ព័ត៌មានសិល្បៈ និងកម្សាន្ត

ដឹងមូលហេតុ ព្រះកាយច័ន្ទ សុខចិត្តពាក់សក់លើឆាកតន្ត្រី

មិនមែនជាលើកទី១ទេ តែស្ទីលធ្វើខ្លួនរបស់តារាសម្ដែងនិងជាពិធីការិនីផង ត្រូវគេឃើញលេងស្ទីលសក់ខ្លី តាមលំនាំជាតារាស្រីហុងកុង។ យ៉ាងណាមិញ គេកត់សម្គាល់ថាស្ទីលម៉ូដសក់របស់នាងដែលបានរំលេចសារជាថ្មីមានភាពទាក់ទាញ ក្នុងពេលដែលនាងបង្ហាញខ្លួនក្នុងកម្មវិធី ប្រគំតន្ត្រីបន្តផ្ទាល់«TV5 Carabao Spark Concert» កាលពីថ្ងៃទី១មេសា គឺរូបសម្រស់របស់នាងត្រដែតតែម្ដង ដោយនាងប្រកាសថាស្រឡាញ់ម៉ូដសក់នេះតែជាប់បម្រាមកាត់មិនកើត។

ព្រះកាយច័ន្ទ និយាយថា ការពិតនាងស្រឡាញ់ម៉ូដសក់បែបនារីហុងកុង ដូចដែលនាងបានបង្ហាញនៅលើឆាកតន្ត្រី នៅប៉ុស្ដិ៍លេខ៥នោះណាស់ ដោយសារតែម៉ូដសក់ខ្លីមើលទៅប្លែក ហើយសមនឹងទម្រង់មុខរបស់នាង។ អ្វីដែលសំខាន់គឺនាងងាយស្រួលក្នុងការលែងខ្លួន មិនថាស្លៀកខោ ឬរ៉ូបស៊ិចស៊ី ដែលមិនពិបាកក្នុងការកន្ទ្រាក់បាននូវការប្លែកភ្នែក។ នាងថាមិនដែលបានមានឱកាសបានកាត់សក់ម៉ូដនោះសោះ ទើបនាងត្រូវបង្ខំចិត្ត ពាក់សក់ម៉ូដនោះជាប្រចាំ នៅពេលដែលនាងមានបំណងចង់ក្លាយខ្លួនជាតារាហុងកុង។

នាងថាការងារសិល្បៈភាគច្រើន គេមិនតម្រូវអោយកាត់សក់ខ្លីបែបហ្នឹងនោះទេ ជាពិសេសសម្រាប់ការសម្ដែង ដោយសារតែក្នុងមួយឆ្នាំនាងជាប់ការងារសម្ដែងរឿងបណ្ដាក់គ្នា ដែលមិនអាចទៅកាត់សក់ខ្លី ហើយលេងខ្លួនតាមស្ទីលនោះបាន។ ស្ទើរតែគ្រប់ផលិតកម្ម ដែលនាងថតរឿងអោយមិនតម្រូវអោយនាងមានសក់បែបហ្នឹងទេ ដោយនាងបានចាត់ទុកថា បើហ៊ានតែកាត់សក់ខ្លីតាមម៉ូដតារាហុងកុង គឺប្រាកដជាបាត់ទីផ្សារសម្ដែងនោះផង ទើបនាងបានត្រឹមតែពាក់រហូតមក អោយតែចង់លេងខ្លួន បែបនារីសក់ខ្លី ដូចដែលនាងបង្ហាញខ្លួន នៅប៉ុស្ដិ៍លេខ៥កាលពីថ្ងៃទី១ មេសា។ នាងនិយាយថា«សក់ខ្លីគឺឡូយបានតែថតស្ពតដែលតម្រូវ ឬពិធីការិនី តែបើអោយសម្ដែងគឺចប់ម្មង ចឹងហើយទើបស្រឡាញ់ម៉ូដសក់ហ្នឹងប៉ុណ្ណឹង ក៏កាត់អត់កើតដែរ ជាពិសេសសម្រាប់រឿង ដែលជាប់ថតមិនទាន់ចប់កន្លងមក ដែលមិនអាចអោយនាងទៅដូរម៉ូដសក់នៅកណ្ដាលទីបាន។ នាងថាតាំងពីធំពេញវ័យ ម៉ូដសក់ខ្លីៗ គឺជាចំណូលចិត្តរបស់ខ្លួន តែនាងប្រហែលមិនអាចនឹងកាត់សក់ម៉ូដនោះតាមក្ដីស្រម៉ៃកើតទេ ដរាបណានាងនៅតែពឹងលើទីផ្សារសម្ដែងរឿងដូចសព្វថ្ងៃ។

ព្រះកាយច័ន្ទ បានទទួលស្គាល់ថា តាំងពីធ្វើកម្មវិធីតន្ត្រីបន្តផ្ទាល់នៅប៉ុស្ដិ៍លេខ៥ មានតែម៉ូដសក់ដែលនាង ទើបនឹងតែងនោះទេ ដែលមើលទៅលេចធ្លោរជាងគេ តែនាងក៏ប្រកាសថា បើអោយស្អាតដូចគ្នា នឹងកាត់សក់មែនទែន ក៏មិនស្មើនោះដែរ ដោយសារតែត្រូវគ្របសក់ពីកំណើតថែមពីលើផង។ យ៉ាងណាមិញ នាងថានឹងប្រឹងលេងខ្លួនអោយស្អាត និងប្លែកអោយបានច្រើន បើទោះជាត្រូវពាក់សក់បែបនេះជារៀងរហូតក្ដី ដើម្បីកុំអោយតំណែងពិធីការិនីរបស់នាងត្រូវអ្នករៀបចំយល់ថាធ្វើខ្លួនមិនលើកកម្មវិធី ហើយប្រឈមដកចោល៕

មតិយោបល់