បើទោះជាម៉ាដូណា ធ្លាប់បានប្រកាសថាលោកនឹងរៀបការយកប្រពន្ធនៅថ្ងៃណាមួយ ដើម្បីបន្តត្រកូលអោយគ្រួសារកាលពីមុនក្ដី ក៏តារាសម្ដែងរហស្សនាមមុខសេះរូបនេះ បានប្រកាសជំហរជាថ្មីថាលោកនឹងឈប់គិតពីបំណងយកប្រពន្ធនោះហើយ បន្ទាប់ពីលោកបានជួបគូស្នេហ៍យល់ចិត្ត ដែលជាប្រុសក្មេង ហើយអះអាងថាបុរសម្នាក់នៅពេញចិត្តចំពោះខ្លួនមិនប្រកាន់ជាស្នេហាភេទដូចគ្នា។ លោកបានប្រកាសក្នុងពិធីខួប៥ឆ្នាំនៃចំណងស្នេហា៍ កាលពីយប់ថ្ងៃទី១២ មិថុនា ថាបុរសនោះជាស្វាមីស្របច្បាប់ បើទោះជាក្នុងពេលនេះនៅមិនទាន់មានឱកាសរៀបការដូចស្នេហាស្រីប្រុស។
លោកម៉ាដូណា និយាយថាក្រោយពីបានស្រឡាញ់ និងរួមរស់ជាមួយលោក ណុប ហេងទ្រី បានប្រមាណ៥ឆ្នាំ លោកហ៊ានប្រកាសថាបុរសវ័យក្មេងម្នាក់នេះ នឹងក្លាយជាស្នេហាស្មោះស្ម័គ្ររបស់ខ្លួនតែម្នាក់គត់ ដោយលោកប្រកាសថានឹងឈប់ស្រឡាញ់ប្រុស ដើម្បីតម្កល់ចិត្តអោយសង្សារចុងក្រោយជារៀងរហូតនោះផង។
លោកហៅគូស្នេហ៍ចុងក្រោយថាប្ដីៗ ខណៈដែលលោកណុប ហេងទ្រី ដែលត្រូវគេស្គាល់ថាជាអ្នកថតអាជីព និងជាអ្នកផលិតMV ផងក៏ប្រកាសថាលោកគឺជាប្រពន្ធយ៉ាងពេញៗមាត់តបវិញ ដែលមិនខុសពីការប្រកាសទទួលស្គាល់ដោយបើកចំហរទៅវិញទៅមក។ លោកម៉ាដូណា បញ្ជាក់ថា ដោយសារតែជឿជាក់លើចំណងស្នេហ៍ជាមួយបុរសវ័យក្មេងចុងក្រោយនោះហើយ ទើបលោកសម្រេចចិត្តធ្វើខួប៥ឆ្នាំនៃការចាប់ដៃគ្នា ដើម្បីប្រកាសអោយដឹងជាចំហរថាអ្នកទាំងពីរគឺគូស្នេហ៍ ឬជាប្ដីប្រពន្ធនឹងគ្នាផង និងដើម្បីលុបពាក្យរើសអើងទាំងឡាយចំពោះស្នេហាភេទដូចគ្នានោះផង។
លោកថាស្នេហារបស់ខ្លួនមានការទទួលស្គាល់ទាំងសងខាង ដោយម្ដាយរបស់លោកក៏បានទទួលលោកណុប ហេងទ្រី ជាកូនប្រសារ ហើយភាគីខាងលោក ណុប ហេងទ្រី ក៏ទទួលស្គាល់ថាលោកគឺសាច់ថ្លៃ។
ក្នុងពិធីខួបស្រឡាញ់គ្នាចំនួន៥ឆ្នាំនោះ លោកម៉ាដូណា មិនត្រឹមតែប្រកាសថាស្រឡាញ់គ្នាជារៀងរហូតប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងពីរក៏ថើបជញ្ជក់មាត់គ្នាចំពោះមុខមហាជនបង្ហាញពីទឹកចិត្តស្រឡាញ់គ្នាដោយមិនលាក់លៀមផងដែរ។ នៅក្នុងពិធីរបស់លោក ត្រូវគេឃើញមានការចូលរួមសុទ្ធតែវត្តមានតារាសិល្បៈតែម្ដង ដែលក្នុងនោះតារាៗមកពីគ្រួសារតារាកម្ពុជា ក៏មានចំនួនច្រើនដែរ បន្ថែមពីលើសមាសភាពតារាល្បីៗ និងអ្នកមានមុខមាត់នៅក្នុងសង្គមមិនតិចជាង៤០០នាក់។ តារាទាំងនោះត្រូវគេឃើញបង្ហាញខ្លួនច្រៀងរាំ និងបង្កភាពសប្បាយរីករាយយ៉ាងកងរំពងរហូតដល់យប់ជ្រៅផង៕
មតិយោបល់