ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសរុស្ស៊ី ដោយផ្តោតគោលដៅទៅលើពួកអ្នកជំនួញ និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨។

ទណ្ឌកម្មនេះ ត្រូវបាគេមើលឃើញថា ជាទង្វើមួយដែលអាចធ្វើឲ្យខូចខាតដល់ទំនាក់ទំនង រវាងប្រទេសទាំងពីរ បន្ទាប់ពីកើតមានភាពតានតឹងដាក់គ្នា នាពេលថ្មីៗកន្លងមក។

ក្រសួងរតនាគារអាមេរិក បានប្រកាសថា ខ្លួនបានដាក់ទណ្ឌកម្មទៅលើមេដឹកនាំជំនួញរុស្ស៊ី ៧ នាក់ រួមជាមួយនឹងក្រុមហ៊ុនចំនួន ១២ ដែលមានម្ចាស់ ឬគ្រប់គ្រងដោយពួកគេ។

នៅក្នុងបញ្ជីខ្មៅទណ្ឌនេះ ក៏មានឈ្មោះមន្ត្រីរដ្ឋាភិបាលរុស្ស៊ីជាន់ខ្ពស់ចំនួន ១៧ នាក់ និងក្រុមហ៊ុនជួញដូរអាវុធរុស្សី ឈ្មោះ Rosoboronexport ក៏ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធធនាគារហិរញ្ញវត្ថុហិរញ្ញវត្ថុរុស្សីផងដែរ។

លោក Steven Mnuchin រដ្ឋលេខាធិការរតនាគារអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលរុស្ស៊ីក្នុងសេចក្តីថ្លែងការណ៍ថា បានចូលរួមក្នុងសកម្មភាពអាក្រក់ៗ នៅជុំវិញពិភពលោក រួមទាំងការចូលរួមនៅក្នុងបញ្ហាអ៊ុយក្រែន និងស៊ីរី ព្រមទាំងព្យាយាមលុបបំបាត់ប្រជាធិបតេយ្យ នៅលោកខាងលិច»។

ការដាក់ទណ្ឌកម្មនេះ នឹងបង្កកទ្រព្យសម្បត្តិបុគ្គល ឬអង្គភាពរុស្ស៊ី នៅក្នុងសហរដ្ឋអាមេរិក រួមទាំងការហាមឃាត់ពលរដ្ឋអាមេរិក មិនឲ្យធ្វើអាជីវកម្មជាមួយពួកគេទ្បើយ៕

មតិយោបល់