ព័ត៌មានសិល្បៈ និងកម្សាន្ត

មានរឿងអី បាន សេម ម៉ាកូ ដល់ថ្នាក់ ដូរឈ្មោះថ្មី

ខណៈដែលការប្រឡូកសិល្បៈទើបតែមានអ្នកស្គាល់បានបន្តិចនៅឡើយ តារាចម្រៀង លោក សេម ម៉ាកូ បែរជាប្រកាសអោយដឹងថាខ្លួននឹងសម្រេចចិត្តប្ដូរឈ្មោះគួរអោយភ្ញាក់ផ្អើលទៅវិញ។ លោកថាខ្លួននឹងដូរឈ្មោះពី សេម ម៉ាកូ ទៅជាឈ្មោះ ចាន់ អាជុន វិញ បន្ទាប់ពីមានក្បួនខ្នាតជាច្រើនតម្រូវអោយលោកត្រូវតែប្ដូរឈ្មោះចាស់ចោល។

លោក សេម ម៉ាកូ បានបង្ហោះនៅលើហ្វេសប៊ុកថា ចាប់ពីថ្ងៃនេះតទៅ អ្នកគាំទ្រ និងអ្នកសិល្បៈ សូមមេត្តាកុំហៅឈ្មោះលោកថា សេម ម៉ាកូ បន្តទៀត ដោយសារតែឈ្មោះចាស់នោះ ត្រូវបានព្រះសង្ឃមួយអង្គមានេះមានពុទ្ធដិកាថា ជាឈ្មោះអភ័ព្វ និងឈ្មោះជាឈ្មោះដែលមានបន្ទុកបណ្ដាក់រាប់មិនអស់ ដែលមិនអាចអោយលោករួចផុតពីភាពស្មុគស្មាញបាន។ លោកថាព្រះចៅអធិការវត្តព្រះនាងខ្មៅ ស្ថិតក្នុងខេត្តតាកែវ បានអះអាងថាបើលោកនៅតែបន្តប្រើឈ្មោះសេម ម៉ាកូ នោះជីវិតរបស់លោកនឹងនៅតែអភ័ព្វស្របគ្នាដែលលោកតាំងពីបានប្រឡូកការងារសិល្បៈ ក៏មានរឿងទុក្ខសោករាប់មិនអស់ចាប់តាំងពីករណី ម្ដាយពុលភេសជ្ជៈកំប៉ុងមួយប្រភេទទទួលមរណភាព និងត្រូវភ្លើងឆេះផ្ទះក្រោយម្ដាយស្លាប់បាន១៨ថ្ងៃ។

លោកថាចៅអធិការវត្តនេះ បានកំណត់អោយលោកត្រូវប្រើឈ្មោះថ្មីគឺ «ចាន់ អាជុន»ដែលឈ្មោះថ្មីនេះ នឹងប្រើនៅក្នុងការងារសិល្បៈ និងការងារឯកជនផ្ទាល់ខ្លួន។ លោកថាព្រះសង្ឃមានពុទ្ធដីកាត្រូវច្រើន ជុំវិញពីស្ថានភាពឈ្មោះសេម ម៉ាកូ ដែលលោកធ្លាប់ប្រើ ទើបលោកសម្រេចចិត្តប្ដូរឈ្មោះថា «ចាន់ អាជុន» តាមការកំណត់ទុករបស់ព្រះសង្ឃ ដោយរំពឹងថាឈ្មោះថ្មី ដែលលោកបានប្រើ នឹងជួយអោយលោករលូនទាំំងការងារសិល្បៈ និងរឿងរ៉ាវផ្ទាល់ខ្លួន។

លោកចាន់ អាជុន បន្តថា លោកមិនទាន់ដឹងថាការប្រើឈ្មោះថ្មី នឹងមានការប៉ះពាល់ចំពោះការងារសិល្បៈរបស់លោក ឬយ៉ាងណានោះទេ ជាពិសេសចំពោះផលិតករ និងអ្នករៀបចំកម្មវិធី ដែលស្គាល់តែលោកភាគច្រើនថា សេម ម៉ាកូ។ យ៉ាងណាមិញ លោកថានឹងកំណត់អោយតារាសិល្បៈស្គាល់ឈ្មោះថ្មីលោកជាបណ្ដើរៗចាប់ពីការប្រកាសនេះទៅ ដោយស្នើអោយគេហៅឈ្មោះថ្មីថា«ចាន់ អាជុន»ហៅសេម។ លោកប្រកាសថាបើឈ្មោះដែលបានដាក់ថ្មី ជួយអោយលោកមានយីអ៊ុន និងជោគជ័យការងារបានច្រើនជាងមុន នោះលោកនឹងលុបឈ្មោះសេម ចោលទៀត ដើម្បីអោយគេស្គាល់លោកតែឈ្មោះ ចាន់ អាជុន ដែលជាឈ្មោះហុងស៊ុយតាមការទស្សន៍ទាយរបស់ព្រះចៅអធិការវត្តព្រះនាងខ្មៅ៕

មតិយោបល់