កាលពីថ្ងៃទី១៩ មីនា ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៩ បានរៀបចំថតកម្មវិធីចូលឆ្នាំដោយមានតារាចាស់ក្មេងជាច្រើនបង្ហាញខ្លួនយ៉ាងច្រើនកុះករ នៅវត្តប្រជុំសាគរនៅត្រើយម្ខាងជិតអូតែលសុខាភ្នំពេញ។ យ៉ាងណាមិញ នៅក្នុងសកម្មភាពរាំច្រៀងនោះ គេសម្គាល់ឃើញមិនថាតារាចម្រៀង និងតារាសម្ដែង ដោយរាប់ទាំងតារាជើងចាស់មួយចំនួន រាំមិនសូវត្រូវចង្វាក់របស់ខ្មែរនោះទេ ដោយសកម្មភាពរាំគឺរាំមិនសូវសង់តង់គ្នានោះផង ដែលបញ្ហានេះបានធ្វើអោយមានការរិះគន់យ៉ាងខ្លាំងពីក្រុមផលិតករ ក្រុមអ្នកដឹក និងអ្នកឈរមើលដោយផ្ទាល់ ដោយសារតែអ្នកសិល្បៈតំណាងអោយព្រលឹងជាតិ ដែលគួររតែច្បាស់លើចង្វាក់របស់ជាតិទាំងនេះ ដើម្បីបង្ហាញអោយឃើញនូវសម្រស់ និងភាពរស់រវើកក្នុងឱកាសចូលឆ្នាំ អោយសមជាទំពាំងរបស់អ្នកសិល្បៈជំនាន់ដើម។
សកម្មភាពថតចូលឆ្នាំដែលបានធ្វើឡើងពេញមួយថ្ងៃ ហើយបន្តដល់យប់ ព្រោះតែសកម្មភាពថតមិនសូវរលូនដូចការគ្រោងទុកនោះ គឺដោយសារតែតារាមួយចំនួន ត្រូវគេសម្គាល់ថាមានតែដុងច្រៀង ឬស្អាតតែមួយមុខ ប៉ុន្តែដល់ពេលចូលរាំអ្នកខ្លះគឺរាំលើកដៃលើកជើង មិនត្រូវនឹងចង្វាក់របស់ខ្មែរផង។ តារាជើងចាស់ និងតារារៀមច្បង បានហៅលទ្ធផលមិនសូវចេះរាំពីតារាក្មេងៗ ដោយមានទាំងតារាចាស់ៗមួយចំនួននោះថា គឺដោយសារតែបណ្ដាផលិតកម្មក្រៅប្រទេសលែងមានសកម្មភាពថតMV ចេញលក់សម្រាប់ចូលឆ្នាំគគ្រឹកគគ្រេងដូចមុន ស្របគ្នាដែលតារាទាំងនោះហាក់មិនសូវចាប់អារម្មណ៍នឹងចង្វាក់ប្រពៃណី និងដោយសារតែវត្តមានបទចម្រៀងបែកស្លុយ ដែលតម្រូវអោយផលិតកម្មធំៗទាំងអស់ផលិតតែបទរាំប្លែកៗរបៀបបែកស្លុយច្រើនជាង ដែលនាំអោយសកម្មភាពផលិតបទប្រពៃណីថយចុះ។ គាប់ជួនជាតារាថ្មីៗភាគច្រើន ត្រូវគេដឹងថាបានចូលសិល្បៈដោយមិនឆ្លងកាត់ការបណ្ដុះបណ្ដាលក្នុងក្លឹបអោយត្រឹមត្រូវដូចជំនាន់មុនផង ទើបរឹតតែធ្វើអោយតារាថ្មីទាំងនោះមិនសូវយល់ដឹងពីចង្វាក់ប្រពៃណីខ្មែរ ដែលនាំអោយសកម្មភាពថតអបអរចូលឆ្នាំម្ដង គឺអ្នកដឹកវិលមុខនឹងរឿងតារាដែលចូលរួមជួយរាំមិនសូវបានល្អ។ ក្នុងនោះការតុបតែងខ្លួន និងស្លៀកពាក់អោយត្រូវបរិបទបែបប្រពៃណីខ្មែរក៏នៅភ្លៀវមួយចំនួនផងដែរ ទើបធ្វើអោយសម្រស់ក្នុងពេលរាំជាក្រុមរបស់តារាសិល្បៈនាពេលចុងក្រោយមិនសូវរស់រវើកដូចតារាសិល្បៈមុនជំនាន់មានចង្វាក់បែកស្លុយលេចឡើង។ យ៉ាងណាមិញ គេកត់សម្គាល់តារាដែលមានគ្រឹះផ្នែកចង្វាក់ប្រពៃណីខ្មែរ ក៏បានបញ្ចេញសកម្មភាពរាំរែកបានល្អនាថ្ងៃនោះ ដោយគ្រាន់តែការរាំលាយលំជាមួយតារាដែលមិនសូវស្ទាត់ចង្វាក់ និងរាំមិនសូវសង់តង់ ហាក់មិនធ្វើអោយលេចធ្លោរក្នុងក្រសែភ្នែកអ្នកទស្សនា។
លោក ខេន វណ្ណាថាត់ អ្នករៀបចំកម្មវិធីថតសកម្មភាពចូលឆ្នាំប្រចាំប៉ុស្ដិ៍លេខ៩នោះ បានអះអាងថា បើទោះជាមានតារាមួយចំនួននៅរាំមិនទាន់បានល្អសម្រាប់បទចម្រៀងជាចង្វាក់ប្រពៃណី ប៉ុន្តែផ្អែកតាមចូលរួមគឺតារាទាំងនោះបានស្វែងយល់ច្រើនពីចង្វាក់ជាតិរបស់ខ្លួន ដោយលោកយល់ថានោះជាលើកស្ទួយ និងធ្វើអោយតារាដែលស្ទើរចង្វាក់ទាំងនោះកាន់តែមានការយល់ដឹងផង។ លោកថាតារាដែលបានចូលរួមរាំរែក និងច្រៀងសម្រាប់អបអរក្នុងឱកាសបុណ្យចូលឆ្នាំនោះ មានការចូលរួមច្រើនក្រុមក្រោយការអញ្ជើញរបស់ប៉ុស្ដិ៍លេខ៩ ដោយនៅក្នុងនោះមកពី«គ្រួសារតារាកម្ពុជា»មានរហូតដល់ជាង៤០រូប និងក្រៅពីនោះគឺមកពីក្រុមផ្សេងៗដែល ប៉ុស្ដិ៍លេខ៩បានអញ្ជើញមក។
លោកថា សកម្មភាពរាំរែកនេះនឹងប្រើសម្រាប់ចាក់ផ្សាយក្នុងថ្ងៃចូលឆ្នាំ ហើយលោកក៏បើកកម្មវិធីដែលមានទម្រង់លើកកម្ពស់ចង្វាក់ប្រពៃណី និងល្បែងប្រជាប្រិយបែបនេះអោយបានកាន់តែធំ សម្រាប់ឱកាសឆ្នាំក្រោយៗផងដែរ៕
មតិយោបល់