្បាយជុំគ្នាផង។
លោក ឡេង ធារិទ្ធ នាយកមជ្ឈមណ្ឌលមេគង្គ ដើម្បីសិក្សាយុទ្ធសាស្ត្រ និងជាអ្នកសម្របសម្រួលកម្មវិធី Asia Europe Straegy នេះ បានអះអាងថា ក្នុងចំណោមអ្នកចូលរួមពិភាក្សាលើទឹក ពេញរយៈពេល៤ថ្ងៃនេះ ក៏មានដំណើរទស្សនីយកម្មដងទន្លេមេគង្គ ដូចជាទៅកម្សាន្ត នៅភ្នំហាន់ជ័យខេត្តកំពង់ចាម និងទៅទស្សនកិច្ចតំបន់ធ្វើក្អមខ្លាំង នៅខេត្តកំពង់ឆ្នាំងជាដើម ដើម្បីអោយកាន់តែស្គាល់ពីតំបន់ទេសចរណ៍មួយចំនួនរបស់កម្ពុជា នៅតាមដងទន្លេ។
ជាលទ្ធផលលោកថា ក្រៅពីទទួលបាននូវដំណោះស្រាយជាច្រើន ពោលគឺយល់គ្នាទៅវិញទៅមក ដោយដឹងពីបញ្ហា និងតម្រូវការនៃប្រទេសនីមួយៗ និងកាន់តែធ្វើអោយមានទំនាក់ទំនងទ្វេរដង រវាងប្រទេសនិងប្រទេស រវាងតំបន់អាស៑ាន និង អុឺរ៉ុប។ គម្រោងនេះ ទើបតែជាលើកទី១ប៉ុណ្ណោះ ប៉ុន្តែឹងធ្វើឆ្នាំក្រោយៗទៀត ដោយគម្រោងលើកក្រោយ អាចនឹងមានការចូលរួមដល់កម្រិតរដ្ឋមន្ត្រី តំណាងប្រទេសនីមួយៗ ដើម្បីអោយលទ្ធផលនៃកិច្ចពិភាក្សាកាន់តែមានប្រសិទ្ធិភាព ក្នុងការយកទៅអនុវត្តន៍ក្រោយកិច្ចប្រជុំ។
នៅក្នុងពិធីនោះក៏មានវត្តមានតារាសិល្បៈ និងអ្នកជំនួញធំៗចូលរួមផងដែរ ខណៈដែលកម្មវិធីនេះ រៀបចំដោយ Terraverde Travel, Incentives និង Events









មតិយោបល់