ព័ត៌មានសិល្បៈ និងកម្សាន្ត

Beyonce និង Jay Z ដេញ​ថ្លៃ​យកភូមិ​គ្រឹះតម្លៃ ១២០​លាន​​ដុល្លារអាម៉េរិក

ស្របពេលអ្នកទាំងពីរកំពុងរៀបចំទទួលស្វាគមន៍កូនភ្លោះ របស់ពួកគេនៅក្នុងខែមិថុនាខាងមុខនេះ គូស្វាមីភរិយាដែលជា​តារាចម្រៀងលំដាប់ពិភពលោកដ៏ល្បីឈ្មោះគឺអ្នកនាង Beyonce និងលោក Jay Z ត្រូវគេរាយការណ៍ថា បានចំណាយលុយដល់ទៅ​១២០​លាន​​ដុល្លារ ដើម្បី​ដេញ​ថ្លៃ​យកភូមិ​គ្រឹះមានទំហំដ៏ធំ​ថ្មី​មួយ​កន្លែង ក្នុង​គោល​បំណងផ្លាស់ប្តូរទី​លំនៅ​ពី​ទីក្រុង​ញូយ៉ក ទៅ​កាន់​ទីក្រុង​ឡូស​អាន់​ចេ​ឡេស​​វិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស Daily Mail (Mail Online) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។

គេហដ្ឋានដ៏ទំនើបខាងលើនេះ នឹងមានភ្ជាប់មកជាមួយនូវអគារស្នាក់នៅរបស់អ្នកបម្រើដាច់ដោយឡែក ហ្គារាសដែលអាចផ្ទុករថយន្តបាន​ដល់ទៅ១៥គ្រឿងដោយឥតបញ្ហា និងអាងហែលទឹកធំៗចំនួនបួន ក៏ដូចជាកន្លែងស្ទីមនិងសោណាថែមផង។ ជាមួយគ្នានេះភូមិ​គ្រឹះ​ដែល​ស្ថិត​នៅ​លើ​ទីទួលដ៏ស្រស់ត្រកាល​នេះ មាន​បន្ទប់គេងចំនួន០៨បន្ទប់ បន្ទាប់ទឹកចំនួន១១បន្ទប់ និងបន្ទប់ស្ទូដីយោថតសំឡេងផងដែរ។ អ្វី​ដែលពិសេសជាងនេះទៅទៀតនោះ លំនៅឋានដ៏ប្រណិតកប់កំពូលដដែលនេះ នឹងផ្តល់ឲ្យអ្នកនាង Beyonce និងលោក Jay Z នូវសន្តិសុខ​យ៉ាងពេញទំហឹង ដោយសារតែវាមានបំពាក់ផ្ទាំងកញ្ចក់បង្អួចដែលមានសមត្ថភាពការពារគ្រាប់កាំភ្លើង និងក្លោងទ្វាសុវត្ថិភាពដ៏រឹងមាំបំផុត។

គួរបញ្ជាក់ថាក្រៅពីកូនភ្លោះដែលជិតនឹងចាប់កំណើតនេះ គូស្នេហ៍តារាចម្រៀងលំដាប់កំពូលមួយគូនេះ ក៏មានកូនស្រីវ័យ០៥​ឆ្នាំ​ម្នាក់​ឈ្មោះ Blue Ivy ផងដែរ ខណៈភូមិគ្រឹះដ៏ស្កឹមស្កៃដែលអាចជាអនាគតគេហដ្ឋានថ្មីរបស់ពួកគេនេះ ត្រូវបានដាក់លក់ក្នុងទីផ្សារជាមួយតម្លៃ​១៣៥​លានដុល្លារអាម៉េរិក៕

មតិយោបល់