នៅទីបំផុត អតីតហ្វ្រេស៊ីល្បីឈ្មោះលោកកែវ បូរ៉ា ដែលបាត់មុខឈឹងក្រោយផ្ទុះព័ត៌មានស្រលាញ់ភេទដូចគ្នាជាមួយលោក ជា សុវណ្ណនរាណ៍ បានត្រលប់មកកាន់វិថីសិល្បៈជាថ្មីវិញហើយ។
លោកបានបង្ហាញខ្លួនក្នុងរឿង «ម្ចាស់គ្រងបេះដូង» ដែលជារឿងភាគថ្មីគ្រោងដាក់ផ្សាយលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍គួរអោយភ្ញាក់ផ្អើល ក្នុងពេលមានការលើកឡើងជាច្រើនថាលោកលែងចង់ល្បីឈ្មោះដោយសារកុន។
លោកគឹម ហេង ម្ចាស់ផលិតកម្ម KH Promotion បានថ្លែងប្រាប់ថា ដោយសារតែមានតម្រូវការលើផ្នែកផលិតភាពយន្ដក្នុងអំឡុងម៉ោងមាស ទើបលោកសម្រេចចិត្តបើកទ្វារក្រុមហ៊ុនឡើងវិញ តែមិនមែនធ្វើការប្រកួតប្រជែងលើការផលិតបទចម្រៀងតែមួយមុខដូចមុននោះទេ គឺងាកមកវាយលុកលើការផលិតភាពយន្តដើម្បីដាក់ផ្សាយតាមទូរទស្សន៍ និងតាមរោងកុនវិញម្ដង។
លោកថាខ្លួនបានបើកឆាកផលិតកម្មជាមួយការផលិតរឿង «ម្ចាស់គ្រងបេះដូង» អោយទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយបានជម្រើសយកលោកកែវ បូរ៉ា ដែលបាត់មុខឈឹងប្រមាណ៤ឆ្នាំ មកធ្វើជាតួឯក។ លោកថាមានហេតុផលច្រើន ដែលលោកសម្រេចចិត្តអន្ទងយកអតីតហ្វ្រេស៊ីរូបនេះអោយត្រលប់មកកាន់វិថីសិល្បៈ ទីមួយដោយសារទេពកោសល្យ និងទី២គឺលោកអាចសម្ដែងត្រូវនឹង ចរឹកតួប្រុសដែលលោកនិពន្ធក្នុងរឿង។
ក្នុងនោះ ការបាត់មុខយូរក៍ជាហេតុផលដែលលោកចង់អោយលេចមុខក្នុងរឿងភាគដំបូងរបស់ខ្លួនផងដែរ។ លោកថាវត្តមានត្រលប់មកវិញរបស់ផលិតកម្ម KH និងលោកកែវ បូរ៉ា មានលក្ខណៈស្របគ្នា ទើបលោករំពឹងខ្លាំងថា ស្នាដៃរឿង”ម្ចាស់គ្រងបេះដូង” ដែលប្រកាសចេញថតចាប់ពីថ្ងៃក្រុងពាលីទី២១ វិច្ឆិកា នេះតទៅ នឹងទទួលបានការគាំទ្រខ្ពស់នៅពេលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍។ លោកថារឿងនេះបានចំណាយទុនខ្ពស់ ជាពិសេសលើការកុម្ម៉ង់កាម៉េរា និងការបំពាក់ឧបករណ៍ថតកុនជាច្រើនទៀត ដើម្បីឲ្យការផលិតរឿងដំបូង មានគុណភាពអាចទទួលយកបាន។
លោកមានគម្រោងផលិតរឿងដុំ និងបន្តចេញបទចម្រៀងបន្លប់ទីផ្សារក្នុងពេលខាងមុខ ដោយគ្រាន់តែកិច្ចការនោះ គឺលុះត្រាតែទំនេរពីការថតកុនរឿងភាគ។ ក្រៅពីចាប់ដៃជាមួយទូរទស្សន៍អាស៊ីអាគ្នេយ៍ លោកថាមានការទាក់ទងពីទូរទស្សន៍ផ្សេងមួយចំនួនទៀត ទើបលោកសម្លឹងឃើញថាវត្តមានផលិតកម្ម KH គឺមិនអាចផលិតរឿងដោយមិនគិតពីគុណភាពបាន។
លោកកែវ បូរ៉ា បានអះអាងថា ហេតុផលដែលលោកដើរចេញពីសិល្បៈ គឺមិនមែនដោយសារតែលោកបោះបង់សិល្បៈនោះទេ។ តែមកពីលោកនឿយណាយនឹងពាក្យចចាមអារ៉ាម និងការមិនផ្ដល់ឱកាសពីក្រុមផលិតករនាពេលមុនបាត់មុខនោះផង ទើបលោកសម្រេចចិត្តលាឈប់មួយខ្យល់ធំ។
លោកថាខ្លួននៅតែទទួលសម្ដែង ប៉ុន្ដែក៍មិនខ្លាំងក្លាដូចពេលទើបជាប់ Freshie ថ្មីៗនោះដែរ ដោយសារតែលោកក៍មានការងារខាងក្រៅជាប់សូរ បន្ទាប់ពីបោះបង់សិល្បៈដូចគ្នា។ លោកមានការរំពឹងច្រើនថារឿងដំបូងដែលលោកទទួលសម្ដែងជាថ្មីមានភាពជោគជ័យ ដោយលោកបញ្ជាក់ថានឹងប្រឹងសម្ដែងឲ្យអស់សមត្ថភាពក្នុងរឿង«ម្ចាស់គ្រងបេះដូង» មួយនេះ៕
មតិយោបល់