ភ្នំពេញៈ នៅថ្ងៃទី២០ កក្កដា ខាងមុខ តុលាការនឹងសម្រេចចេញសាលក្រមកាត់ក្ដីលើបណ្ដឹងលែងលះរបស់លោកប៉ែន ចំរ៉ុង និងនាងភិន សុដាលីស ឲ្យដាច់ស្រេចគ្នាជាផ្លូវការ បន្ទាប់ពីកិច្ចការសម្រុះសម្រួលរបស់តុលាការចំនួន២លើកមិនអាចទៅរួច។ ក្នុងការប្រកាសសាលក្រមនោះ បើទោះជាខាងតុលាការកំណត់ឲ្យលោកប៉ែនចំរ៉ុង ទទួលរ៉ាប់រងលើអាហារកិច្ចលើកូនក្នុងផ្ទៃ និងក្រោយពេលកើតក៏ដោយ ក៏ភាគីខាងស្រីប្រកាន់ជំហរដាច់ខាតមិនទទួលយក ដើម្បីកុំឲ្យបន្តពាក់ព័ន្ធ។
លោកអ៉ិន ជាឪពុកភិន សុដាលីស បានអះអាងថា សាលក្រមដែលគ្រោងប្រកាសឲ្យលែងលះនៅថ្ងៃទី២០ កក្កដា ខាងមុខ គឺពិតជាតម្រូវឲ្យប៉ែន ចំរ៉ុង ទទួលខុសត្រូវលើបញ្ហាអាហារកិច្ចលើទារកក្នុងផ្ទៃ ដែលក្នុងពេលនេះលោកថាមានវ័យប្រមាណជា៧ខែហើយ។ លោកថាមេធាវីរបស់ភិន សុដាលីស បានអះអាងថា បញ្ហាអាហារកិច្ចគឺជារឿងដែលភាគីខាងស្រីជាអ្នកទាមទារ ក្នុងពេលដែលភាគីស្វាមីជាអ្នកប្ដឹងលែង។ ប៉ុន្តែសម្រាប់រូបលោក និងកូនស្រីមិនឲ្យបញ្ហាទាមទារអាហារកិច្ចកើតឡើងចំពោះលោកប៉ែន ចំរ៉ុង នឹងកើតមានឡើងនោះឡើយ ដើម្បីកុំឲ្យបន្តកម្មពៀរ។ លោកនិយាយថា«រឿងច្បាប់បញ្ហានឹងគឺភាគីខាងឪពុកត្រូវតែរ៉ាប់រង ប៉ុន្តែដាលីសខ្ញុំគឺទោះជាតុលាការកំណត់ឲ្យវា(ប៉ែន ចំរ៉ុង) ជួយរ៉ាប់រងកូន ក៏អត់យកដែរ គឺជ្រុលជាចប់គឺនឹងធ្វើឲ្យចប់កុំឲ្យពាក់ព័ន្ធតែម្ដង!»។ លោកថាភិន សុដាលីស ក្រោយវិលចូលផ្ទះគឺនាងមិនមានអារម្មណ៍ស្មុគចិត្តដូចមុនទៀតទេ ហើយនាងក៏បានបំពេញការងារជាអ្នកមើលខុសត្រូវផលិតកម្មដោយទទួលប្រាក់ខែពីលោក ក្នុងនាមជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុន ដែលមិនខ្វះប្រាក់ចំណូលចិត្តចិញ្ចឹមទារកក្នុងផ្ទៃ និងមិនចាំបាច់លើកដៃសុំលុយលោកចាយដូចមុននោះផង។
លោកអ៉ិន បញ្ជាក់ប្រាប់ថា រវាងលោក និងកូនស្រី កាន់តែយល់ចិត្តគ្នា ហើយលោកក៏នឹងចេញមុខរកមន្ទីរពេទ្យឲ្យភិន សុដាលីស សម្រាលកូនក្នុងស្រុកដោយមិនចាំបាច់ឲ្យចេញទៅក្រៅស្រុកដូចកាលពីមុននោះផង។ លោកនិយាយថា«ឥឡូវកូនក្នុងផ្ទៃគាត់បានជិត៧ខែហើយ ចឹងសល់តែរង្វង់២ខែទៀតប៉ុណ្ណោះ អាដាលីសនឹងសម្រាលកូនហើយ ចឹងគឺទោះជាគ្មានចំរ៉ុង ក៏ដាលីសអាចចិញ្ចឹមកូនបាន និងអាចមើលកូនខុសត្រូវកូនបានដែរ»។ លោកថាជម្រើសលែងលះរវាងកូនស្រី និងប៉ែន ចំរ៉ុង គឺជាអ្វីដែលគ្រួសារចង់បាន ដោយសារតែដឹងតាំងពីដំបូងថាប៉ែន ចំរ៉ុង មិនបានស្រឡាញ់ដាលីសស្មោះស្ម័គ្រ។ យ៉ាងណាក៏ដោយចំពោះភាគីលោកប៉ែន ចំរ៉ុងឯណោះវិញ បានអះអាងថាបណ្ដាលមកពី ដាលីសឆ្នាស់ពេក និងច្រើនមាក់ងាយខ្លួនក្នុងពេលឈ្លោះគ្នាទើបជាមូលហេតុដែលនាំឲ្យការផ្សះផ្សាមិនអាចទៅរួច៕
មតិយោបល់