ព័ត៌មានសិល្បៈ និងកម្សាន្ត

នី រតនា បន្តតំណែង លេចធ្លោរនៅហង្សមាស

បើទោះជានៅហង្សមាសមានតារារះថ្មី និងតារាជើងចាស់លេចធ្លោរច្រើននាក់ ក៍តារាចម្រៀងលោក នី រតនា នៅតែឈរជើងជាតារាខ្លាំងម្នាក់នៅក្នុងផលិតកម្មហង្សមាស។ លោកប្រកាសឈរជើង ឲ្យកាន់តែខ្លាំងនៅក្នុងផលិតកម្ម ដោយអះអាងថា ក្រៅពីបង្កើនក្បាច់រាំឲ្យរស់រវើក លោកក៍ប្រកាសបង្កើតក្រុមផលិតបទចម្រៀងបន្ថែម ពីលើការទម្លាក់បទរបស់ហង្សមាសផងដែរ។

លោក នី រតនា បានថ្លែងក្នុងការប្រគុំតន្ត្រី «Carabao TV5 Spark Concert» កាលពីថ្ងៃអាទិត្យទី១០ មិថុនា ថា នៅក្នុងផលិតកម្មហង្សមាស លោកមិនត្រូវការប្រជែងទីផ្សារ ជាមួយតារារៀមច្បង ឬតារាឡើងកូដណាម្នាក់នោះ ដោយលោកប្រកាសថា ខ្លួនប្រឹងប្រែងតែរឿងទីផ្សាររបស់ខ្លួនតែប៉ុណ្ណោះ។ យ៉ាងណាមិញ លោកថាខ្លួនរមែងសំឡឹងមើលពីទីផ្សាររបស់តារាផ្សេង ជាពិសេសគឺចំណុចល្អរបស់តារាផ្សេងទៀត ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែល្អ ក្នុងការទាក់ទាញទីផ្សារ។ លោកគម្រោងបញ្ចេញបទចម្រៀងល្អៗ ទាំងបទប្រភេទមនោសញ្ចេតនា និងបទចង្វាក់ញាក់ៗ ដោយលោកប្រកាសថា បទចម្រៀងទាំងនោះ នឹងមានការគាំទ្រភាគច្រើន ដោយសារតែសុទ្ធជាបទល្អៗ ដែលខាងហង្សមាស និងក្រុមផលិតចម្រៀងរបស់លោកសម្រិតសម្រាំង។ លោកនៅតែមើលឃើញថា ទីផ្សាររបស់ខ្លួននៅបន្តស្ទុះឡើង បន្ទាប់ពីលោកក៍រៀបចំយុទ្ធសាស្ត្រក្នុងការផ្លាស់ស្ទីល កុំឲ្យច្រំដែល។

បើទោះជានៅប៉ុស្តិ៍លេខ៥ គេឃើញលោកបកស្រាយបទចម្រៀងចាស់ៗ ប៉ុន្តែលោកនៅលេចធ្លោរ និងត្រូវគេមើលឃើញថា មានសន្ទុះគាំទ្រពីអ្នកទស្សនា មិនចាញ់តារាល្បីៗ ដែលឈរជើងយូរនោះទេ។ ជាក់ស្ដែងទាំងបទចម្រៀងមនោសញ្ចេតនា និងបទញាក់ លោកនៅតែទាញចំណាប់អារម្មណ៍បានខ្លាំង ពោលគឺនាំមុខគេដាច់តែម្ដង បើទោះជានៅប៉ុស្តិ៍លេខ៥ថ្ងៃនោះ ចម្រុះដោយតារាល្បីៗបង្ហាញខ្លួន។ អុីចឹងហើយទើបលោកក៍មានជំនឿថា ខ្លួននឹងលេចធ្លោរខ្លាំង មិនភ័យរឿងបះជើង សម្រាប់អាជីពចម្រៀងនៅហង្សមាស៕
https://www.youtube.com/watch?time_continue=61&v=tV22bybh_fU

មតិយោបល់