ក្រោយពីបានប្រកាសលក់វីឡាទោលស្កឹមស្កៃ នៅបុរីពិភពថ្មីវត្តសំរោងអណ្ដែត តារាចម្រៀង និងជាពិធីករ លោកករុណា ពេជ្រ បានបញ្ជូនឪពុករបស់ខ្លួនដែលមានជំងឺស្លាប់ដៃជើង កម្រើកមិនបានព្រោះតែដាច់សរសៃឈាមខួរក្បាលទៅដល់ប្រទេសវៀតណាម បើទោះជាលោកនៅមិនទាន់មានលុយពីការលក់ផ្ទះវីឡាដែលបានប្រកាសនោះនៅឡើយ។
នេះជាជម្រើសចុងក្រោយដែលលោកត្រូវធ្វើដើម្បីអ្នកមានគុណ ដោយលោកប្រកាសថាបើលក់ផ្ទះដាច់ គឺប្រទេសដែលមានបច្ចេកវិទ្យាពេទ្យទំនើបក្រៅពីប្រទេសវៀតណាម ក៏នឹងត្រូវបានបញ្ជូនឪពុកចេញផងដែរ ដោយមិនខ្វល់ថាអស់ប្រាក់ប៉ុន្មាននោះទេ។
នៅលើគណនីផ្លូវការរបស់លោក ករុណា ពេជ្រ លោកបានបង្ហោះថា ឪពុករបស់លោកត្រូវបានបញ្ជូនទៅដល់ប្រទេសវៀតណាមហើយ បន្ទាប់ពីតស៊ូព្យាបាលនៅពេទ្យក្នុងស្រុក ដោយអនុវត្តន៍ទាំងវិធីធ្វើចលនាដៃជើងផង នៅតែមិនអាចអោយជំងឺកម្រើកដៃជើងរបស់ឪពុកប្រសើរឡើង។
លោកបានទាំងចេញទៅមើលថែឪពុកដោយផ្ទាល់នោះផង បើទោះជាលោកត្រូវគេដឹងថាមានការងារច្រើនទាំងសិល្បៈ និងការងារគ្រប់គ្រងផ្សារកុងតឺន័រនៅសៀមរាប។ តាមគម្រោងលោកត្រូវបញ្ជូនឪពុកទៅកាន់មន្ទីរពេទ្យប្រទេសជិតខាងជាយូរមកហើយ ប៉ុន្តែបណ្ដាលមកពីរង់ចាំប្រមូលលុយផង និងរង់ចាំអោយលោករួចរាល់ការងារនៅអំឡុងបុណ្យចូលឆ្នាំផង ទើបគ្រាន់តែចប់កម្មវិធីចូលឆ្នាំដ៏មមាញឹកភ្លាម ក៏ចោលការងារសិល្បៈ ហើយរត់ទៅកាន់ប្រទេសវៀតណាម ដើម្បីមើលថែឪពុក។ យ៉ាងណាមិញ យោងតាមការប្រកាសវៀតណាមមិនមែនជាប្រទេសខាងក្រៅចុងក្រោយ ដែលលោកបញ្ជូនឪពុកទៅព្យាបាលនោះទេ ដោយលោកនឹងគម្រោងបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់ប្រទេសទំនើបមួយចំនួនផ្សេងទៀត ប្រសិនបើលោកដាក់លក់វីឡាដែលលោកបានបង្ហោះបានដាច់ហើយទទួលបានលុយក្នុងដៃ ដើម្បីធ្វើការចំណាយ៕
មតិយោបល់