កាលពីពេលថ្មី តារាចម្រៀង កញ្ញា គង់ កែវមរកត ដែលត្រូវគេស្គាល់ថាជាអតីត Cambodian Idol រដូវកាលទី៣ បានឡើងឆាកតន្ត្រីបន្តផ្ទាល់ ហើយច្រៀងបទចម្រៀងរបស់ សាន ស្រីឡៃ ជាម្ចាស់ដើម ដែលកម្រមានតារាចម្រៀងណាម្នាក់លើកមកច្រៀង។ មកទល់ម៉ោងនេះ បទចម្រៀងរបស់នាង ហាក់ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបទចម្រៀងដែលនាងលើកមកច្រៀង ក្រៅពីច្រៀងស្ទើរតែដូចម្ចាស់ដើម ក៏ធ្វើអោយម្នាក់នឹកដល់តារាចម្រៀង សាន ស្រីឡៃ។
អ្នកលេងហ្វេសប៊ុកកាន់តែច្រើន បានផ្ដោតការចាប់អារម្មណ៍ចំពោះការបកស្រាយបទចម្រៀងរបស់ កញ្ញា គង់ កែវមរកត បន្ទាប់ពីបទចម្រៀងដែលនាងបានច្រៀងត្រាប់តាមសំឡេងរបស់តារាចម្រៀង សាន ស្រីឡៃ ដែលបានទទួលមរណភាពក្នុងហេតុការបែកការណ៍នោះ ត្រូវបានបង្ហោះជាសាធារណៈលើយូធូប។ ចម្រៀង«ឈឺចាប់២ដងបានហើយ»ដែលជាបទចេញលក់ក្រោយការស្លាប់របស់សាន ស្រីឡៃ ត្រូវបានអតីត Cambodian Idol រូបនេះលើកមកច្រៀង ហើយថែមទាំងលេងស្ទីល និងកាយវិការសឹងនឹងស្រដៀងម្ចាស់ដើមផង ទើបធ្វើអោយចម្រៀងមួយបទរបស់នាងក្លាយជាអនុស្សារីយ៍មួយ ដែលនាំអោយគេនឹកឃើញដល់ហេតុការបាត់បង់តារាចម្រៀង អ្នកនាង សាន ស្រីឡៃ ជាថ្មី។
គង់ កែវមរកត បានអះអាងថាហេតុផលដែលនាំអោយនាងលើកយកបទរបស់ សាន ស្រីឡៃ មកច្រៀង គឺដោយសារតែនាងស្រឡាញ់សំឡេង និងស្ទីលរបស់តារាចម្រៀងរូបនោះ ហើយមកពីនាងនៅតែដក់អារម្មណ៍នូវការសោកស្ដាយចំពោះការបាត់បង់តារាចម្រៀងរូបនោះផង ទើបលើកយកបទរបស់សាន ស្រីឡៃ មកច្រៀង។ នាងមានការសប្បាយចិត្តយ៉ាងខ្លាំង ដែលចម្រៀងរបស់នាងខ្លួន មានការចូលមើលដល់ច្រើនដងនៅលើយូធូប ដែលធ្វើអោយនាងភ្ញាក់ផ្អើល នៅពេលដែលបទចម្រៀងនោះមានអ្នកនិយាយពីនាងច្រើន ជាពិសេសនៅពេលគេសរសើរថាបទចម្រៀងដែលនាងច្រៀងត្រាប់តាម សាន ស្រីឡៃ ដែលខុសពីបទចម្រៀងផ្សេងៗដែលនាងធ្លាប់ច្រៀងលើឆាកតន្ត្រីដូចគ្នា។ នាងថានៅតែមានគម្រោងលើកយកបទរបស់ សាន ស្រីឡៃ មួយចំនួនផ្សេងទៀតមករំលេចលើឆាក ដោយសារតែនាងយល់ថាបទចម្រៀងរបស់សាន ស្រីឡៃ ក៏មិនសូវមានតារាចម្រៀងលើកមកច្រៀងផង៕
https://m.youtube.com/watch?feature=youtu.be&v=qs11_THf0q8
មតិយោបល់