មកទល់ពេលនេះ ស្ថានភាពជំងឺរបស់តារាកំប្លែងលោកនាយ វីតាមីសេ កាន់តែទ្រុឌទ្រោមច្រើនឡើង ដោយលោកក្រៅពីមិនអាចអង្គុយបានដូចមុន គឺក៏ត្រូវសម្រាកជាប្រចាំនៅពេទ្យហើយដាក់អុកស៊ីហ្សែនផងដែរ។ លោកត្រូវគេឃើញសម្រាកតែនៅពេទ្យខ្មែរ ក្រោមការជ្រោមជ្រែងពីក្រុមគ្រូពេទ្យធីតាច្រើនជាងបង្ហាញខ្លួននៅក្នុងប្រទេសថៃ ទើបមានការលើកឡើងជាច្រើនថាអ្នកនាងប៉េងប៉ោង ក្រោយទទួលបានជំនួយ៥ម៉ឺនដុល្លារ បែរជាមិនយកឪពុកទៅថៃបណ្ដោយអោយលោកចុះខ្សោយសុខភាពជាងមុន ដែលតម្រូវអោយតារាស្រីរូបនេះចេញមុខស្រាយបំភ្លឺ។
អ្នកនាងនិយាយថា អ្នកនាងអន់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីមានការលើកឡើងថាអ្នកនាងតាំងពីបាន៥ម៉ឺនគិតតែផុសរូបដើរលេង ក្នុងពេលដែលអ្នកនាងគ្រាន់តែចេញទៅទទួលការងារនៅខេត្ត ហើយក៏ឆ្លៀតថតរូបនៅកន្លែងស្អាតៗដើម្បីកុំអោយស្មុគពេក។
អ្នកនាងថាក្នុងមួយរយៈពេលចុងក្រោយ លោកនាយវីតាមីនសេ ពិតជានៅព្យាបាលក្នុងស្រុកជាមួយនឹងក្រុមគ្រូពេទ្យដែលជួយព្យាបាលដោយមិនគិតថ្លៃច្រើនជាងបញ្ជូនចេញទៅថៃដូចអ្វីដែលបានកត់សម្គាល់ប្រាកដមែន ប៉ុន្តែបញ្ហាមិនយកទៅថៃនោះ មិនមែនដោយសារកេងជំនួយនោះទេ គឺដោយសារតែស្ថានភាពដុំសាច់ក្នុងថ្លើមរបស់លោក ដែលជាដុំសាច់កាច បានរាលមេរោគដល់សួត និងផ្នែកសំខាន់ៗក្នុងរាងកាយ ដែលការវះកាត់ក៏យឺតពេល ហើយបើទោះថៃក៏ដូចជាយកលុយទៅចោល។
ម្យ៉ាងលោកនាយវីតាមីនសេ មិនអាចធ្វើដំណើរទៅកាន់ប្រទេសថៃចុះឡើងៗបានផង ទើបអ្នកនាងសម្រេចចិត្តទុកឪពុកតែនៅពេទ្យក្នុងស្រុក ដើម្បីបានសល់ថវិកាជំនួយទាំងនោះគ្រាន់ដោះស្រាយតម្រូវការជីវភាព ក្នុងពេលកូនចៅរវល់ព្យាបាលចំពោះលោកវិញ។
អ្នកនាងថាលោកឪពុកកាន់តែទ្រុឌទ្រមខ្លាំងណាស់ក្រោយពីមេរោគដុំសាច់កាន់តែរីករាលដាល ហើយខាងគ្រូពេទ្យទាំងថៃ និងកម្ពុជាសុទ្ធតែផ្ដល់ចម្លើយដូចគ្នា ថាជំងឺនេះមានការវិវត្តន៍ហើយ ទើបអ្នកនាង និងគ្រួសារទាំងមូលទុកអោយលោកព្យាបាលនៅក្នុងស្រុកវិញ ជាជៀងយកលុយទៅបោះចោលនៅប្រទេសថៃមួយលើកៗ ដែលអ្នកនាងប្រាប់ថាអស់ដល់រាប់ពាន់ដុល្លារ គ្រាន់តែការសម្រាក និងថ្លៃឡើងចុះ។
អ្នកនាងប៉េងប៉ោង បង្ហាញប្រតិកម្មចំពោះអ្នករិះគន់ ដែលគ្រាន់តែអ្នកនាងផុសរូបសប្បាយៗ ក្នុងពេលទៅសម្ដែងនៅខេត្ត ស្របគ្នានឹងការលើកឡើងថាអ្នកនាងតាំងពីបានលុយ៥ម៉ឺន គឺក្រៅពីមិនយកទៅព្យាបាលឪពុក ក៏គិតតែសប្បាយដើរលេងបង្ហោះរូប។
អ្នកនាងថាទោះជាខ្លួនមានឪពុកឈឺមួយជ្រងរ តែមិនអាចយំសោកបោកខ្លួននៅគ្រប់ពេលវេលានោះទេ ដាច់ខាតត្រូវតែមាននូវស្នាមញញឹមមួយចំនួនដោយជៀសមិនផុត ក្នុងពេលដែលអ្នកនាងប្រាប់ថាការសើចនៅក្នុងរូបថត ក៏មិនមែនមិនខ្វល់ពីឪពុកដូចការលើកឡើង។ អ្នកនាងបញ្ជាក់ថា ស្ទើរជារៀងរាល់ថ្ងៃ អ្នកនាង និងស្វាមី ដកខ្លួនពីលោកនាយវីតាមីនសេអត់កើតនោះទេ ដោយត្រូវមើលថែឪពុក និងត្រូវគិតពីម្ដាយចាស់ទៀត ទើបតម្រូវអោយអ្នកនាងកាន់តែមិនអាចយកជំនួយដែលបានទទួលនោះ យកទៅចោលនៅប្រទេសថៃ នៅក្នុងស្ថានភាពដែលជំងឺឪពុកត្រូវបានអ្នកជំនាញថាយកទៅថៃអស់លុយពីខ្លួន និងនៅព្យាបាលក្នុងស្រុកក៏មានលទ្ធផលមិនខុសគ្នា។
អ្នកនាងថាលុយ និងជីវិតឪពុកគឺអ្នកនាងសុខចិត្តយកជីវិតអ្នកមានគុណគឺមិនសុខចិត្តទុកលុយទេ ប៉ុន្តែអ្នកនាងក៏មិនអាចយកលុយទៅបោះចោលទាំងដឹងថាអត់មានលទ្ធផល ហើយចុងក្រោយគឺឪពុកក៏បាត់ ជីវភាពក៏ដុនដាបព្រោះតែអស់ទាំងជំនួយ អស់ទាំងផ្ទះសម្បែងនោះទេ។ អ្នកនាងថាលោកវីតាមីនសេ ស្ថិតនៅក្នុងពេទ្យជាប្រចាំ ដោយបានត្រលប់មកផ្ទះតែពេលសុំពេទ្យមកធ្វើសង្ឃទាន ហើយក្រោយពេលរួចរាល់ក៏ត្រូវបញ្ជូនទៅវិញ ដើម្បីការពារពេលលោកធ្វើទុក្ខគឺមានឧបករណ៍សង្គ្រោះគ្រប់គ្រាន់៕
មតិយោបល់