កាលពីល្ងាចថ្ងៃទី១១ កក្កដា ឆ្នាំ២០១៨ តួឯកស្រីស្រស់សោភា ដែលត្រូវគេស្គាល់ថា ជាតួឯកស្រីក្នុងរឿង «បុព្វេសន្និវាស» បានមកដល់ប្រទេសកម្ពុជា ដោយមានរៀបចំពិធីស្វាគមន៍អ្នកគាំទ្រយ៉ាងកក្រើកនៅផ្សារទំនើបអ៊ីអន២។ អ្នកគាំទ្រខ្មែរយ៉ាងច្រើនកុះករ ត្រូវគេឃើញខ្វារករទាំងស្រីទាំងប្រុស ដោយម្នាក់ៗក្រៅពីទះដៃ និងប្រជ្រៀតចាប់ដៃតារាស្រីរូបនេះ ក៏ស្រែកហ៊ោចង់ដាច់ក្រឡើត គ្រប់ពេលនាងច្រៀង និយាយ ឬសម្ដែងលើឆាកនោះផង។
កម្មវិធីនេះដែលបានធ្វើឡើង ក្នុងឱកាសគម្រប់ខួប៣ឆ្នាំរបស់ទូរទស្សន៍ភីអិនអិននេះ សូម្បីតែអ្នកចូលទៅដល់សាលនៃការប្រគំតន្ត្រី ក៏រំភើបនឹងការគាំទ្ររបស់អ្នកគាំទ្រខ្មែរចំពោះតារាថៃនោះដែរ ដោយសារតែម្នាក់ៗបានបង្ហាញពីការគាំទ្រ និងស្រឡាញ់ពេញចិត្ត ចេញពីបេះដូងតែម្ដង នៅពេលវត្តមានតួឯកស្រីនាងការ៉ាកេត មកកាន់វេទិកា។ យ៉ាងណាមិញ នៅក្នុងថ្ងៃនោះ វត្តមានតារាកម្ពុជា ក៏ត្រូវបានរៀបចំឲ្យមានការគាំទ្រខ្លាំងក្លាផងដែរ ជាមួយនឹងការប្រូម៉ូដរឿងថ្មីៗ ដែលតារាខ្មែរបានសម្ដែង និងត្រៀមដាក់បញ្ចាំងនៅ PNN ដូចគ្នា ដោយគ្រាន់តែឥទ្ធិពលទាក់ទាញអ្នកគាំទ្រខ្លាំងក្លាបំផុត គឺសន្ទុះរបស់តារាថៃ។
ព្រឹត្តិការណ៍នេះ ត្រូវបានប្រកាសឈ្មោះថា «ជំនួបតារាភីអិនអិន២០១៨» ដោយរួមមានវត្តមាន តារាល្បីៗដូចជា លោក ខាត់ វៃហាំង កញ្ញា យូប៊ិន លោកអេតវីន លោក យឹម ណារ៉ា កញ្ញាជីមមី តារាថៃ Perth Mai ឌីឌី ក្រុមតារាចម្រៀង Original Song Small World Small Band និងតារាក្នុងរឿងភាគល្បីៗជាច្រើនទៀតរបស់ភីអិនអិន។
កញ្ញា បេឡារ៉ានី ដែលត្រូវគេស្គាល់ថា ជាតួឯក្នុងរឿង «បុព្វេសន្និវាស» និយាយថា នេះជាលើកទី៣ហើយ ដែលនាងបានមកជួបប្រិយមិត្តកម្ពុជា ក្រោយពេលខ្សែភាពយន្តរបស់នាងចាក់បញ្ចាំង ហើយមានអ្នកគាំទ្រពេញទំហឹង។ តារាដ៏ស្រស់ស្អាត ហើយពេញដោយទេពកោសល្យរូបនេះ ក៏បានសម្តែងឈុតឆាកខ្លីៗក្នុងសាច់រឿង «បុព្វសន្និវាស» ជូនអ្នកគាំទ្រទស្សនាផ្ទាល់ និងបាននៅលេងហ្គេមជាមួយផង ទើបធ្វើឲ្យសន្ទុះគាំទ្រ គឺស្ទើរតែផ្ទុះសាលកម្មវិធី។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលស្ថានីយទូរទស្សន៍ភីអិនអិន បានអញ្ជើញតារាថៃល្បីៗ ឲ្យមកប្រទេសកម្ពុជា ហើយទទួលបាននូវការគាំទ្រខ្លាំងក្លាបែបនេះ៕
មតិយោបល់