ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយអតីតស្វាមីឡាយវីដេអូទាំងទឹកភ្នែក! ពេលនេះ លោកស្រី ទ្រី ដាណា បញ្ចេញសារក្នុងចិត្តយ៉ាងវែងអន្លាយ

(ភ្នំពេញ)៖ បន្ទាប់ពីលោក ហ៊ីង សុបញ្ញារិទ្ធ( ហៅពូម៉ៅ) ដែលជាអតីតស្វាមីរបស់សេដ្ឋីនី ទ្រី ដាណា ធ្វើការឡាយវីដេអូ និយាយបណ្តើរយំបណ្តើរ ប្រកាសប្រាប់ពិភពលោកថា ចង់ជួបជុំប្រពន្ធកូនវិញនោះ ស្រាប់តែនៅព្រឹកមិញនេះ លោកស្រី ទ្រី ដាណា បញ្ចេញសារក្នុងចិត្តយ៉ាងវែងអន្លាយ មើលទៅហាក់គ្មានភ្លើងខៀវសម្រាប់ ពូម៉ៅឡើយ។

តាមរយៈផេកផ្លូវការ លោកស្រី ទ្រី ដាណា បានសរសេរសារថា «នៅពីក្រោយស្នាមញញឹមរបស់មនុស្សម្នាក់ៗ មានបញ្ហា និងទុក្ខលំបាករាប់ពាន់ម៉ឺនសែនដែលត្រូវឆ្លងកាត់បញ្ហាមនុស្សស្រីជួបច្រើនបំផុត គឺរឿងគ្រួសារ តែនាងក៏ជាមនុស្សពូកែទ្រាំបំផុតក្នុងរឿងគ្រួសារ។ មិនថារងការឈឺចាប់ មានទុក្ខលំបាក មានបញ្ហាផ្ទៃក្នុង ឬទទួលទារុណយ៉ាងណា ក៏មិនអាចនិយាយបាន ព្រោះតែពាក្យថាកិត្តិយសមនុស្សស្រី និងពាក្យថា មកពីកម្មយើងទេមនុស្សប្រុសមួយចំនួនតូចមានកម្លាំង មានសេរីភាព អាចធ្វើបានគ្រប់យ៉ាង អាចផឹកស៊ីសប្បាយ អាចយកពាក្យថាមកពីស្រា ធ្វើបាបប្រពន្ធ ធ្វើបាបមនុស្សស្រី បំពានគ្រប់បែបយ៉ាង តាមកម្លាំងដែលខ្លួនមាន រួចនិយាយថាមកពីស្រា ប៉ុន្តែមនុស្សស្រីមិនអាចទេ។ គេអាចសម្ដែងមុខ២ ធ្វើជាគួរអាណិតមុខមនុស្សទូទៅ តែជាមនុស្សមានអំណាចលើប្រពន្ធ ធ្វើបាបប្រពន្ធទៅតាមកម្លាំង»។

លោកស្រី ទ្រី ដាណា បានបន្តថា «ខ្ញុំព្យាយាមស្ងប់ស្ងាត់ រក្សាកិត្តិយសខ្លួនឯងជាមនុស្សស្រី មិននិយាយច្រើនពីបញ្ហាគ្រួសារទេ ហើយគ្រប់គ្នាអាចយល់ការលំបាកនេះ ជាពិសេសក្នុងនាមមនុស្សស្រីដូចគ្នា។ អ្នកណាចង់ឱ្យឪពុកម្ដាយបែកបាក់គ្នា? ពេលឃើញគាត់ឈ្លោះគ្នា យើងពិបាកចិត្តណាស់ មិនចង់ឱ្យបែក យំអង្វរ តែនៅពេលមានគ្រួសារខ្លួនឯង ទើបបដឹងថា ការដោះលែងជារឿងល្អបំផុត នៅពេលជួបមនុស្សមិនយល់ចិត្ត មិនដឹងខ្លួនខុស ម្ដងហើយ ម្ដងទៀត ហើយវិលមកវិញ គឺដើម្បីតែគ្រប់គ្រង ប្រើអំណាចមនុស្សប្រុស។ មនុស្សស្រីដែលពឹងលើប្ដី ប្រាកដជាទ្រាំតែកុំបង្រៀនឱ្យនាងរឹងមាំ ឈឺចាប់ ដំបៅក្លាយជាមហារីក ចិត្តក្លាយជាដុំថ្ម។ ពេលវេលាបន្ត ខ្ញុំដឹងត្រឹមប្រឹងរកស៊ីបំពេញបេះដូងខ្លួនឯង មើលថែកូនៗ ជួយអ្នកដទៃតាមចិត្តចង់ មិនអាចឱ្យគេធ្វើបាបទៀតឡើយ គ្រប់គ្រាន់ហើយ»។

ថៅកែមាសពេជ្រល្បីឈ្មោះរូបនេះ បានបន្ថែមថា «ជូនពរអ្នកទាំងអស់គ្នា ជួបមនុស្សល្អៗ យល់ចិត្តគ្នា ខំប្រឹងរកស៊ី ដើរតាមក្ដីស្រមៃទៅអនាគតជាមួយគ្នា ហើយក៏ផ្ដាំទៅមនុស្សប្រុសមួយចំនួនថា នារីទន់ភ្លន់ជាមនុស្សគួរស្រលាញ់ តែកុំធ្វើបាបនាងរហូតនាងទៅជានុស្សរឹងមាំខ្លាំងពេក»៕

 

មតិយោបល់