ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃើញចឹងទេ តែសិស្សអ្នកគ្រូ គង់ ណារី ម្នាក់នេះ ស៊ីខ្ទង់ពាន់មួយកម្មវិធី

នៅក្នុងពិភពសិល្ប: ពិធីករបែកសាច់លោក សន សុវណ្ណារ៉ា មិនសូវគេស្គាល់ច្រើននៅលើកញ្ចក់ទូរទស្សន៍នោះទេ ប៉ុន្តែគេតែងកត់សម្គាល់ឃើញតារារូបនេះ បង្ហាញមុខក្នុងកម្មវិធីថ្នាក់ជាតិ ជាពិសេសកម្មវិធីផ្លូវការដែលស៊ីថ្លៃខ្ទង់ពាន់ដុល្លារ។
លោកគឺជាកូនសិស្សជំនិតរបស់អ្នកគ្រូ គង់ ណារី ដែលគេស្គាល់យូរមកហើយថាមានស្នាដៃរាប់មិនអស់ក្នុងការបណ្ដុះតារាសិល្ប:ឲ្យមានជំនាញ់សិល្ប:ច្បាស់លាស់ ហើយល្បីឈ្មោះ ខណ:ដែលលោកក៏ជាអ្នកទទួលរៀបចំកម្មវិធីតូចធំនៅតាមបណ្ដាក្រុមហ៊ុននានា និងតាមក្រសួងមន្ទីរផងដែរ ទើបតារារូបនេះត្រូវគេមើលឃើញថាមិនធម្មតា។

តារាភាគតិចណាស់ ស្គាល់ពីឥទ្ធិពលរបស់តារារូបនេះ ប៉ុន្តែសម្រាប់តារាល្បីៗនៅក្នុងពិភពសិល្ប: ដែលធ្លាប់ទទួលអាហ្វែច្រៀងរាំ ដោយទទួលកម្រៃពីលោក សន សុវណ្ណារ៉ា សុទ្ធតែស្គាល់ពីក្រេឌីតរបស់តារារូបនេះ ក្នុងពេលដែលលោកក៏ជាពិធីករដែលមានជំនាញច្បាស់លាស់ និងស៊ីថ្លៃនៅតាមកម្មវិធីផ្លូវការធំៗ។ លោកត្រូវគេទម្លាយថាមានតម្លៃខ្លួនក្នុងការនិយាយកម្មវិធីមួយលើករហូតដល់ខ្ទង់ពាន់ដុល្លារ ដែលធៀបនឹងពិធីក្នុងស្រុកមិនសូវជាមានប៉ុន្មានទេ។ នៅតាមបណ្ដាក្រុមហ៊ុនធំៗ គេកត់សម្គាល់ថាមានទំនាក់ទំនងជាមួយនឹងពិធីកររូបនេះផងដែរ ទើបលោកក្លាយជាអ្នករៀបចំកម្មវិធីតូចធំយ៉ាងជោគជ័យម្នាក់នៅខាងក្រៅ ដែលអ្នកសិល្ប:ភាគច្រើនមិនបានដឹង។

លោកក៏ជាតារាដែលមានភាពសាមញ្ញ ខុសពីតារាមួយចំនួនផងដែរ ទើបតារាសិល្ប:ជំនាន់ក្រោយកាន់តែច្រើន មិនសូវស្គាល់សមាសភាពរបស់លោក។

លោក សន សុវណ្ណារ៉ា និយាយថា លោកទទួលបានការបង្វឹកដោយផ្ទាល់ពីរបៀបអត្ថាធិប្បាយដោយផ្ទាល់ពីអ្នកគ្រូ គង់ ណារី តាំងពីអ្នកសិល្ប:មិនទាន់ស្គាល់មុខម្ល៉េះ ទើបលោកទទួលបានឱកាសក្ដោបក្ដាប់កម្មវិធីផ្លូវការក្នុងនាមជាពិធីករ ដោយសារតែកម្មវិធីផ្លូវការគឺសូម្បីតែប្រកាសខុសតួនាទីរបស់អ្នកចូលរួម គឺមានការប្រកាន់ ជាពិសេសគឺកម្មវិធីផ្លូវការរបស់ក្រសួងជាដើម។
ដោយសារតែឯកទេសនេះហើយ ទើបលោកទទួលបានតម្លៃខ្លួនខ្ពស់សម្រាប់កម្មវិធីផ្លូវការ ហើយកាន់តែមានទីផ្សារថែមទៀត នៅពេលដែលខាងមន្ត្រីក្រសួង និងក្រុមហ៊ុនធំៗ ទាក់ទងចង់បានលោកជាពិធីករ ហើយតម្រូវឲ្យលោករៀបចំទាំងស្រុងនូវពិធីករកម្មវិធី ដើម្បីដំណើរការឲ្យរលូន។ មកទល់ពេលនេះ លោកកាន់តែជោគជ័យក្នុងអាជីពពិធីករ និងជាម្ចាស់អាហ្វែកម្មវិធីផងដែរ ជាពិសេសចាប់តាំងពីលេចធ្លោរក្នុងនាមជាសមាជិករបស់គ្រួសារតារាកម្ពុជានាពេលចុងក្រោយ៕

មតិយោបល់