គេមិនដឹងថាតារាសម្ដែង លោក ឃីម រតនៈ មានជំងឺអ្វីពីមុនមកទេ ប៉ុន្តែនៅក្នុងពេលនេះ មានការបញ្ជាក់ថាជំងឺរបស់លោកធ្លាក់ដល់ដំណាក់កាលចុងក្រោយក្នុងការជួយសង្គ្រោះហើយ ខណៈដែលភាគីសាមីខ្លួន ក៏សារភាពថាជីវិតរបស់លោកនឹងស្ថិតក្នុងគំរាមកំហែងដោយមច្ចុរាជក្នុងពេលដ៏ខ្លី បន្ទាប់ពីស្ថានភាពជំងឺរបស់លោកពិតជាធ្លាក់ដល់ដំណាក់មិនអាចព្យាបាល។ អ៊ីចឹងហើយទើបលោកត្រូវគេឃើញចុះស្គម មានអាការៈស្លេកស្លាំង និងមានសភាពឈាមច្រមុះក្នុងពេលអង្គុយស្ងៀមៗផង នៅពេលដែលលោកបង្ហាញខ្លួនក្នុងកម្មវិធីអាហារសាមគ្គីរបស់សមាគមន៍មិត្តសិល្បករស្ម័គ្រចិត្តកាលពីថ្ងៃទី១៥ មិថុនា កន្លងទៅ ដល់ថ្នាក់សុំចេញទៅមុន។

ប្រភពផ្លូវការបានអះអាងថា លោក ឃីម រតនៈ មានជំងឺធ្ងន់ម្យ៉ាង ហើយគាប់ជួនជាលោកមិនមានលទ្ធភាពមើលតាមដាន់ជំងឺនោះអោយដិតដល់ផង ទើបធ្វើអោយជំងឺរបស់លោកធ្លាក់ដល់ដំណាក់កាលចុងក្រោយ។ លោកថាស្ថានភាពសុខភាពរបស់ខ្លួន កាន់តែពិបាកជាងមុន ដោយសារទី១មានការបំបាក់ទឹកចិត្តពីគ្រួសារផង និងដោយសារតែជំងឺនោះកាន់តែធ្វើទុក្ខផង។ លោកថាខ្លួនមានអាការៈអស់កម្លាំងមិនដូចមុន មានអាការៈឈាមច្រមុះ ហើយអ្វីដែលធ្វើទុក្ខបំផុតគឺមានអាការៈដំបៅធ្ងន់ធ្ងរនៅផ្នែកពោះវៀនធំ ដែលលោកនិយាយថាគឺជាជំងឺធ្ងន់។
លោក ឃីម រតនៈ បញ្ជាក់ថាមិនចង់ប្រាប់លម្អិតពីស្ថានភាពជំងឺដែលលោកបានជួបអោយច្បាស់នោះទេ ដោយសារតែខាងវេជ្ជបណ្ឌិតក៏លាក់លោកដែរ ប៉ុន្តែលោកបានត្រឹមថាខ្លួនស្ថិតក្នុងដំណាក់កាលចុងក្រោយ ដែលលោកក៏មិនដឹងថាខ្លួននឹងទៅពេលណា ឬលាចាកលោកថ្ងៃណា ក្នុងពេលដែលលោកក៏មិនមានអ្នកផ្ដល់កម្លាំងចិត្តក្នុងពេលឈឺខ្លួនបែបនេះ។
លោកថាជំងឺរបស់លោកអោយតែគិតច្រើនបន្តិច គឺមានឈាមហូរតាមច្រមុះ ហើយដោយសារតែសភាពធ្ងន់ធ្ងររបស់ពោះវៀនធំ បានធ្វើអោយលោកអង្គុយមិនបានយូរនោះទេ ក្នុងពេលដែលការហូបចុកក៏មិនអាចហូបបានគ្រប់ចំណីអាហារ ដោយសារតែមានការធ្វើទុក្ខ។ លោកថាគ្រូពេទ្យតម្រូវអោយលោកសប្បាយចិត្តក្នុងរយៈពេលចុងក្រោយនេះ អ៊ីចឹងហើយទើបរមែងចំណាយពេលចូលរួមក្នុងសកម្មភាពសប្បុរសធម៌ផ្សេងៗ ដោយលោកបញ្ជាក់ថា ចង់អោយអ្នកសិល្បៈ និងអ្នករួមជំនាន់បានឃើញពីស្នាដៃចុងក្រោយ មុនពេលលោកបាត់ដំណឹងទាំងស្រុងនៅពេលជំងឺដែលបានរុករានមិនអាចអោយលោកបន្តជីវិតបាន។
ការសារភាពរបស់លោក ឃីម រតនៈ បានធ្វើអោយមានការរន្ធត់ចិត្តយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលលោកបណ្ដោយអោយស្ថានភាពជំងឺធ្ងន់ដល់កម្រិតចុងក្រោយ នៅតែបន្តលាក់បាំង និងបានត្រឹមតែអះអាងថាលោកចង់ទៅបាត់ជាមួយនឹងជំងឺដែលបានរុករាន ដោយមិនចង់អោយមានការភ្ញាក់ផ្អើលណាមួយ៕















មតិយោបល់