ព័ត៌មានមិនទាន់ផ្លូវបានទម្លាយអោយដឹងថា ក្រុមបង្ហាញម៉ូដ «តារារះថ្មី» នឹងបញ្ជូនតារាពីកម្ពុជាមួយរូបអោយចេញទៅប្រកួតសម្រស់ជាលក្ខណៈអន្តរជាតិនៅក្នុងប្រទេសចិន នាអំឡុងខែ៨ ក្នុងឆ្នាំ២០១៨ខាងមុខនេះ ដោយតាមព័ត៌មានបានបង្ហើបអោយដឹងថាតារាសម្ដែង និងជាតារាម៉ូដែលចំណូលថ្មី លោករុន ណាកូ ដែលត្រូវគេស្គាល់ថាជាសមាជិកសកម្មរបស់គ្រួសារតារាកម្ពុជា ត្រូវបានក្រុមនេះទាក់ទងអោយចេញទៅ។ យ៉ាងណាមិញ លោករុន ណាកូ បានអះអាងថាលោកមិនទាន់ប្រាកដថានឹងទទួលយកការចេញប្រកួតនោះទេ ដោយសារតែលោកក៏មមាញឹកនឹងការថតស្ពត ការសម្ដែង និងត្រូវសិក្សាផ្នែកពេទ្យធ្មេញ ដែលមិនទាន់ដឹងថាតើអាចដកឃ្លាបានឬមិនបាននៅឡើយ។
ក្រោយការទម្លាយចេញនូវព័ត៌មាននេះ លោក រុន ណាកូ បានទទួលស្គាល់ថារូបលោកពិតជា ត្រូវបានទាក់ទងដើម្បីអោយចេញប្រកួតក្នុង កម្មវិធីដែលនឹងធ្វើឡើងនៅក្នុងប្រទេសចិននោះមែន តែលោកមិនទាន់ច្បាស់ថានោះជាកម្មវិធីប្រកួតសម្រស់ឈ្មោះអី និងមានប្រទេសប៉ុន្មានចូលរួមនោះទេ។ លោកថាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដោយសារតែពេលកន្លងមក គឺមុនពេលត្រូវបានក្រុមបង្ហាញម៉ូដ«តារារះថ្មី»ក្រោមការដឹកនាំរបស់កញ្ញា សូ អែនណា អតីតMiss Global Cambodia កាលពីឆ្នាំ២០១៦ ក៏មានការទាក់ទងអោយលោកចូលរួមប្រកួតជាលក្ខណៈចេញក្រៅប្រទេសបែបនេះដូចគ្នា តែលោកធ្លាប់បានច្រានចោល។
លោកថាដំណើរចេញប្រកួតក្រៅស្រុក គឺជាអ្វីដែលលោកចង់បាន ប៉ុន្តែលោកក៏ពិបាកក្នុងការទទួលយកដោយស្រឡះក្នុងចិត្តផងដែរ ក្នុងពេលដែលការសិក្សារបស់លោកពិបាកឈប់ច្រើន ស្របគ្នាដែលលោកនឹងអាចប្រឈមធ្លាក់លើមុខវិជ្ជាណាមួយ ប្រសិនបើសុំច្បាប់ច្រើន។ គាប់ជួនជាការចេញប្រកួតក្រៅស្រុកបែបនេះតម្រូវអោយលោកត្រូវហ្វឹកហាត់ច្រើន និងត្រៀមខ្លួនក្នុងរយៈពេលយូរផង ទើបលោកយល់ថាការពិចារណាដើម្បីចេញប្រកួតគឺស្ថិតលើ៥០លើ៥០។
លោកថាសប្បាយចិត្តដែលត្រូវបានក្រុម«តារារះថ្មី»ជម្រើសអោយចេញប្រកួត ប៉ុន្តែលោកថាអ្វីនៅមិនទាន់ច្បាស់លាស់១០០ភាគរយនៅឡើយទេ ក្នុងពេលដែលឯកសារពាក់ព័ន្ធនៅមិនទាន់ច្បាស់ការណ៍បែបនេះ។
លោក រុន ណាកូ ត្រូវបានគេកត់សម្គាល់ថាចាប់ផ្ដើមឡើងកូដក្នុងរយៈពេលចុងក្រោយ ជាពិសេសបន្ទាប់ពីបានសម្ដែងក្នុងភាពយន្តរឿង«នរណា Comeback» រឿង«អាបអាលីប២០១៨» និងបន្ទាប់ពីបានលេចមុខស្ទើរគ្រប់កម្មវិធីធំៗរបស់«គ្រួសារតារាកម្ពុជា»ជាពិសេសគឺព្រឹត្តិការណ៍កម្រាលព្រំក្រហមប្រចាំឆ្នាំកន្លងទៅ។
តារាវ័យ២១ឆ្នាំរូបនេះ ក៍ត្រូវគេស្គាល់កាន់តែខ្លាំងតាមរយៈព័ត៌មានហូរហែរជុំវិញការងារសិល្បៈរបស់លោក មុនពេលបានក្លាយជាសមាជិករបស់ក្រុមបង្ហាញម៉ូដ«តារារះថ្មី»នោះផងដែរ៕
មតិយោបល់