ព័ត៌មានសិល្បៈ និងកម្សាន្ត

​ពិធីករ Ricky ប្រកាសមិនប៉ែងជើងគូប្រជែង ក្នុងសិល្បៈ

បន្ទាប់ពីបានវិវត្តន៍ខ្លួនក្លាយជាតារាចម្រៀងបន្ថែមពីលើអាជីពពិធីករ លោក Ricky បានអះអាងថា លោកគ្មានបំណងប្រកួតប្រជែងជាមួយអ្នកណាម្នាក់នោះទេ បើទោះជាបទនិពន្ធថ្មីរបស់លោក ត្រូវគេកត់សម្គាល់ថា មានការគាំទ្រគួរឲ្យសរសើរ ដែលធ្វើឲ្យមានការលើកឡើងថា លោកចង់ប្រជែងទីផ្សារគូប្រជែង ទើបខំផលិតចម្រៀង។ លោកថាការវិវត្តន៍ខ្លួនធ្វើជាតារាចម្រៀង គឺគ្រាន់ចង់ទទួលបទពិសោធថ្មី និងចង់ឲ្យទទួលបាននូវការគាំទ្រមួយខ្ពស់ប៉ុណ្ណោះ ប៉ុន្តែបើចង់ប៉ែងជើងអ្នកនេះ ឬ អ្នកនោះ នោះឡើយ។

លោក Ricky និយាយថា ដោយសារតែការស្រលាញ់តែប៉ុណ្ណោះ ទើបលោកសុខចិត្ដចំណាយអស់ប្រាក់ជាច្រើន តែលោកកាន់សប្បាយចិត្ត បន្ទាប់ពីបទ«កកាកិកី» ដែលលោកទើបតែបានបង្ហោះឡើង ទទួលបាននូវការគាំទ្រ។ លោកថា ខ្លួនគឺជាអតីតកីឡាប្រដាល់ និងជាគ្រូបង្វិកផ្នែកប្រដាល់ ប៉ុន្តែមកពីលោកក៏ចូលចិត្តអាជីចម្រៀង ទើបលោកប្រឹងប្រែងផលិតបទចម្រៀងជាសំលេងរបស់ខ្លួន ដោយក្រៅពីចេញបទចម្រៀង Original ក៏ចេញបទចម្រៀងជាទំនុកភ្លេង និងចម្រៀងចាស់ៗផងដែរ ដើម្បីបង្ហាញពីសមត្ថភាពសំលេងរបស់ខ្លួន។ លោកត្រូវគេស្គាល់ច្រើនក្នុងបទចម្រៀង«ផ្ញើរសង្សារផង» ដោយក្នុងពេលនេះ ក៏កំពុងលោតក្នុងបទ«កកាកិកី» ដែលជាបទសប្បាយៗ ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

លោក Ricky បញ្ជាក់ថា កន្លងមកលោកមានបទចម្រៀងផ្ទាល់ខ្លួនមួយចំនួនរួចមកហើយ ប៉ុន្ដែបទភាគច្រើនគឺជាបទប្រភេទមនោសញ្ចេតនាប៉ុណ្ណោះ ប៉ុន្តែលើកនេះលោកចង់ធ្វើកុំឲ្យច្រំដែល និងដើម្បីបានរាំកម្សាន្តផង ទើបសម្រេចផលិតបទចម្រៀងទំនុកច្រៀងថ្មី និងសាច់ភ្លេងថ្មី ដោយដាក់ចំណងជើងថា”កកាកិកី” ដើម្បីឲ្យប្លែកត្រចៀក។ យ៉ាងមិញលោកនៅតែអះអាងមិនមានបំណងប្រជែងអ្នកណាយកល្បីនោះទេ ក្រៅតែពីចង់រួមចំណែកធ្វើបទថ្មីៗ ឲ្យគេស្គាល់ច្រើន។ លោកថាបទចម្រៀង”កកាកិកី” មានបំណងដាស់អារម្មណ៍អ្នកស្ដាប់ដែលមានវ័យកណ្ដាលឱ្យនឹកឃើញដល់ទិដ្ឋភាពអតីតកាលកាលរៀនដំបូង ទើបធ្វើឲ្យបទចម្រៀងនេះ ត្រូវបាននិពន្ធឡើង។ ម្យាងមកពីចង់ឲ្យអ្នកស្ដាប់រំលឹកពីព្យញ្ជនៈខ្មែរ គឺកកាកិកីផង ទើបលោករំពឹងវម្រៀងបទនេះ នឹងក្លាយជាចំណាប់អារម្មណ៍ ពិសេសក្រោយការចេញជាMV៕

មតិយោបល់