ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា តារាសម្ដែងជើងចាស់លោក សែម វិសាល ចាងហ្វាងផលិតកម្ម “Wonder Film Cambodia” ភាពយន្តបានប្រកាសក្រុងពាលីរឿងថ្មីក្រោមចំណងជើងថា “ផ្ទះចិញ្ចឹមខ្លោច” យ៉ាងអធិកអធម ក្រោមវត្តមានតារាល្បីៗ។ នេះជារឿងទី២ ដែលលោកផលិតឡើង បន្ទាប់ពីរឿង “ប្រាសាទអាថ៌កំបាំង” ដែលលោកផលិតក្នុងន័យស្ទាបស្ទង់ទីផ្សារ ត្រូវបានមហាជនភាគច្រើនទទួលស្គាល់។
ពិធីក្រុងពាលីដែលបានរៀបចំក្នុងវីឡាស្កឹមស្កៃរបស់លោកស្ថិតនៅម្ដុំអូរបែកក្អមនោះ ត្រូវគេឃើញផលិតករ និងតារាសម្ដែងលោក សែម វិសាល រៀបចំធំដុំគួរសម ដោយតារាសិល្បៈដែលបានចូលរួមក៏មានចំនួនច្រើនកុះករណាស់ដែរ ជាពិសេស គឺតារាដែលជាតួអង្គសំខាន់ៗក្នុងរឿង។
តារាដែលចូលរួមសម្ដែងក្នុងរឿងនេះ ត្រូវបានលោកប្រកាសថា រួមមាន ៖ កញ្ញា ដេនី ក្វាន់ នាយគ្រឿន លោកប៊ីអាយជី លោកប៉ីប៉ីឌី លោក Cool Sool លោក ង៉ែត សុវណ្ណេត លោក គឹម សាន កញ្ញាលីងលីង កញ្ញា អូន នាង កញ្ញា ហួរ គឹមយូរ លោក សៀវ សៅយូរី និងតារាសម្ដែងចាស់ថ្មីជាច្រើនដួងទៀត។ រឿង “ផ្ទះចិញ្ចឹមខ្មោច” នេះ ក៏ជារឿងដែលដឹកនាំសម្ដែងដោយលោក សុខ ជំនោរ បងប្រុសរបស់កញ្ញាវ៉ាន់ នីឡាផងដែរ។
លោក សែម វិសាល បញ្ជាក់ថា រឿងនេះគ្រោងចំណាយទុនអស់ច្រើន ដោយសារតែសាច់រឿងទាំងមូលមានពាក់ព័ន្ធអាថាន់ និងតម្រូវឲ្យរៀបចំដេគ័រថ្មីសុទ្ធសាធ ដើម្បីឲ្យមើលទៅមានលក្ខណៈជាឈុតឆាកពាក់ព័ន្ធនិងខ្មោច។ រឿងនេះប្រកាសផលិតរយៈពេល៦ខែ ដោយការដាក់បញ្ចាំងជាផ្លូវការអាចនៅចុងឆ្នាំខាងមុខ ឬឈានដល់ដើមឆ្នាំ២០១៧។ លោកថា ខ្លួនរំពឹងពីទំហំជោគជ័យសម្រាប់រឿងនេះ ដោយសារតែរឿងនេះ ជារឿងដែលលោក និងក្រុមការងារនិពន្ធផ្ទាល់មិនចម្លងពីបរទេស ហើយតារាសម្ដែងដែលចូលសម្ដែងដូចជាកញ្ញា ដេនី ក្វាន់ នាយគ្រឿន លោកប៉ីប៉ីឌី និងលោកប៊ីអាយជី គឺសុទ្ធតែជាតារាល្បី។
ខាងក្រោមនេះ ជាទិដ្ឋភាពចូលរួមក្រុងពាលីរបស់តារាៗ និងក្រុមការងារផលិតរបស់រឿង “ផ្ទះចិញ្ចឹមខ្មោច” របស់លោក សែម វិសាលដែលជាផលិតករ និងជាតួសម្ដែងមានឈ្មោះបោះសំឡេង កាលពីព្រឹកថ្ងៃទី២០ មិថុនា មុននេះ៖
មតិយោបល់