ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាយដំណឹង តូច ស្រីពេជ្រ បែកបាក់ស្នេហ៍

នៅលើហ្វេសប៊ុកក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថាតារាសម្ដែង អ្នកនាង តូច ស្រីពេជ្រ បង្ហោះពីរឿងទុក្ខសោកជាប្រចាំបង្ហាញពីភាពឯកោ ដែលហាក់ដូចជាអ្នកនាងស្ថិតក្នុងសម្ពាធអ្វីមួយក្រោយឈានជើងទៅដល់ទឹកដីអាមេរិក។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកស្និទ្ធិនឹងតារាស្រីរូបនេះម្នាក់ដោយមិនអោយបញ្ចេញអត្តសញ្ញាណ មានការបញ្ជាក់ថានាង ពិតជាបែកបាក់ស្វាមីប្រាកដមែន ដោយគេឃើញនាង និងស្វាមី រស់នៅបែកផ្ទះគ្នាទៀតផង។

ប្រភពដែលអាចទុកចិត្តបានអោយសម្ភាសន៍ថា តារាសម្ដែងអ្នកនាង តូច ស្រីពេជ្រ មានផ្ទុះចម្រូងចម្រាស់ជាមួយស្វាមីជាយូរមកហើយ តែដោយសារតែអ្នកនាងស៊ូទ្រាំដើម្បីកូនទើបបន្តរស់នៅជាមួយគ្នាក្រោមដំបូលតែមួយ ដោយគេឃើញនាងក៏ប្រឹងរកលុយតាមរយៈការលក់នំដូណាត់នៅលើទឹកដីអាមេរិក។ ជីវិតស្នេហាឆ្លងទ្វីបរបស់តារាស្រីរូបនេះ ត្រូវគេដឹងបញ្ចប់ដោយគ្មានជំលោះមាត់ករខ្លាំងក្លានោះទេ ពោលគឺគ្រាន់តែមានរឿងមិនចុះសម្រុងក៏សម្រេចចិត្តដើរចេញពីគ្នា ហើយនៅបន្តរាប់គ្នាដូចមិត្តភក្ដិ ដោយនៅតែបន្តចេញចូលផ្ទះជាមួយគ្នា ដើម្បីកូនស្រី ដែលស្ទើរតែមើលមិនដឹងថាអ្នកទាំងពីរបែកគ្នាផង។ ប្រភពនោះបន្តទៀតថា តូច ស្រីពេជ្រ មានរឿងល្អក់កករជាមួយស្វាមី ដោយសារតែគម្លាតការងាររៀងខ្លួនធ្វើអោយគូស្នេហ៍អ្នកនាង កាន់តែឆ្ងាយមនោសញ្ចេតនាពីនាង ហើយគាប់ជួនជាអ្នកនាងរស់នៅលើទឹកដីថ្មី មិនសាំនឹងបរិយាកាសដែលប្ដីផ្សេងប្រពន្ធផ្សេង ដូចខ្វះភាពកក់ក្ដៅនោះផង ទើបធ្វើអោយអ្នកនាងកាន់តែមានអារម្មណ៍តូចចិត្ត ហើយសភាពមិនអាចផ្លាស់ប្ដូរនៃឥរិយាបថក្នុងការរស់នៅ ក៏ឈានដល់ការចែកផ្លូវ។

ប្រភពនោះបន្តថា អ្នកនាង និងស្វាមីនៅមិនទាន់សម្រេចចិត្តប្ដឹងលែងលះដល់ប្រព័ន្ធតុលាការនោះទេ ដោយសារតែស្វាមីអ្នកនាង ចង់អោយអ្នកនាងទទួលបានលិខិតផ្លូវការ ដែលអាចរស់នៅលើទឹកដីអាមេរិកដោយស្របច្បាប់សិន ទើបសម្រេចចិត្តលះបង់។ ប្រភពនោះនិយាយថា «ពួកគាត់បែកគ្នាហើយ តែអត់មានឈ្លោះទាស់អីទេ ហើយរវាងពួកគាត់ដូចអត់ទាន់លែងគ្នាដល់ផ្លូវច្បាប់អីទេ ដោយសារតែប្ដីគាត់ចង់អោយគាត់មាន លិខិតស្របច្បាប់សិន!»។

ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាងតូច ស្រីពេជ្រ បានឆ្លើយប្រាប់ថាខ្លួនមិនទាន់ចង់បកស្រាយពីការលេចធ្លាយដែលបានលើកឡើងនោះទេ ប៉ុន្តែអ្នកនាងបានបញ្ជាក់យ៉ាងខ្លីថា ការពិតគឺនៅតែជាការពិត។

ជាមួយមន្ទិលដាច់ដោចស្វាមីនៅលើទឹកដីអាមេរិកនេះ អ្នកនាងតូច ស្រីពេជ្រ ទំនងនឹងមានកន្លង់ឆ្វែលឆ្វាត់មិនយូរនោះឡើយ ដោយសារតែអ្នកនាងដ្បិតថាមានវ័យរាងជ្រេបន្តិចមែន ប៉ុន្តែក៏មានមុខមាត់ប្រកបដោយមន្តស្នេហ៍ និងល្បីថាមានបុរសៗតាមស្នេហ៍មិនអន់ដែរតាំងពីអ្នកនាងរស់នៅស្រុកខ្មែរ។ យ៉ាងណាមិញ គេកំពុងចាំអ៊ុតប្រសិនបើអ្នកនាងពិតជាបែកបាក់ស្វាមីមែន គឺច្បាស់ណាស់ថាអ្នកនាងនឹងជ្រើសយកមនុស្សណាម្នាក់ធ្វើជាម្ចាស់បេះដូង ដោយពិតជាមិននៅទំនេរយូរឡើយ៕

មតិយោបល់