មកទល់ពេលនេះ តារាសម្ដែងដែលត្រូវគេស្គាល់ថា ជាតួឯកក្នុងរឿង «ភូមិគ្រឹះ១០០ល្បិច» នៅមិនទាន់ជារបួសបាក់កដៃនៅឡើយទេ បន្ទាប់ពីនាងរអិលដួល នៅប៉ុន្មានថ្ងៃក្រោយថ្ងៃចូលឆ្នាំខ្មែរ។ ប៉ុន្តែនាងអះអាងថា អត់បានប៉ះពាល់ទីផ្សារនោះទេ ព្រោះតែការបាក់ដៃរបស់នាង ត្រូវចំបរិបទដែលនាងរួចរាល់ការងារ ស្របគ្នាដែលខាងផលិតករដែលផ្ដល់ឱកាសឲ្យនាងចេញថតរឿងថ្មី ក៏សុខចិត្តរង់ចាំ។
ឆឹម វត្តី បានថ្លែងបញ្ជាក់កាលពីថ្ងៃទី១៩ ឧសភា ក្នុងពិធីជប់លៀងបញ្ចប់រឿង «ទាយាទអសុរ» និងរឿង «ភូមិគ្រឹះ១០០ល្បិច»ដែលនាងបានសម្ដែងតួឯកថា ដៃរបស់នាងពិតជាបាក់ពិតមែន ប៉ុន្តែស្ថានភាពរបួសនោះបាក់ បន្ទាប់ពីនាងបានថតបញ្ចប់ភាពយន្តរឿង «ភូមិគ្រឹះ១០០ល្បិច» ប៉ុណ្ណោះ ទើបនាងបញ្ជាក់ថាអត់មានការប៉ះពាក់។ នាងថារយៈពេលជាង១ខែមកហើយ ដែលដៃរបស់នាងត្រូវស្ថិតក្នុងស្ថានភាពអបឆ្អឹង ហើយមិនអាចទទួលការងារសិល្បៈ ដែលបានទាក់ទង ប៉ុន្តែនាងថាដ្បិតថា បានខាតបង់ការងារសម្ដែងៗមួយចំនួន ដែលខាងផលិតករ មិនបានរង់ចាំតែក៏គ្រាន់តែជាការងារដែលតូចតាចប៉ុណ្ណោះ ចំណែកការងារភាពយន្ត គឺអត់ប៉ះពាល់នោះទេ។
នាងថាផលិតករច្រើននាក់ ដែលចង់បាននាងឲ្យសម្ដែងតួឯក បានសម្រេចរង់ចាំឲ្យនាងដោះឈើអបឆ្អឹងដៃ ទើបចេញថតរឿង ដែលករណីនេះ បានធ្វើឲ្យនាងឃើញថា អត់ប៉ះពាល់ទេ ក្រោយការបាក់ដៃដែលមិនអាចទទួលថតបាន។
លោក ហួង តារាមុនី ប្រធានកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា ភាពយន្តរឿង «ភូមិគ្រឹះ១០០ល្បិច» ដែលឆឹម វត្តី បានថតគឺជារឿងដែលដឹកនាំផលិតដោយក្រុមផលិតថៃ មានចំនួនជាង៣០ភាគ និងគ្រោងដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥ ក្នុងពេលដ៏ខ្លី។ លោកថាភាពយន្តមួយនេះចំណាយអស់ច្រើន ទើបក្រោយការថតចប់ ហើយឈានដល់ការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ផង ទើបប៉ុស្ដិ៍លេខ៥ចំណាយពេលជប់លៀង ដើម្បីឲ្យក្រុមផលិតករ និងតួសម្ដែង កាន់តែមានភាពស្និទ្ធិស្នាល។ នៅក្នុងពិធីនោះ ដ្បិតថាវត្តមានតារាល្បីៗ មិនសូវបង្ហាញខ្លួនច្រើន ប៉ុន្តែក៏មានវត្តមានតារាក្មេងៗស្រស់ស្អាត និងផលិតករច្រើននាក់ចូលរួមផងដែរ៕
មតិយោបល់