ថ្វីដ្បិតតែមើលទៅស្រគត់ស្រគំ និងចូលចិត្តបង្ហាញខ្លួនក្នុងស្ទីលសុភាពរមទម្យក៏ពិតមែន ប៉ុន្តែតារាសម្ដែង កញ្ញា សុខ ស្រីម៉ុច បានអះអាងថាកញ្ញាចូលចិត្តសម្ដែងតួកាចឆ្នាស់ឆ្នើម និងតួចស៊ិចស៊ីមិនញញើតកញ្ចក់កាមេរ៉ានោះទេ ដោយសារតែនាងយល់ថាក្នុងនាមជាអ្នកសិល្បៈគឺត្រូវធ្វើអោយគ្រប់រសជាតិ ដោយមិនអាចចេះតែមួយមុខកើតទេ។
កញ្ញាប្រកាសទទួលសម្ដែងស៊ិចស៊ី និងឈុតស្នេហារោលរាល អោយផ្អើលតារាសិល្បៈ សំខាន់អោយតែក្រុមផលិតករទាក់ទងអោយនាងសម្ដែង។
ក្នុងកម្មវិធីថតចូលឆ្នាំរបស់ប៉ុស្ដិ៍លេខ៩ កញ្ញាសុខ ស្រីម៉ុច បានអះអាងថាតាំងពីចូលសិល្បៈ កញ្ញាបានសម្ដែងជាតួស្លូតច្រើនរឿងមកហើយ ដោយទើបតែបានសម្ដែងជាតួឆ្នាស់ឆ្នើមបានមួយរឿងប៉ុណ្ណោះ ប៉ុន្តែនាងហាក់ជាប់ចិត្ត និងចង់ទទួលសម្ដែងជាតួបែបនេះអោយបានកាត់តែច្រើន ដោយអ្វីដែលនាងកាន់តែចង់សម្ដែងទៅទៀត គឺឈុតស៊ិចស៊ី និងស្នេហារោលរាលនោះតែម្ដង។ នាងថាការពិតការសម្ដែងក្នុងឈុតស៊ិចស៊ី អ្នកទស្សនាដឹងត្រឹមតែតួអង្គស្រីបានស្រាត និងចំហរល្វែងនេះល្វែងនោះ ប៉ុន្តែមិនបានដឹងថានោះជាការប្រើប្រាស់បច្ចេកទេស ដោយគេបិទដោយកន្សែង ឬដោយក្រណាត់មួយផ្សេង ដែលមានន័យថាតួប្រុសដែលថតជាមួយ និងអ្នកកាមេរ៉ា មិនបានចំណេញភ្នែកប៉ុណ្ណោះទើបនាងយល់ថាបើមានការតម្រូវបែបនោះ គឺនាងមិនខ្លាចថត។
នាងនិយាយថា«សម្រាប់ខ្ញុំឈុតស៊ិចស៊ីរោលរាលអីហ្នឹង ដូចជាមិនគួរខ្លាចទេ ព្រោះការពិតខ្ញុំឃើញគេថតផ្ទាល់ហើយ គឺគេមានបច្ចេកទេសបិទដោយកន្សែងនៅពេលថតឃើញតួស្រីចំហរខ្នងដូចដោះអាវ និងដូចជាឈុតជ្រុះកន្សែងដូចស្រាតអីជាដើម គឺការពិតគេមានកន្សែងមួយផ្សេងទៀតបិទបាំងនោះទេ!»។ នាងថាខ្លួនពេញចិត្តទទួលថតបែបនោះ ដោយមិនខ្លាចមានការរិះគន់នោះទេ ប៉ុន្តែក៏ត្រូវតែប្រាកដថានោះជាឈុតដែលអាចថតបានដោយប្រើបច្ចេកទេសបិទដោយកន្សែង ឬបិទដោយអ្វីផ្សេង ដោយមិនស្រាតមែនទែន ឬមិនចំហរល្វែងណាមួយមែនទែននោះផងដែរ។ កញ្ញាបានកុងត្រាថតចំនួន២រឿងរួចហើយសម្រាប់ឆ្នាំ២០១៨នេះ ដោយគម្រោងនឹងទទួលការថតបន្ថែមទៀត ដោយនាងប្រកាសថាបើបានគេហៅថតស៊ិចស៊ី និងស្នេហារោលរាល គឺនាងនឹងថតដើម្បីអោយមហាជនបានប្លែកភ្នែកម្ដង។
សុខ ស្រីម៉ុច បន្តថាមួយរយៈដែលនាងមិនសូវបានទទួលសម្ដែង គឺនាងរវល់នឹងការលក់ដូរផលិតផលលើអនឡាញ និងការដឹកជញ្ជូនអោយភ្ញៀវ ប៉ុន្តែពេលនេះនាងរកបានអ្នកជំនួសដៃជើងបានហើយ ទើបនាងប្រកាសទទួលសម្ដែងអោយស៊ប់ឡើងវិញ ដោយក្រៅពីសម្ដែងភាពយន្តភាគអោយទូរទស្សន៍២ហើយ ក៏បើកបេះដូងទទួលថតក្នុងប្លង់ស៊ិចស៊ី និងស្នេហារោលរាលផងដែរ ដើម្បីកុំអោយមហាជនជ្រិញភ្នែក ព្រោះតែឃើញនាងថតតែរឿងជាតួឆ្នាស់ និងជាតួស្រគត់ស្រគត់ដដែលពេក។
ក្នុងនោះក៏ប្រកាសទទួលឡើងច្រៀងលើឆាកតន្ត្រីមិនអោយចាញ់តារាចម្រៀងអាជីពផងដែរ ដោយសារតែក្រៅពីជាតារាសម្ដែង គឺនាងក៏ជាតារាចម្រៀងមួយរូប។ នាងថាបើអាចទៅរួចនាងនឹងចេញបទចម្រៀងជារបស់ផ្ទាល់ខ្លួន តែក៏ប្រហែលជារង់ចាំអោយដាច់ឆ្នាំ ឬកៀកៗនោះដែរ ដោយសារតែនាងរវល់រឿងជំនួញ និងចង់ចាប់តែអាជីពសម្ដែងអោយល្អសិន៕
មតិយោបល់