កូរ៉េៈ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងអញ្ជើញអ្នកជំនាញ ក៏ដូចជាអ្នកកាសែតមកពីអាមេរិក រួមទាំងកូរ៉េខាងត្បូង មកពិនិត្យមើលនៅពេលដែលប្រទេសខ្លួន ធ្វើការបិទទីតាំងសាកល្បងនុយក្លេអ៊ែរ នាខែឧសភាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
ផែនការនេះ បានកើតទ្បើងបន្ទាប់ពីប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ បានគាបសង្កត់ទៅលើកូរ៉េខាងជើង ឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរចោលទាំងស្រុង មុននឹងកិច្ចប្រជុំដោយផ្ទាល់មួយ ជាមួយលោកគីម ដែលមិនធ្លាប់មានពីមុនមក។
កាលពីថ្ងៃសុក្រលោក គីម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានប្រកាសប្ដេជ្ញាថា នឹងលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបកូរ៉េ ក្រោយពីជំនួបលើកដំបូងរវាងប្រទេសទាំងពីរ ដែលមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក។
យ៉ាងណាមិញទាក់ទងនឹងការប្រកាសនេះ គឺមិនបានរាប់បញ្ចូលពីជំហានជាក់ស្តែង ដើម្បីសម្រេចបានគោលដៅទាំងនោះនៅទ្បើយទេ៕
មតិយោបល់