ព័ត៌មានសិល្បៈ និងកម្សាន្ត

បវរកញ្ញាលេខ២ ពិភពលោក មកដល់កម្ពុជា

មិនខុសពីការគ្រោងទុក កាលពីយប់ថ្ងៃទី ១២ តុលា ឆ្នាំ២០១៩ បវរកញ្ញាចំណាត់ថ្នាក់លេខ២ ពិភពលោក ដែលហៅជាភាសាអង់គ្លេសថា Miss Planet International 2019 first Runner Up កញ្ញា Mukdahan Wedding Fair ជនជាតិថៃ បានមកដល់កម្ពុជាហើយ ។ នាងគ្រោងនឹង ធ្វើទស្សនកិច្ច នៅកម្ពុជា រហូតដល់១ខែឯណោះ។

ដំណើរមកដល់កម្ពុជារបស់នាង ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីប្រតិភូកម្ពុជា ដែលរួមមាន អ្នកស្រី ហាលី មីន អគ្គនាយិកា Miss Planet International និងអ្នកស្រី សរ កេសារ៉ា ដែលជាម្ចាស់ផលិតកម្មកេសារ៉ា ភាពយន្ត និងជាអ្នកដឹកនាំដំណើរទស្សនកិច្ចរបស់នាងមួយរូបដែរ នៅកម្ពុជា។

អ្នកស្រី សរ កេសារ៉ា បានថ្លែងបញ្ជាក់ថា ដំណើរទស្សនកិច្ចរយ:ពេល១ខែ របស់បវរកញ្ញាភពផែនដីពិភពលោករូបនេះ នឹងបូកបញ្ជូលទាំងការទស្សនកិច្ច តាមបណ្ដាក្រុមហ៊ុន សហគ្រាសតូចធំ មណ្ឌលកុមារកំព្រា តំបន់ប្រវត្តិសាស្ត្រ និងទីតាំងសំខាន់ៗមួយចំនួន នៅក្នុងប្រទេសកម្ពុជា ដែលអ្នកស្រីចាត់ទុកថា វត្តមានរបស់នាងនៅកម្ពុជា នឹងកាន់តែធ្វើឲ្យពិភពលោកចាប់អារម្មណ៍ពីកម្ពុជា ពិសេសលើវិស័យវប្បធម៌ របៀបរបបរស់នៅ ទំនៀមទំលាប់ និងផ្សព្វផ្សាយជួយដល់វិស័យទេសចរណ៍នៅកម្ពុជា។ អ្នកស្រីថា បវរកញ្ញាថៃរូបនេះ ក៏នឹងដើរតួជាអ្នកផ្សព្វផ្សាយពីផលប៉ះពាល់លើផែនដី ដូចជាផលប៉ះពាល់ថង់ផ្លាស្ទីក និងបញ្ហាជាច្រើនទៀតនៅកម្ពុជា ដែលជាប្រយោជន៍ដល់បរិស្ថានផងដែរ។

អ្នកស្រី ហាលី មីន បញ្ជាក់ថា បវរកញ្ញា ភពផែនដី ប្រចាំពិភពលោកថៃ មកកាន់កម្ពុជាលើកនេះ ដើម្បីមកបំពេញសកម្មភាពសប្បុរសធម៌ និងធ្វើទស្សនកិច្ចក្នុងនាមជា បវរកញ្ញា នៅក្នុងប្រទេសកម្ពុជា។ កញ្ញា និងប្រតិភូអមដំណើរ នឹងស្នាក់នៅកម្ពុជាប្រមាណ១ខែ ដើម្បីស្វែងយល់ពីវប្បធម៌ និងពីការរស់នៅរបស់ប្រជាជនកម្ពុជា ដើម្បីស្វែងយល់ពីចំណេះដឹងផ្សេងៗ យកទៅផ្សព្វផ្សាយបន្ត។ អ្នកស្រីថា ដំណើររបស់នាង ក៏មកដល់កម្ពុជា ចំពេលប្រទេសកម្ពុជា ដំណើរការការប្រកួត Miss Planet Cambodia ជាលើកទី២ ដើម្បីស្វែងរកតំណាងមួយរូបទៅប្រកួតបវរកញ្ញា ភពផែនដីអន្តរជាតិ ក្នុងឆ្នាំ២០២០ផងដែរ៕

មតិយោបល់