កាលពីល្ងាចថ្ងៃទី៣១ សីហា លោកសុខ រតនៈ ហៅជេកស៍ ដែលត្រូវគេស្គាល់ថាជាម្ចាស់បទ «សេដ្ឋីស្រុកស្រែ» របស់ផលិតកម្មរ៉ុកកាលពីអតីតកាល បានដឹកនាំក្រុមភ្លេង និងតារាចម្រៀងក្នុងវង់តន្ត្រីរបស់ខ្លួនសរុបចំនួន៧នាក់ទៅច្រៀងនៅក្នុងប្រទេសអូស្រ្តាលី ដោយគម្រោងចេញច្រៀងរបស់ក្រុមលោកលើកនេះ មិនមែនជាដើម្បីកើបប្រាក់នៅក្រៅប្រទេសនោះទេ ប៉ុន្តែជាការចេញច្រៀងលក់សំបុត្រយកលុយកសាងវត្តសុទ្ធសាធដែលប្រឈមខ្វះខាតនៅក្នុងប្រទេសនោះ។
លោក និងក្រុមសមាជិកគ្រោងបញ្ចប់ការងារច្រៀងរាំនោះនៅ២កន្លះខែក្រោយ ដោយការចេញច្រៀងនេះគឺលើកទី៨របស់លោកហើយនៅប្រទេសអូស្រ្តាលី លើកលែងតែក្រុមសមាជិករបស់លោកមួយចំនួន ដែលទើបមានឱកាសចេញទៅ។
លោកជេកស៍ និយាយថាដំណើរចេញច្រៀងរបស់លោក និងក្រុមការងារលើកនេះ មិនមានទទួលបានប្រាក់កម្រៃក្រៅពីបានត្រឹមថ្លៃយន្តហោះនោះទេ ដោយសារតែគម្រោងដែលពួកលោកចេញច្រៀងគឺទៅជួយរ៉ៃអង្គាសថវិកាដើម្បីកសាងវត្តសុទ្ធសាធនៅក្នុងប្រទេសអូស្រ្តាលី។
លោកថានាពេលកន្លងមកលោកធ្លាប់ត្រូវបានធានាអោយចេញច្រៀងបែបនេះនៅក្នុងប្រទេសអូស្រ្តាលីយកប្រាក់កសាងវត្តខ្មែរចំនួន៣ហើយដែលមានការខ្វះខាតនៅក្នុងទីនោះ ទើបលោកទទួលបានការធានាអោយចេញច្រៀងទៅជួយស្វែងរកមូលនិធិបែបនេះម្ដងទៀត ដោយការចាកចេញលើកនេះគឺទៅជាក្រុមតែម្ដង។ នៅក្នុងប្រទេសកម្ពុជាលោកគឺជាម្ចាស់វង់អកកេស ដែលមានសេវាកម្មវិធីទទួលរៀបចំការប្រគំតន្ត្រីខេត្តក្រុងមិនសូវមានពេលសម្រាកនោះទេ ទើបការចាកចេញទៅកាន់ប្រទេសអូស្រ្តាលីដោយមិនគិតកម្រៃលើកនេះ គឺមុនខុសពីការបោះបង់ការងារមុខជំនួញក្នុងស្រុក និងការងារសិល្បៈដែលមានការមមាញឹក។
យ៉ាងណាមិញលោកថាទាំងលោក និងក្រុមតារាចម្រៀងក្នុងក្រុមទាំងអស់សុទ្ធតែមានការពេញចិត្ត ដើម្បីបានរួមចំណែកទៅជួយកសាងវត្តខ្មែរមួយកន្លែងនៅក្នុងប្រទេសអូស្រ្តាលីដែលប្រឈមការខ្វះខាត។ក្រុមតារារបស់លោកអាចមានផែនការបន្តការសម្ដែងអោយលើសពី២ខែកន្លះប្រសិនបើអ្នកធានាត្រូវកម្លាំងរបស់ពួកលោកបន្ថែមក្រោយផុតការព្រមព្រៀង។ ក្នុងនោះរូបលោក និងក្រុមសមាជិកក៏សុខចិត្តស៊ីអត់ស៊ីឃ្លាននោះដែរដើម្បីអោយការប្រគំតន្ត្រីរ៉ៃអង្គាសយកលុយជួយវត្តនៅក្នុងប្រទេសអូស្រ្តាលីទទួលបានជោគជ័យ។
លោកជេកស៍ បន្តក្នុងចំណោមសមាជិកសរុបចំនួន៧រូបគឺ៥នាក់ជាក្រុមតារាចម្រៀង និង២នាក់ជាតន្ត្រី ដោយក្រុមសមាជិកទាំង៧ នឹងចាប់ដៃគ្នារាំច្រៀងអោយអស់ពីលទ្ធភាពដើម្បីអោយបងប្អូនខ្មែរនៅក្នុងប្រទេសអូស្រ្តាលីបានសប្បាយពេញរយៈពេល២កន្លះក្នុងគម្រោងប្រមូលថវិកាជួយកសាងដល់វត្តខ្មែរមួយនោះទៅនោះ។ ក្នុងនោះលោកក៏ទទូចអោយមានការគាំទ្រដល់ក្រុមចម្រៀងរបស់លោកអោយបានកុះករផងដែរ ដើម្បីអោយការប្រគំតន្ត្រីមួយលើកទទួលបានថវិកាច្រើនពាន់ច្រើនម៉ឺនដុល្លារ ជាប្រយោជន៍ដល់ព្រះពុទ្ធសាសនានៅក្នុងប្រទេសអូស្រ្តាលី៕
https://youtu.be/kHAyhHm9rfQ
មតិយោបល់