ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌចំការមន សម្តែងការសោកស្តាយដែលតំណាងអយ្យការព្យាយាមជួយចោរ ជាជាងគិតពីការខិតខំរបស់ពួកគាត់

ភ្នំពេញៈ យ៉ាងហោចណាស់ មានមុខសញ្ញាចោរឆក់ប្លន់សកម្ម ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួនបាន និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់ ដោយបានសន្និដ្ឋានថា បានប្រព្រឹត្តអំពើ លួចមានស្ថានទម្ងន់ទោស។

ប៉ុន្តែក្រោយពីទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រះរាជអាជ្ញារងកាន់សំណុំរឿង បែបជា សម្រេចកែប្រែ ការសន្និដ្ឋានរបស់នគរបាលយុត្តិធម៌ ពីបទ លួចមានស្ថានទម្ងន់ទោស ទៅជាបទ លួច ធម្មតាវិញ ពោលគឺជួយសម្រាលបទចោទដល់ជនសង្ស័យ នេះបើតាមការលើកឡើងរបស់សមត្ថកិច្ចខណ្ឌចំការមន។

ប្រភពបានបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ លោកព្រះរាជអាជ្ញារង កុល បុន បានសម្រេចកែប្រែ ការសន្និដ្ឋាន របស់សមត្ថកិច្ច ដែលបានចោទប្រកាន់លើឈ្មោះ ហេង លី ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ពីបទ លួចមានស្ថានទម្ងន់ទោស (ប្លន់) ទៅជាបទ លួច ធម្មតាវិញ។

ចំណែកកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ លោកព្រះរាជអាជ្ញារង ចែ សុង ក៏បានកែប្រែ ការសន្និដ្ឋានរបស់សមត្ថកិច្ចដែលបានចោទប្រកាន់លើជនត្រូវចោទ២នាក់ ទី១ ឈ្មោះ ឃឹម គីមឆុង ភេទប្រុស និងទី២ឈ្មោះ ហឿន សីហា ហៅ ដូច ភេទប្រុស ពីបទ លួចមានស្ថានទម្ងន់ទោស (ប្លន់) ទៅជាបទ លួច ធម្មតាវិញផងដែរ។

សមត្ថកិច្ចខណ្ឌចំការមន បានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ហេង លី គឺជាមុខសញ្ញាឆក់ ប្លន់សកម្មក្នុងទឹកដីខណ្ឌចំការមន និងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយពីរូបគេធ្វើសកម្មភាពឆក់កាបូប ជនជាតិអង់គ្លេសម្នាក់ឈ្មោះ GARY SMITH មិនបានសម្រេច។

ចំណែកជនត្រូវចោទជាមុខសញ្ញាចោរឆក់ និងប្លន់២នាក់ទៀត ទី១ ឈ្មោះ ឃឹម គីមឆុង ភេទប្រុស និងទី២ឈ្មោះ ហឿន សីហា ហៅ ដូច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ក្រោយពីពួកគេបានធ្វើសកម្មភាពឆក់កាបូបរបស់នារីរងគ្រោះម្នាក់នៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

ប្រភពពីសមត្ថកិច្ច បានបង្ហើបថា ការច្រានចោលសេចក្តីសន្និដ្ឋាន របស់សមត្ថកិច្ច ដែលចោទប្រកាន់លើជនត្រូវចោទទាំង ៣នាក់ខាងលើ មិនមែនចេះតែធ្វើៗទៅបាននោះទេ គឺដោយមានកិច្ចសហការយ៉ាងល្អ ក្នុងការប្រឹក្សាយោបល់ និងការបន្ថែមនូវភស្តុតាងយ៉ាងរឹងមាំបំផុតផ្សេងៗ ទៀតរបស់មេធាវីការពារសិទ្ធិឱ្យក្រុមជនត្រូវចោទ។

សមត្ថកិច្ច បានថ្លែងដោយការខកចិត្តថា ពួកគាត់គ្មានសិទ្ធិបញ្ជាឱ្យតុលាការសម្រេច ចោទប្រកាន់លើជនសង្ស័យយ៉ាងនោះទេ ប៉ុន្តែតុលាការគួរតែពិចារណាខ្លះផងនៅពេលដែលចង់កែប្រែសេចក្តីសន្និដ្ឋានរបស់សមត្ថកិច្ច ដែលបានចោទប្រកាន់លើក្រុមចោរឆក់ ចោរប្លន់ ពីធ្ងន់មកស្រាល ព្រោះអ្នកដែលរងគ្រោះគឺជាប្រជាពលរដ្ឋស្លូតត្រង់ រកស៊ីសុច្ចរិត ចំណែកអ្នកដែលហត់នឿយ និងត្រូវពលរដ្ឋរិះគន់ ពេលខ្លះរហូតដល់ជេរប្រមាថផង ខណៈមានសកម្មភាពចោរឆក់ប្លន់ពលរដ្ឋម្តងៗ គឺនគរបាលមូលដ្ឋាន ដែលប្រឹងទាំងយប់ទាំងថ្ងៃហើយនៅតែខុស។

ពួកគាត់លើកឡើងថា កិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ ទាំងយប់ទាំងថ្ងៃដើម្បីកំចាត់ចោរ ដោយគោរពតាមការច្បាប់ និងអនុវត្តតាមបទបញ្ជារបស់ សម្តេច ស ខេង និងសម្តេច ហ៊ុន សែន បែរជាត្រូវអស់ន័យខ្លឹមសារ ដោយសារតែឆន្ទានុសិទ្ធិរបស់តុលាការបែបនេះទៅវិញ។

ម្យ៉ាងទៀតការសម្រេចរបស់តុលាការបែបនេះហាក់ បង្ហាញថា នគរបាលយុត្តិធម៌ កសាងសំណុំរឿងមកខុសច្បាប់ទៅវិញ។

បើយោងតាមមាត្រា ៣៥៧ បានចែងថា អំពើលួចមានស្ថានទម្ងន់ទោស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ពី៣ឆ្នាំ ទៅ១០ឆ្នាំ។

ចំណែកមាត្រា ៣៥៦ បានចែងថា អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៦លានរៀល។

ពាក់ព័ន្ធមូលហេតុ ដែលតំណាងអយ្យការ ២រូបសម្រេចកែប្រែបទចោទលើជនត្រូវចោទទាំង ៣នាក់ខាងលើនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្លើយតបតាម គ្រុប Telegram ថា
“ខ្ញុំគ្រាន់តែចង់ជម្រាបជូនបន្ថែមថា អយ្យការជាស្ថាប័នដែលជាម្ចាស់បណ្តឹងអាជ្ញា និងសម្រេចចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដោយពិនិត្យ និងពិចារណាតាមអង្គហេតុនិងអង្គច្បាប់”៕
https://youtu.be/Y6a8PMn-htM

មតិយោបល់