យោងតាមដំណឹងបែកធ្លាយ កម្មវិធី Pool On the Street Party ដែលល្បីក្នុងប្រទេសធំៗ ហើយធ្លាប់កក្រើកនៅក្នុងប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំមុន នឹងវិលមកកាន់ប្រទេសកម្ពុជាជាថ្មីម្ដងទៀត នៅថ្ងៃទី១០ មិថុនា ខាងមុខនេះហើយ ការរៀបចំលើកនេះ ត្រូវគេអះអាងថានឹងរៀបចំជាទ្រង់ទ្រាយធំជាងមុន ដើម្បីទទួលអ្នកទេសចរណ៍ និងអ្នកចូលកម្សាន្តរហូតដល់ខ្ទង់ពាន់នាក់ផង។ អ្វីដែលគេកត់សម្គាល់ គឺតារាល្បី៣រូប ត្រូវបានគេបង្ហើបថានឹងត្រៀមបង្ហាញខ្លួននៅក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំមួយនេះ ខណៈដែលតម្លៃខ្លួនរបស់ពួកគេ ក៏មិនធម្មតា ដោយគ្រាន់តែគ្មានការទម្លាយ។
ការទម្លាយពីភ្នាក់ងារទីផ្សារបានអះអាងថា កម្មវិធី Pool On the Street Party នឹងប្រកាសធ្វើឡើងក្នុងទ្រង់ទ្រាយធំនៅថ្ងៃទី១០ ខែក្រោយខាងមុខនេះហើយ នៅ 3G SQUARE ស្ថិតនៅខាងមុខស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដោយមានការបាញ់ហ្វូមពពុះសាប៊ូ ការលេងបាននិងមានការរាំរែក ជាមួយចង្វាក់ភ្លេងប្លែកៗ អមដោយតារាល្បីទាំងជាតិ និងអន្តរជាតិនៅក្នុងពិធីនោះ។ គ្រាន់តែវត្តមានតារាល្បីៗ រួមមានឌីជេកម្រិតអន្តរជាតិ និងតារាចម្រៀងមកពីខាងក្រៅប្រទេសត្រូវបានគេអះអាងថាមានចំនួនច្រើននាក់ទៅហើយ ដើម្បីទាក់ទាញជនបរទេស អោយចូលកម្សាន្តអោយបានក្រាស់ក្រែល ពោលគឺអោយច្រើនជាងការរៀបចំឆ្នាំមុន។ អ្នកចូលរួមត្រូវបានកំណត់អោយតែងខ្លួនជាទម្រង់ដូចលេងទឹក ខណៈដែលកាលពីឆ្នាំមុន គេឃើញមានវត្តមានតារាល្បីៗច្រើននាក់ទៅលេងទឹក និងរាំលេង ក្នុងព្រឹត្តិការណ៍នោះ ដែលរឹតតែធ្វើអោយកម្មវិធីទាំងមូលកញ្ជ្រោល។ សម្រាប់ការរៀបចំឆ្នាំនេះ តារាបរទេស មិនទាន់ត្រូវបានបញ្ចេញអត្តសញ្ញាណ ប៉ុន្តែសម្រាប់តារាខ្មែរ ដែលមានចំនួនមិនតិចនាក់ទៅហើយ នោះ ត្រូវបានគេដឹងថាមានតារាល្បីៗ៣រូបបង្ហាញខ្លួន។
កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាចម្រៀងវ័យក្មេង និងកំពុងឡើងកូដនៅក្នុងផលិតកម្មហង្សមាស បានក្លាយជាតួឯកធំមួយនៅក្នុងកម្មវិធីដែលជាកម្មវិធីចម្លងពីបរទេសមួយនេះ ខណៈដែលតារាល្បីៗ២រូបទៀត គឺកញ្ញា រ៉ូលីន និងនាយព្រែក ក៏ត្រូវគេអះអាងថានឹងមានវត្តមានផងដែរ។ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលតារាល្បីឈ្មោះទាំង៣ត្រូវបានកម្មវិធីចំណាយកញ្ចប់ទាក់ទងអោយចូលរួមនៅក្នុងកម្មវិធីនេះ ក្នុងនាមជាតារាចម្រៀងកិត្តិយស ក្នុងពេលដែលតារាភាគច្រើននៅកម្ពុជា បានត្រឹមតែត្រូវគេទាក់ទងអោយចូលរួមជាភ្ញៀវកិត្តិយស ដើម្បីលេងទឹក និងរាំលេង អោយស្គាល់ពីបរិយាកាសនៅក្នុងពិធី។ អ្នករៀបចំកម្មវិធី មិនទាន់អាចសុំការបញ្ជាក់ពីការរៀបចំសម្រាប់កម្មវិធីដ៏ធំមួយនេះបានទេ ប៉ុន្តែអ្វីដែលគេដឹងផ្លូវការ គឺកម្មវិធីនឹងលេចរូបរាងនៅថ្ងៃទី១០ មិថុនា ដោយឌីជេ តារាចម្រៀងបរទេស និងតារាល្បីៗច្រើនរូប នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីនេះ ដើម្បីបំផុសអោយស្រទាប់មហាជនស្គាល់កាន់តែច្បាស់ពីកម្មវិធី Pool On the Street Party ដែលជាកម្មវិធីពេញនិយមនៅលើពិភពលោកមួយនេះ៕
មតិយោបល់