ព័ត៌មានសិល្បៈ និងកម្សាន្ត

ដួង ម៉ានិច ធ្វើអោយ សុគន្ធ ដេវីដ ឆ្លើយរឿងដ៏អាម៉ាស់ នៅប៉ុស្ដិ៍លេខ៥

ក្នុងការបង្ហាញខ្លួនរាំច្រៀងនៅប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធី«TV5 Carabao Spark Concert » កាលពីថ្ងៃទី១៧ មីនា តារាចម្រៀងលោក សុគន្ធ ដេវីដ បានយកតារាសម្ដែងកញ្ញា ដួង ម៉ានិច ទៅរាំកញ្ជ្រោលលើឆាកក្នុងបទចម្រៀងរបស់ខ្លួនយ៉ាងប្លែកភ្នែក ក្នុងពេលដែលក្នុងតារាកម្មវិធីនោះ មិនមានបញ្ជាក់ថានឹងមានវត្តមានតារាស្រីរូបនេះមកចូលរួមផង។ យ៉ាងណាមិញ នៅពេលបញ្ចប់ការសម្ដែងហើយមានការស្នើសម្ភាសន៍ពីក្រុមអ្នកកាសែត តារាសម្ដែងដួង ម៉ានិច្ច បែរជាសួរលោកមួយសំណួរឡើងចុកតែម្ដង ដោយសូម្បីតែអ្នកកាសែតក៏សឹងនឹងស្រឡាំងកាំងជំនួស។

កិច្ចសម្ភាសន៍នៅក្នុងថ្ងៃនោះ បានសួរនាំជាច្រើនជុំវិញមូលហេតុដែលលោកសុគន្ធ ដេវីដ ឡើងច្រៀងបទចម្រៀងនិពន្ធថ្មីរបស់ខ្លួន ហើយថាហេតុអ្វីជ្រើសយកកញ្ញា ដួង ម៉ានិច្ច អោយធ្វើជាដៃគូជាមួយ។ អមដោយចម្លើយជាច្រើនដែលនាំអោយអ្នកកាសែតអស់ចម្ងល់ អ្នកកាសែតក៏បានបន្តចំណោទផងដែរ ថារវាងអ្នកទាំងពីរបើចាប់ដៃគូលើកក្រោយៗច្រើនដងបន្ថែមទៀត តើអាចនឹងមានដំណឹងស្នេហា ឬមិនអាចស្រាប់តែនាងប្រកាសប្រាប់ថាមិនអាចនោះទេ ហើយបានទាំងងាកទៅសួរលោក សុគន្ធ ដេវីដ វិញថា តើលោកសុគន្ធ ដេវីដ ស៊ីប្រុសដែរទេ ព្រោះថាកញ្ញាធ្លាប់ឮមកជាច្រើនថា លោកស៊ីប្រុស នៅក្នុងសង្គមសិល្បៈ។

កញ្ញានិយាយថា«ឥឡូវដោយសារអ្នកកាសែតសួរពីរឿង (អាចក្លាយជាដៃគូស្នេហា)ហ្នឹងទៅហើយ ចឹងខ្ញុំសុំសួរជំនួសអ្នកកាសែតតែម្ដង កុំអោយអ្នកកាសែតសួរទាន់ ចង់សួរថាលោក សុគន្ធ ដេវីដ ស្រឡាញ់ប្រុសអស់ ព្រោះនាងខ្ញុំឮគេនិយាយច្រើនថាលោកស្រលាញ់ប្រុសទេ!»។ មួយសំណួររបស់កញ្ញា ធ្វើអោយអ្នកកាសែត និងសមីខ្លួន ភ្ញាក់ព្រឺតភាំងមួយខ្សល់ ប៉ុន្តែក៏បានទទួលការបកស្រាយពីលោកសុគន្ធ ដេវីដ តបនឹងសំណួររបស់នាងជំនួសអោយអ្នកកាសែតផងដែរ។ លោកសុគន្ធ ដេវីដ និយាយថា លោកមិនដែលមានទំនាក់ទំនងជាមួយបុរសណានោះទេ ដោយលោកចាត់ទុកថាការលាបពណ៌ថាលោកស្រឡាញ់ប្រុស និងមានទំនាក់ទំនងជាមួយប្រុសនេះឬប្រុសនោះនាពេលកន្លងមក គឺការបង្ខូចឈ្មោះ និងកើតចេញពីការប៉ាន់ស្មានមិនសមហេតុផលប៉ុណ្ណោះ។ យ៉ាងណាមិញ លោកថាខ្លួនមិនទាន់រកឃើញសង្សារជានារីនោះទេ ដោយសារតែលោករវល់នឹងការងារសិល្បៈខ្លាំងពេក ហើយមិនទាន់ចង់គិត។ លោកថាក្រោយការដៅសំណួររបស់កញ្ញា ដួង ម៉ានិច្ច នេះ នឹងមានមនុស្សឈប់គិតអកុសលចំពោះខ្លួន ប៉ុន្តែលោកក៏មិនអាចបិទមាត់ក្រុមមនុស្សទាំងនោះអោយមើលមកលោកក្នុងផ្លូវអាក្រក់បានដែរ ខណៈដែលលោកបានប្រកាសយ៉ាងខ្លីថា អត់ខ្វល់៕

មតិយោបល់