Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត MC សាហារ៉ា អង...

MC សាហារ៉ា អង្គុយភ័យអរៗ នឹងតំណែងបើកក្បាល

ខុសពីតារាភាគច្រើនដែលមិទនភាពនឹងឱកាសបានដើរតួឯក ហើយបានដើរតួក្នុងភាពយន្តដែលមានគុណភាព សម្រាប់ពិធធីករលោក សាហារ៉ា ដែលត្រូវគេដឹងថាជំនាញបញ្ចេញវោហាស័ព្ទច្រើនជាងសម្ដែង បែរជាសម្ដែងអារម្មណ៍ភ័យអរៗ នៅពេលភាពយន្តរឿង«ស្នូរជើងអ្នកណា?»របស់លោកបានប្រកាសដាក់បញ្ចាំងនៅថ្ងៃទី១៩ កក្កដានេះ ក្នុងពេលដែលសាច់រឿងភាពយន្តនេះមានអ្នកសរសើរពេញរោងកាលពីថ្ងៃសម្ពោធទៅវិញ។

លោក សាហារ៉ា និយាយថា ការសម្ដែងភាពយន្ត មិនមែនជាទេពកោសល្យរបស់ខ្លួននោះទេ ប៉ុន្តែបណ្ដាលមកពីមានការឱកាស និងម្យ៉ាងដោយសារតែលោកក៏ចង់សាកល្បងសមត្ថភាពផង ទើបលោកទទួលសម្ដែងជាតួឯកក្នុងភាពយន្តរបស់ផលិតកម្ម Wonderfilm Cambodia ហើយត្រូវបានផលិតករឲ្យសម្ដែងជាតួឯក និងជាតួគ្រូពេទ្យដែលសម្ដែងច្រើនប្លង់តាំងពីដើមដល់ចប់។ លោកថានេះជារឿងដំបូងដែលលោកបានសម្ដែងជាតួ តែក៏ជារឿងដែលលោកដេកភ័យទៅវិញ គឺខ្លាចតែមានការលើកឡើងថាលោកសម្ដែងមិនបានល្អ ឬមានចំណុចឆ្គាំឆ្គង។

លោកថាមនុស្សភាគច្រើនសប្បាយចិត្តនៅពេលស្នាដៃរបស់ខ្លួនត្រូវបានបញ្ចេញឡើង ប៉ុន្តែសម្រាប់រូបលោកគឺលុះត្រាតែលោកគេចផុតពីការរិះគន់សម្រាប់ភាពយន្តដែលខ្លួនសម្ដែងជាតួឯកលើកដំបូង ទើបលោកឈប់ភ័យ។ យ៉ាងណាមិញ លោកថាខ្លួនមានអារម្មណ៍សប្បាយចិត្តនៅពេលដែលខាងផលិតករសម្រិតសម្រាំងគ្រប់ប្លង់ដែលលោកបានសម្ដែង ហើយក្រោយការដាក់បញ្ចាំងកាលពីថ្ងៃបើកសម្ពោធក៏មានតែអ្នកសរសើរច្រើនជាងការបញ្ជាក់ថាលោកសម្ដែងបានល្អ។

លោកសាហារ៉ា និយាយថា លោករំពឹងភាគច្រើនថាការសម្ដែងជាតួឯករបស់លោកលើកដំបូង នឹងទទួលបានការគាំទ្រខ្ពស់ ស្របគ្នាដែលភាពយន្តនេះ ក៏ត្រូវបានក្រុមហ៊ុនពូព្រហ្ម ដាក់បញ្ចាំងលក់សំបុត្រចាប់ពីថ្ងៃទៅ ហើយលោកកត់សម្គាល់ថាមានអ្នកគាំទ្រភាពយន្តជាច្រើនកក់សំបុត្រទស្សនាភាពយន្តលោកសម្ដែង។ លោកគម្រោងនឹងចាប់ការសម្ដែងបន្តបន្ទាប់ ប៉ុន្តែបើឲ្យបោះចោលអាជីពពិធីករក៏មិនអាចនោះដែរ ដោយសារតែលោកយល់ថាជំនាញ និងទេពកោសល្យរបស់លោកខាងផ្នែកពិធីករ ល្អជាងការសម្ដែង បើទោះជារឿង«ស្នូរជើងអ្នកណា»ដែលបានបង្ហាញ នឹងធ្វើឲ្យលោកលេចធ្លោក្នុងអាជីពថ្មី។

លោក សែម វិសាល ម្ចាស់ផលិតកម្ម Wonderfilm Cambodia បានអះអាងថា លោកសាហារ៉ា ដ្បិតថាមិនមែនជាតួសម្ដែង ប៉ុន្តែលោកសម្ដែងបានល្អបំផុតក្នុងតំណែងជាវេជ្ជបណ្ឌិត និងជាតួមនុស្សវ័យកណ្ដាលដែលមានគ្រួសារ។ លោកបានទាំងសរសើរថាពិធីកររូបនេះ នឹងអាចល្បីល្បាញក្នុងអាជីពសម្ដែងផង ដោយសារតែភាពយន្តដែលលោកសម្ដែងតួឯកមានការគាំទ្រខ្លាំងតាំងពីព្រឹកថ្ងៃទី១៩ កក្កដា ថ្ងៃកក់សំបុត្របើកឆាក៕

Loading...