បើទោះជាវត្តមានរដ្ឋមន្ត្រី២រូបនៅមិនទាន់ច្បាស់នៅឡើយ ប៉ុន្តែយោងតាមការបញ្ជាក់ មន្ត្រីជាន់ខ្ពស់មកពី៣ស្ថាប័នផ្សេងទៀតក្នុងជួររដ្ឋាភិបាល នឹងក្លាយជាគណអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីជប់លៀង ដែលអមដោយពិធីប្រគល់មេដាយកិត្តិយសជូនដល់តារាសិល្បៈមានស្នាដៃទាំងជាង១០០នាក់ និងមានការប្រកួតសំលៀកបំពាក់បុរាណពីសំណាក់អ្នកចូលរួម នៅថ្ងៃទី៩ កក្កដានោះ។ មន្ត្រីជាន់ខ្ពស់ប្រចាំក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងអាជ្ញាធរអប្សរា នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីនេះ ដោយមិនទាន់រាប់បញ្ចូលតំណាងជាន់ខ្ពស់ពីសហភាពសហព័ន្ធយុវជនកម្ពុជា និងពីស្ថាប័នផ្សេងៗនៅឡើយផង។
លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអះអាងថា លោកនឹងចូលរួមបំពាក់មេដាយដោយផ្ទាល់ជូនដល់តារាសិល្បៈរបស់«គ្រួសារតារាកម្ពុជា»បន្ទាប់ពីបានដឹងថាពិធីដែលបានធ្វើនេះ ជាការលើកទឹកចិត្តអោយសិល្បករសិល្បការិនីដែលធ្លាប់បានចូលរួមជួយសង្គមតាមរយៈ«គ្រួសារតារាកម្ពុជា» អោយកាន់តែចង់ស្ម័គ្រចិត្តជួយសង្គមថែមទៀត ក្រោយពេលទទួលបានមេដាយកិត្តិយស។ លោកថានេះអាចចាត់ទុកជាព្រឹត្តិករណ៍ធំមួយផងដែរ របស់តារាសិល្បៈ ដោយនឹងក្លាយការព្រឹត្តិការណ៍រួមចំណែកលើកកិត្តិយស និងមុខមាត់ចំពោះតារាសិល្បៈដែលមានស្នាដៃដ៏កម្រ ដែលមិនធ្លាប់មានក្រុមណាមួយដែលមានសកម្មភាពសង្គមដូចគ្នាធ្លាប់ធ្វើ។
លោក ថៃ នរៈសត្យា រដ្ឋលេខាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា បើទោះជាលោករវល់យ៉ាងណានៅក្នុងអំឡុងថ្ងៃនោះ ក៏លោកនឹងផ្ដល់កិត្តិយសចូលរួមអោយខានតែបានផងដែរ ដើម្បីតបតាមការអញ្ចើញរបស់«គ្រួសារតារាកម្ពុជា»ដែលមានតារាសិល្បៈរហូតដល់ជាង១០០នាក់ត្រូវទទួលមេដាយ។
លោកថានេះជាកម្មវិធីសិល្បៈដែលមានអត្ថន័យ ហើយក៏មិនគួរនឹងខកខាននោះដែរ ទើបលោកសម្រេចចិត្តចូលរួម ដើម្បីអោយអ្នកទទួលបានមេដាយកិត្តិយសក្នុងនាមជាតារាដែលមានស្នាដៃធ្លាប់ជួយដល់សង្គម មានកម្លាំងចិត្តទ្វេរដង។
លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរអប្សរា បានថ្លែងយ៉ាងខ្លីជុំវិញកម្មវិធីនេះថា ថ្វីដ្បិតថាលោកមមាញឹកខ្លាំងនៅខេត្តសៀមរាប តែលោកនឹងចូលរួមបំពាក់មេដាយក្នុងកម្មវិធីមួយនោះតាមការគ្រោងទុក។ លោកថានេះជាព្រឹត្តិការណ៍ដែលធ្វើអោយលោកមានការចាប់អារម្មណ៍ និងយល់ថានេះជាកម្មវិធីដែលលើកមុខមាត់សម្រាប់អ្នកសិល្បៈ និងលើកកម្ពស់តម្លៃវប្បធម៌ក្នុងទម្រង់បុរាណ ទើបលោកសម្រេចចិត្តធ្វើជាគណអធិបតីមួយរូប៕
មតិយោបល់