តារា៤រូប ត្រូវបានជ្រើសជាគណវិនិច្ឆ័យ បវរកញ្ញាវ័យ៦០ឆ្នាំ
នៅទីបំផុតតារា៤រូបត្រូវបានជ្រើសអោយក្លាយជាគណកម្មការផ្ដល់ពិន្ទុសម្រាប់ព្រឹត្តិការណ៍ប្រកួតបវរកញ្ញាវ័យ៦០ឆ្នាំជាផ្លូវការហើយ ដើម្បីអបអរព្រឹត្តិការណ៍សង្ក្រានពោធិ៍សែនជ័យដែលគ្រោងធ្វើឡើងនៅវត្តជន្លង់ម្លូរ តាមបណ្ដោយផ្លូវជាតិលេខ៣ប្រមាណជា២គីឡូពីរង្វង់មូលចោមចៅ ចាប់ពីថ្ងៃទី២៩ មីនា រហូតដល់ថ្ងៃទី២ មេសា។ តារាទាំងង៤ដ្បិតថាវ័យក្មេង ប៉ុន្តែម្នាក់ៗសុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដាក់ពិន្ទុ ដោយតារាទាំងនោះក៏ធ្លាប់ឆ្លងកាត់នូវសកម្មភាពប្រហែលនេះជាច្រើនមកដែរ មុនពេលមានការចាត់តាំងអោយក្លាយជាអ្នកវិនិច្ឆ័យពិន្ទុផ្លូវការ។
យោងតាមការប្រកាសអោយដឹង ក្រៅពីការប្រកួតប្រដាល់ ការបង្ហាញនូវល្បែងប្រជាប្រិយប្រិយខ្មែរ និងការប្រណាំងរទេះជាដើម ព្រឹត្តិការណ៍សង្ក្រានពោធិ៍សែនជ័យពេញរយៈពេល៥ថ្ងៃរាប់ចាប់តាំងពីថ្ងៃទី២៩ មីនានោះ ក៏មានការប្រកួតបវរកញ្ញាវ័យ៦០ឆ្នាំទ្រង់ទ្រាយធំជាលើកទី១ ដើម្បីជ្រើសយកស្រ្តីវ័យ៦០ឆ្នាំម្នាក់ដែលឆ្នើមជាងគេ អោយក្លាយជាបវរកញ្ញាវ័យចំណាស់ប្រចាំសង្ក្រានផងដែរ។ មានបេក្ខនារីជាច្រើនដែលត្រូវបានជ្រើសចេញពីតំបន់ជុំវិញក្នុងវត្តជន្លង់ម្លូរ និងក្នុងខណ្ឌពោធិ៍សែនជ័យកាន់តែច្រើន ត្រូវបានយកទៅបង្វឹកដើម្បីអោយត្រូវនឹងកម្មវិធី។ កម្មវិធីនេះនឹងធ្វើការប្រកួតលើឆាកធំ ចាប់ពីថ្ងៃទី៣០ មីនា រហូតដល់ថ្ងៃទី១ មេសា ចាប់ពីម៉ោង២រសៀលតទៅ ដោយគណកម្មការ៤រូប ត្រូវបានសម្រេចជ្រើសហើយ ក្រោមការចាត់តាំងរបស់ស្ថាបនិក«គ្រួសារតារាកម្ពុជា» ដែលជាអ្នកសហការរៀបចំព្រឹត្តិការណ៍ទាំងមូលជាមួយនឹងសាលាខណ្ឌពោធិ៍សែនជ័យ និងសហព័ន្ធសហភាពយុវជនកម្ពុជា(សសយក)របស់លោក ហ៊ុន ម៉ានី។ តារាទាំង៤នោះរួមមានៈ
អ្នកស្រី ញឹម សុខា៖ អ្នកស្រី គឺជាតារាសម្ដែងជើងចាស់មួយរូប ដែលក្នុងពិភពសម្ដែងអ្នកស្រីត្រូវបានគេស្គាល់ច្រើនថាមានស្នាដៃរាប់មិនអស់។ អ្នកស្រីត្រូវបាន«គ្រួសារតារាកម្ពុជា»ជ្រើសតាំងជាគណកម្មការផ្ដល់ពិន្ទុ ដោយសារតែហេតុផលដែលអ្នកស្រី គឺជាតារាចាស់វស្សាមួយរូប ហើយក៏មានយល់ដឹងច្រើនអារម្មណ៍របស់បេក្ខនារីជាវ័យចំណាស់ដូចគ្នា និងអាចវិនិច្ឆ័យបានបរិបូរពីការតុបតែងខ្លួនរបស់បេក្ខនារីអោយសមនឹងមនុស្សវ័យ៦០ឆ្នាំដែលឆ្នើមជាងគេ។
រំដួលលិចទឹក៖ ដ្បិតថានៅក្មេងវ័យ ប៉ុន្តែនាងត្រូវបានគេស្គាល់យូរមកហើយថា ជាតារាដែលមានសមត្ថភាពខ្លាំងលើភាពច្នៃប្រឌិត ក្នុងការតែងខ្លួន។ កញ្ញាជាជាងផាត់មុខ និងជាអ្នកធ្វើសក់យ៉ាងជំនាញ ទើបជារឿងដែលមិនពិបាកនោះទេ សម្រាប់តួនាទីជាអ្នកផ្ដល់ពិន្ទុលើការតែងខ្លួនរបស់បេក្ខនារីទាំងអស់ ដើម្បីស្វែងរកស្រ្តីវ័យ៦០ឆ្នាំម្នាក់ដែលឆ្នើមជាងគេអោយគ្រងតំណែងសង្ក្រានពោធិ៍សែនជ័យ។
លោក ស៊ិន សុធារិទ្ធិ ៖ លោកគឺជាតារាបង្ហាញម៉ូដ និងជាអតីតបេក្ខជនក្នុងកម្មវិធី«ពេជ្រកំពុងច្នៃ»ជំនាន់ទី១របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍។ ផ្អែកលើបទពិសោធន៍ខាងផ្នែកសិល្បៈ និងបទពិសោធន៍ដែលធ្លាប់ទទួលការបណ្ដុះបណ្ដាលពីទូរទស្សន៍អាស៊ីអាគ្នេយ៍ និងរៀមច្បងកន្លងមក លោកក៏ត្រូវបានគេចាត់ទុកអោយបំពេញតួនាទីមួយនេះ ក្នុងចំណោមសមាសភាពរបស់«គ្រួសារតារាកម្ពុជា»រាប់មិនអស់ផងដែរ។ លោកនឹងវិនិច្ឆ័យលើភាពក្លាហានរបស់ស្រ្តីវ័យ៦០ឆ្នាំមួយរូប ដែលគិតថាស័ក្ដសមសម្រាប់តំណែងបវរកញ្ញាសង្ក្រាន។
លោក អៀម សុខា៖ លោកគឺជាតារាសម្ដែងវ័យក្មេង ដែលមានកេរ្ត៍ឈ្មោះក្រោយពីបានសម្ដែងជាតួអង្គខ្មោចក្នុងរឿង«កំណត់ហេតុនាងនាថ!» និងជាតួអង្គធំក្នុងរឿង«សរសរកន្លោង»។ លោកមានជំនាញខាងផាត់មុខ និងតែងមុខអោយតារាលើគ្រប់ទម្រង់ ពិសេសគឺតែងធ្វើខ្មោច និងធ្វើជាមុខប្លែកៗ ទើបលោកត្រូវបាន«គ្រួសារតារាកម្ពុជា» ចាត់អោយធ្វើជាគណកម្មការមួយរូបផងដែរ។ ការប្រកួតនេះមិនទាន់ប្រកាសអោយដឹងពី រង្វាន់នៅឡើយទេ ប៉ុន្តែផ្នែកតាមការប្រកួតដែលចាប់ដំណើរការពេញរយៈពេល៣ថ្ងៃ គឺបេក្ខនារីដែលជាប់លេខ១ នឹងក្លាយជាស្រ្តីវ័យ៦០ឆ្នាំប្រចាំភូមិដែលមានគុណសម្បត្តិគ្រប់គ្រាន់ជាគំរូយ៉ាងមានកិត្តិយសគួរអោយសរសើរនៅពេលប្រកាសលទ្ធផល។ លោក សន សុវណ្ណារ៉ា ដែលត្រូវបានចាត់អោយធ្វើជាពិធីករកម្មវិធី ក៏អះអាងថានេះជាការប្រកួតយ៉ាងប្លែក តាំងពីលោកបានបង្ហាញខ្លួនទៅហាត់សម មុនព្រឹត្តិការណ៍ផងដែរ៕
មតិយោបល់