ព័ត៌មានសិល្បៈ និងកម្សាន្ត

បានដឹងពីកូនប្រុសពៅ លោកវ៉ិចទ័រ ទើបមិនសរសើរមិនបាន

ដ្បិតថាមានក្ដីស្រម៉ៃចង់ក្លាយជាអ្នកបើកបរយន្តហោះ ក៏កូនប្រុសពៅរបស់លោកតាវ៉ិចទ័រ ដែលមានមុខមាត់ និងរូបរាងសង្ហារតាំងពីវ័យទើបតែ១៣ឆ្នាំនាពេលនេះ នៅតែបានប្រឡូកការសម្ដែងជាមួយឪពុករហូតទទួលបាននូវការកោតសរសើរ។ អ្វីដែលគេកាន់តែសរសើរចំពោះតារាវ័យក្មេងរូបនេះមិនដាច់ពីមាត់បន្ថែមទៀត គឺនៅពេលមានមិត្តភក្តិរបស់ប្អូនច្រើននាក់បាននិយាយចេញពីចរឹតរបស់ប្អូន ក្រោយពេលល្បីឈ្មោះជាមួយនឹងការសម្ដែង។

អ្នក​បានសិក្សាជាមួយ វ៉ាន់ គាវីន កូនប្រុសពៅរបស់លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ នៅសាលាចំណេះទូទៅអាមេរិកព្រីដ បានអះអាងថា កូនប្រុសរបស់លោកតាវ៉ិចទ័ររូបនេះ ដ្បិតថានៅក្មេងមែន ប៉ុន្តែចរឹតរបស់គេមិនចាញ់មនុស្សពេញវ័យនោះទេ គឺសុភាពរាបសារ ហើយបើមើលពីការរៀបរឹកគឺមិនខុសពីក្មេងពេញវ័យកំលោះឡើយ។ អ្វីដែលម្នាក់កោតសរសើរ គឺប្អូនក្មេងចិត្តល្អ ដោយហ៊ានចែកចាយសំលៀកបំពាក់ និងស្បែកជើងជាដើម ដែលជារបស់ខ្លួនប្រើទៅអោយមិត្តភក្តិ ជាពិសេសមិត្តភក្តិដែលចង់បានសំលៀកបំពាក់ស្អាតៗរបស់ប្អូន ហើយមិនមានលទ្ធភាពបានទិញនោះផង។ ប្រភពពីអ្នកសិក្សាជាមួយ វ៉ាន់ គាវីន និយាយថា ប្អូនជាមនុស្សចូលចិត្តចែកចាយ ហើយបើទោះជាបានក្លាយខ្លួនជាតារាវ័យក្មេង និងបានល្បីឈ្មោះក្រោយពីត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកចុះផ្សាយព្រោងព្រាតយ៉ាងណាក្ដី ក៏ចរឹតនៃការចែកចាយនេះនៅតែកើតឡើងមាន ដោយអាចនិយាយបានអោយតែរបស់ដែលប្អូនទិញប្រើហើយមានមិត្តភ័ក្រ្តសុំប្រើ គឺមិនយូរនោះទេ ពិតជាអោយទៅអ្នកសុំនោះ។

លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានទទួលស្គាល់ថាកូនប្រុសរបស់លោកពិតជាមានចរឹតបែបនោះ ដោយលោកបញ្ជាក់ថាទោះជាលោកបានហាម ក៏ហាមមិនស្ដាប់ទៀតផង។ លោកកូនប្រុសរបស់លោក តាំងពីធំដឹងក្ដី កម្ររបស់ណាដែលត្រូវមិត្តភ័ក្រ្ត ឬអ្នកស្គាល់គ្នាសុំហើយមិនអោយខ្លាំងណាស់ ដោយប្អូនបានប្រាប់លោកថានោះ គឺជាការចែករំលែកដើម្បីអោយអ្នកនៅជុំវិញខ្លួនមានរបស់ល្អបានប្រើដូចគ្នានឹងប្អូននោះផង។ យ៉ាងណាមិញ លោកបើត្រូវអោយរបស់មានតម្លៃជាប់ខ្លួន ដូចជាសំលៀកបំពាក់ ឬស្បែកជើងល្អៗ ប្អូនក៏បានសុំយោបល់ពីលោកជាឪពុក និងភរិយារបស់លោកផងដែរ ដោយមិនមែនចេះតែអោយចិត្តឯងនោះទេ។ លោកថាកូនប្រុសរបស់លោកកើតមកធ្វើអ្នកចែកចាយតែម្ដង ដោយមិនត្រឹមតែចែកចាយសំលៀកបំពាក់ និងរបស់របរផ្ទាល់ខ្លួនអោយទៅមិត្តភ័ក្រ្តនោះទេ សូម្បីតែពេលទៅស្រុកម្ដងៗគឺតែងតែសុំលោកទិញមីច្រើនកញ្ចប់ ហើយឆុតចែកចាយអ្នកភូមិហូបជុំៗគ្នា ដោយមិនសូវចូលចិត្តធ្វើអីម្នាក់ៗឯងនោះទេ។

លោកតាវ៉ិចរ័រ បានអះអាងថាក្រោយពេលប្អូនប្រុសបានក្លាយជាអ្នកសម្ដែង ហើយទទួលបានកម្រៃពីការសម្ដែងដោយខ្លួនឯងថែមទៀត គឺការចែកចាយបែបនេះរឹតតែកើតមានឡើង តែលោកបញ្ជាក់ថាមិនជំទាស់ចំពោះកូនប្រុសនោះទេ ដោយសារតែទង្វើដែលកូនប្រុសបានធ្វើ គឺមិនខុសពីការចែករំលែក ដែលលោកយល់ថាគឺជាទឹកចិត្តមួយប្រសើរចំពោះមនុស្សដែលប្អូនរាប់អាន។ យ៉ាងណាមិញ លោកថានៅពេលដែលកូនប្រុសពៅចាប់ផ្ដើមចេះគិតបន្តិច លោកនឹងណែនាំអោយដ្បិតដ្បៀតខ្លះ ដើម្បីកុំអោយអោយមនុស្សជុំវិញខ្លួន ដើម្បីអោយស្គាល់ពីតម្លៃនៃការរកបានខ្លះ៕

មតិយោបល់