បន្ទាប់ពីសម្ដែងរួមគ្នាក្នុងរឿង «បិសាចគួរអោយស្រឡាញ់» របស់ទូរទស្សន៍ហង្សមាស ត្រូវគេកត់សម្គាល់ថាទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីឈុតឆាកដែលបានដាក់ផ្សាយជាសាធារណៈនោះ ត្រូវបានកាត់បង្ហោះនៅលើបណ្ដាញយូធូប ហើយមានអ្នកចែកចាយ និងគាំទ្រយ៉ាងលើសលប់។ ឈុតរបស់អ្នកនាង ខាត់ សុឃីម កុងនឹងពេជ្រ សោភា ត្រូវគេកត់សម្គាល់ដោយឡែកថា ត្រូវគេយកទៅបង្ហោះ ដែលធ្វើអោយឈុតកាច់កុងគ្នារបស់អ្នកទាំងពីរកាន់តែមានអ្នកចូលទស្សានច្រើននោះផង។
អ្នកនាងខាត់ សុឃីម ត្រូវគេឃើញសម្ដែងកាចសាហាវឡើងម៉ាកប់តែម្ដង ខណៈដែលពេជ្រ សោភាក៏សម្ដែងជាតួស្លូតបូត ហើយត្រូវបានធ្វើបាបផ្លូវចិត្តដោយអ្នកនាងខាត់ សុឃីម ម្ដងហើយម្ដងទៀត។ មកទល់ពេលនេះឈុតរបស់អ្នកទាំងពីរឈ្លោះ កាន់តែកក្រើកនៅលើយូធូប រហូតធ្វើអោយអ្នកគាំទ្រទាំងពីរប្រើពេលចែករំលែក អមដោយការបង្ហោះថាអ្នកទាំងពីរពិតជាសម្ដែងសមគ្មាន២ផង។
នេះជាការសម្ដែងបើកឆាករបស់អ្នកនាង ខាត់ សុឃីម បន្ទាប់ពីបានផ្អាកអស់ច្រើនឆ្នាំ ហើយក៏ជាឆាកសម្ដែងថ្មីសន្លាងរបស់អ្នកនាងពេជ្រ សោភា ផងដែរ ទើបម្នាក់ៗមានការចាប់អារម្មណ៍ គ្រាន់តែបានឃើញថាអ្នកទាំងពីរចេញសម្ដែងរឿង។ អ្នកនាងបានសារភាពថា នៅក្នុងភាពយន្តនេះ អ្នកនាងសម្ដែងឆ្នាស់ឡើងកប់តែម្ដង ហើយក៏អ្នកនាងសប្បាយចិត្តដែរ ដែលរឿងទាំងមូលត្រូវគេស្គាល់អ្នកនាងថាបានសម្ដែងរឿងនេះ និងថាអ្នកសម្ដែងកាចមុតៗ ហើយធ្វើអោយអ្នកទស្សនាចូលតួស្អប់ពេកបានទស្សនា។ អ្នកនាងថាអ្នកឃើញអ្នកនាងទៅណាមកណា មិនមានអ្នកណាស្អប់តាមការសម្ដែងក្នុងរឿងនោះទេ ដោយសារតែគេបានដឹងគ្រប់គ្នាថា អ្នកនាងគឺជាតារាដែលមានចរិតរួសរាយរាក់ទាក់ ដោយមិនដែលកំណាញ់នូវស្នាមញញឹម និងការដាក់ខ្លួនចំពោះបុគ្គលដែលបានជួបអ្នកនាង។ អ្នកនាងប្រាប់ថាមួយឈុតៗដែលបានសម្ដែងឡើង គឺអ្នកនាង និងតួស្រីគឺអ្នកនាង ពេជ្រ សោភា ជាគូជម្លោះស៊ីសាច់ហុតឈាមតែម្ដង ដោយមានឈុតខ្លះក៏មានការឌឺដង និងតិះដៀលគ្នាយ៉ាងចាស់ដៃផង។ អ្នកនាងថាទម្រាំតែថតបានចប់មួយឈុតៗ គឺអ្នកនាងអស់សំណើចខ្លួនឯងខ្លាំងណាស់ ជាពិសេសក្នុងពេលអ្នកនាងត្រូវបញ្ចេញសំឡេង និងទឹកមុខកាចសាហាវ ដែលផ្ទុយពីចរិតដើម ដែលអ្នកនាងថាមានតែខ្លាចគេធុញអ្នកនាងសើចដាក់ ឬនិយាយដាក់ខ្លួនមុន។ អ្នកនាងបង្ហាញអារម្មណ៍សប្បាយចិត្ត ដែលភាពយន្តដំបូងរបស់អ្នកនាងសម្រាប់ឆ្នាំ២០១៨នេះ ត្រូវបានមហាជនគាំទ្រ ដោយមានទាំងអ្នកគាំទ្រភាគច្រើន និយាយប្រាប់អ្នកនាងថាពេញចិត្តនឹងការសម្ដែងរបស់អ្នកនាងខ្លាំងណាស់ បើទោះជាអ្នកនាងធ្វើបាបអ្នកនាង ពេជ្រ សោភា ដែលប្រឈមនឹងអោយហ្វេនរបស់អ្នកនាងពេជ្រ សោភា ខឹងជំនួសពេលបានទស្សនារឿងក្ដី។
លោកឌៀប សុណ្ណាតារា ម្ចាស់ផលិតកម្ម Red Picture ដែលជាអ្នកផលិតរឿងនេះអោយហង្សមាស បានអះអាងថាខ្លួនជ្រើសរើសត្រូវដែលផ្ដល់តំណែងអោយអ្នកនាង ខាត់ សុឃីម និងអ្នកនាងពេជ្រ សោភា សម្ដែងជាតួគូរជម្លោះជាមួយគ្នា បន្ទាប់ពីភាពយន្តនេះក៏ឮតែគេនិយាយពីការសម្ដែងរបស់អ្នកពីរច្រើនតាំងពីបានដាក់ផ្សាយនៅហង្សមាស។
លោកថាភាពយន្តនេះបានចំណាយពេលផលិតអស់ច្រើន ដោយក្នុងចំំណោម៦០ភាគ ទើបផ្សាយបាន៣ភាគប៉ុណ្ណោះ កាលពីសប្ដាហ៍មុន តែលោកថាសន្ទុះគាំទ្រគឺមានខ្លាំង។ យ៉ាងណាមិញ លោកថាអាចបណ្ដាលមកពីតួអង្គសំខាន់ៗនៅក្នុងរឿងនេះ ជាពិសេសគឺអ្នកនាង ពេជ្រ សោភា និងខាត់ សុឃីម សុទ្ធតែជាតារាដែលមានអ្នកគាំទខ្លាំងក្លារៀងខ្លួនប៉ុណ្ណោះ។ លោកកាន់តែសប្បាយចិត្តថែមទៀត ក្រោយពីឈុតឆាករបស់ភាពយន្តនេះ ត្រូវគេកាត់ចេញពីទូរទស្សន៍យកទៅបង្ហោះព្រោងព្រាតលើយូធូប ហើយមានអ្នកទស្សនា និងចែកចាយខ្លាំង៕
មតិយោបល់