នៅលើផេក និងហ្វេសប៊ុករបស់តារាចម្រៀង លោក សេម អាជុន ដែលកាលពីមុនប្រើឈ្មោះថា សេម ម៉ាកូ ក្នុងប៉ុន្មានម៉ោងមុននេះ លោកបានបង្ហោះបទ«កូនប្រុស»បកស្រាយដោយសំឡេងខ្លួនផ្ទាល់ ដែលត្រូវគេស្គាល់ជាយូរមកហើយថាបទចម្រៀងនោះ គឺជាស្នាដៃរៀបរាប់ពីជីវិតកម្សត់របស់ក្មេងម្នាក់របស់តារាចម្រៀងហង្សមាស លោក ដួង វិរៈសិដ្ឋ។ យ៉ាងណាមិញ អត្ថន័យក្នុងបទចម្រៀងរបស់លោកត្រូវបានក្រឡៃពីការព្រាត់ប្រាស់ឪពុក មកជាការបាត់បង់ម្ដាយ ដើម្បីអោយត្រូវនឹងជីវិតផ្ទាល់ខ្លួនរបស់។
ចម្រៀងមួយបទដែលមានលោក បានប្រើចំណងជើងថា«ទឹកភ្នែកកូនប្រុស» នេះ នៅពេលស្ដាប់មួយភ្លែតគេស្មានថាជាបទចម្រៀងដើមរបស់លោក ដួង វិរៈសិដ្ឋ ដោយសារតែអត្ថន័យដែលលោកបកស្រាយ ស្ទើរតែដូចគ្នាបេះបិទនឹងបទចម្រៀងរបស់ម្ចាស់ដើម។ យ៉ាងណាមិញ បទចម្រៀងមួយនេះ មានប៉ារ៉ូលខាងក្នុងជាច្រើនត្រូវបានផ្លាស់ប្ដូរ ដើម្បីអោយត្រូវនឹងរឿងពិតរបស់លោក សេម អាជុន ដែលត្រូវគេដឹងថាបាត់បង់ម្ដាយដោយសារតែគាំងបេះដូងកាលពី១ឆ្នាំមុន ហើយជួបទាំងទុកព្រោះភ្លើងឆេះផ្ទះក្រោយម្ដាយស្លាប់បានតែ១៨ថ្ងៃនោះ។
ចម្រៀងមួយបទនេះ ត្រូវគេកត់សម្គាល់ថាមានរសជាតិខ្លាំងជាងបទចម្រៀងរបស់លោក ដួង វិរៈសិដ្ឋ ដោយសារតែបទរបស់ម្ចាស់ដើមគ្រាន់តែបង្ហាញពីសាច់រឿងមួយ ដែលឆ្លុះបញ្ចាំងពីររឿងរ៉ាវរបស់មនុស្សមួយចំនួនដែលលែងមានម្ដាយតែមិនមែនជារឿងសាច់រឿងរបស់ម្ចាស់ដើម ប៉ុន្តែបទចម្រៀងរបស់ សេម អាជុនដែលទើបតែបានបង្ហោះឡើង គឺសំដៅពីរឿងផ្ទាល់ខ្លួន ដែលអមដោយការបង្ហោះបទចម្រៀងដើម្បីទាក់ចិត្តអ្នកគាំទ្រ លោកក៏មានទាំងការបង្ហោះពីក្ដីទុក្ខសោក ព្រោះតែមិនអាចបំភ្លេចពីការបាត់បង់ម្ដាយនៅពេលនោះបាន។
លោក សេម អាជុន ត្រូវគេឃើញបង្ហោះរូបភាពទឹកភ្នែក ភ្ជាប់ដោយរូបថតរបស់ម្ដាយក្នុងពេលនៅរស់ និងក្នុងពេលទទួលមរណភាព ដែលធ្វើអោយអ្នកបានឃើញក៏មានអារម្មណ៍ក្ដុកក្ដួលជំនួសនៅការបាត់បង់ដ៏ធំធេងនោះ។ លោកបានបញ្ជាក់ថា ដោយសារតែលោកមិនមានលទ្ធភាពផលិតសាច់ភ្លេងផ្ទាល់ខ្លួននៅឡើយ ទើបលោកសម្រេចយកបទ«កូនប្រុស»របស់លោក ដួង វិរៈសិដ្ឋ មកក្រឡៃនូវពាក្យពេចន៍ខ្លះ តែបានរក្សាទម្រង់ដើមភាគច្រើន ដើម្បីបកស្រាយរៀបរាប់ពីការឈឺចាប់របស់ខ្លួនគ្រាន់ធូរទ្រូងបានខ្លះ។
លោកថាជោគជ័យក្នុងសិល្បៈ កាន់តែធ្វើអោយលោកនឹកដល់អ្នកម្ដាយ ដែលធ្លាប់តស៊ូចិញ្ចឹមលោកក្នុងនាមជាស្រ្តីមេម៉ាយយ៉ាងលំបាក ប៉ុន្តែនៅពេលដែលលោកចាប់ផ្ដើមមានមុខនៅក្នុងវិថីសិល្បៈ បែរជាម្ដាយទៅបាត់ គឺទៅទាំងលោកមិនបានត្រៀមខ្លួន។
លោកធ្លាប់បកស្រាយបទចម្រៀងដែលបានក្រឡៃពីលោកដួង វិរៈសិដ្ឋ នោះ បកស្រាយលើប៉ុស្ដិ៍លេខ៥ម្ដងហើយ ប៉ុន្តែគ្រោងនឹងយកបកស្រាយក្នុងកម្មវិធីជាច្រើនអោយកាន់តែខ្លាំង ដើម្បីឧទ្ទិសក្ដីស្រឡាញ់ ចំពោះអ្នកម្ដាយដែលមិនបានឃើញលោកមានផ្លែមានផ្កានៅក្នុងសិល្បៈ៕
មតិយោបល់