មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបេក្ខនារីច្រើនរូប ដែលបានចូលប្រលងក្នុងកម្មវិធី Queen of The Spa ដោយអះអាងកម្មវិធីនេះ ជាកម្មវិធីបោកប្រាស់ និងបន្លំភ្នែកបេក្ខនារី ដែលបានចូលរួមប្រកួត។ បេក្ខនារីមួយចំនួនបានទាំងបង្ហោះសារមិនពេញចិត្ត និងបានទម្លាយប្រាប់ជាហូរហែរជាពីក្លិនអសោចពីកម្មវិធី ដែលម្នាក់ៗនឹងស្មានមិនដល់នោះផង។
បេក្ខនារី៣រូបបានទម្លាយប្រាប់ភ្នាក់ងារសារព័ត៌មានPost Newsថា ពួកគេមិនអាចទទួលយកកម្មវិធីនេះបាននោះទេ ដោយសារតែការប្រកួតដែលបានធ្វើឡើងគឺផ្ទុយពីអ្វីដែលបានប្រកាសឡើងទាំងអស់ ដោយបេក្ខនារីដែលបានចូលរួមប្រកួតពីស្រុកខ្មែរយល់ថាជាការកម្មវិធីបោកបញ្ឆោទ និងមិនខុសពីយកពួកគេទៅលេងសើចនោះផង។
ម្នាក់ក្នុងចំណោម៣នាក់និយាយថា មុនពេលការប្រកួតចាប់ផ្ដើមគណកម្មការបានអះអាងថាកម្មវិធីរៀបចំនៅក្នុងប្រទេសកូរ៉េ ដោយមាន៥ប្រទេសចូលរួម ប៉ុន្តែធាតុពិតនៅពេលការប្រកួតជាក់ស្ដែងគឺមានតែ៣ប្រទេសប៉ុណ្ណោះចូលរួម គឺបេក្ខនារីមកពីប្រទេសកម្ពុជា១៤នាក់ មកពីប្រទេសវៀតណាមភាគច្រើន និងពីរបីនាក់មកពីប្រទេសកូរ៉េ ប៉ុន្តែមិនមែនជាជនជាតិកូរ៉េនោះទេ គឺជានារីវៀតណាមដែលមិនចេះទាំងនិយាយភាសាកូរ៉េ ហើយតែងបន្លំជាជនជាតិកូរ៉េ។ អ្នកទម្លាយនូវព័ត៌មានអសោចពីកម្មវិធីនេះ បន្តថា កម្មវិធី Queen of The Spa គឺជាការរៀបចំទាំងស្រុងដោយប្រទេសវៀតណាមសុទ្ធសាធ ដោយបេកេ្ខនារីតំណាងអោយប្រទេសវៀតណាមក៏សុទ្ធតែជានារីវ័យកណ្ដាលចាប់ពីសាមជាងឡើងទៅមិនស្អាត ហើយបានទាំងជាប់ពាននៅក្នុងកម្មវិធី ដោយនារីស្អាតៗបែរជាត្រូវបានគេទម្លាក់ ដែលហាក់ដូចជាយកនារីក្មេងៗស្អាតៗទៅលេងសើច។
អ្វីដែលគេអន់ចិត្តគឺកម្មវិធីមិនបានប្រកាសថានារីដែលជាប់លុះត្រាតែបានរួមចំណែកជួយដល់សង្គមច្រើននោះទេ ប៉ុន្តែក្រោយពេលមានប្រតិកម្មទើបប្រកាសថាហេតុផលដែលអ្នកនេះជាប់អ្នកនោះជាប់ គឺដោយសារតែហេតុផលពួកនាងបានចូលរួមជួយដល់សង្គម ដែលផ្ទុយពីអ្វីដែលបានប្រកាសក្នុងពេលជ្រើសរើស។
អ្នកទម្លាយមួយរូបផ្សេងទៀត បានអោយដឹងថា ការប្រកួតមួយនេះ មិនត្រឹមតែមិនយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្រូវអោយបេក្ខនារីដែលចូលរួមប្រកួតបង់លុយចាប់ពី៥០០ដុល្លារ រហូតដល់២ពាន់ដុល្លារ ដើម្បីបានចេញទៅប្រកួតនៅក្នុងប្រទេសកូរ៉េទៀតផង ខណៈដែលពេលទៅដល់ប្រទេសកូរ៉េក៏បានរ៉ៃលុយពួកនាងដើម្បីចេញថ្លៃស្នាក់នៅសណ្ឋាគារ និងលើការចំណាយផ្សេងទៀត ក្នុងពេលដែលកម្មវិធីនេះ គួរតែភាគីវៀតណាមជាអ្នកទទួលខុសត្រូវ។ បេក្ខនារីដែលអះអាងថាចាញ់បោកកម្មវិធីនេះ បានអះអាងថា ការប្រកួត Queen of the Spa មិនខុសពីកម្មវិធីដែលរៀបចំទុកនោះទេ ខណៈដែលពានរង្វាន់ទៀតសោត ក៏មិនឃើញមានការប្រគល់អោយអ្នកជាប់នោះដែរ គឺមានតែប្រគល់បាច់ផ្កា និងម្កុដជ័រមួយដែលមើលទៅគឺផ្ទុយស្រឡះពីការបំប៉ោងដែលបានដឹងឮនៅក្នុងប្រទេសកម្ពុជា។ បេក្ខនារីទាំងអស់ បានសម្ដែងអារម្មណ៍កើតទុក្ខមិនសុខចិត្ត ខណៈដែលអតីតអ្នកប្រកួតមួយចំនួន ក៏បានផុសបង្ហោះបង្ហាញពីការមិនពេញចិត្ត។
យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងការទម្លាយនេះ នៅមិនទាន់ទទួលបានការបកស្រាយពីអ្នករៀបចំកម្មវិធី ដែលជាអ្នកបញ្ជូនបេក្ខនារីពីកម្ពុជាអោយចេញប្រកួតនៅក្នុងប្រទេសកូរ៉េនោះទេ ប៉ុន្តែយោងតាមវីដេអូបន្តផ្ទាល់ ដែលបានបង្ហោះឡើងព្រោងព្រៀត គឺកម្មវិធីនេះពិតជាមិនមានការចូលរួមពីជនជាតិកូរ៉េ និងប្រទេសដូចការប្រកាសក្នុងព័ត៌មានឡើង ដោយអ្នករៀបចំក៏ត្រូវគេដឹងថាគឺជនជាតិវៀតណាមទាំងស្រុង។ មកទល់ពេលនេះ គេមិនទាន់ដឹងថាចម្រូងចម្រាស់ដែលបានកើតឡើងពីអ្នកចូលរួមប្រកួត នឹងក្លាយជាយ៉ាងណានោះទេ ខណៈដែលអតីតបេក្ខនារីទាំងនោះសុទ្ធតែអះអាងថាខ្លួនមិនខ្លាចក្នុងការទម្លាយពីរឿងអាស្រូវនៃការប្រកួតមួយនេះ៕
មតិយោបល់