ព័ត៌មានសិល្បៈ និងកម្សាន្ត

លូយណាស់! សូ ស្រណោះ ត្រូវបានជប៉ុនជ្រើសជាគណកម្មការអន្តរជាតិ

កាលពីល្ងាចថ្ងៃទី២១ កក្កដា លោកសូ ស្រណោះ ដែលត្រូវគេស្គាល់ថា ជាបណ្ដិត្យព្យាណូមកពីប្រទេសជប៉ុន ត្រូវបានគណកម្មការរបស់ប្រទេសជប៉ុន ជ្រើសរើសជាគណកម្មការផ្ដល់ពិន្ទុក្នុងចំណោមគណកម្មការអន្តរជាតិមកពី៦ប្រទេស នៅក្នុងព្រឹត្តិការណ៍ប្រកួតព្យាណូធំមួយ ដែលកំពុងធ្វើឡើងនៅក្នុងប្រទេសថៃ។

លោកត្រូវបានចាកចេញទៅកាន់ទីក្រុងបាងកក ក្នុងនាមជាគណកម្មការតំណាងប្រទេសកម្ពុជា ខណៈដែលលោកក៍ត្រូវបានជប៉ុនដែលជាអ្នករៀបចំការប្រកួតនោះ ជ្រើសជាអ្នកផ្ដល់ពិន្ទុ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រដ៏សំខាន់។

លោក សូ ស្រណោះ និយាយថា ដំណើរទៅកាន់ប្រទេសលើកនេះ មិនមែនជាលើកទី១នោះទេ ដោយសារតែពេលកន្លងមក លោកក៏ត្រូវបានគណកម្មការអន្តរជាតិ ជ្រើសអោយធ្វើជាគណកម្មការផ្ដល់ពិន្ទុការប្រកួតព្យាណូនៅក្រៅប្រទេស ចំនួន៤លើករួចមកហើយ។ ការប្រកួតនៅក្នុងប្រទេសថៃលើកនេះ លោកថា ភាគីជប៉ុន ដែលជាអ្នករៀបចំ បានធ្វើការប្រកួតជម្រុះចំនួន៣ខែមកហើយ ដោយលោកទើបតែត្រូវបានគណកម្មការជប៉ុនជ្រើសអោយធ្វើជាគណកម្មការផ្ដល់ពិន្ទុ ក្នុងពេលការប្រកួតកំពុងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ។ លោកថាកាតព្វកិច្ចលើកនេះ គឺតំណាងអោយកម្ពុជា ធ្វើជាអ្នកកាត់ក្ដី ក្នុងចំណោមគណកម្មការផ្ដល់ពិន្ទុមកពីជប៉ុន និង ថៃផ្សេងទៀត ដើម្បីជ្រើសអ្នកពូកែផ្នែកព្យាណូម្នាក់ អោយក្លាយជាម្ចាស់ពាននៅក្នុងប្រទេសថៃ ខណៈដែលការប្រកួតនេះ គឺមានតែជនជាតិថៃប៉ុណ្ណោះ ជាបេក្ខជន។

លោក សូ ស្រណោះ បញ្ជាក់ថា លោកនឹងស្នើអោយគណកម្មការៀបចំ ចាប់អារម្មណ៍មកធ្វើព្រឹត្តិការណ៍នេះ នៅក្នុងប្រទេសកម្ពុជា ឬ យ៉ាងហោចណាស់ ក៍ស្នើអោយព្រឹត្តិការណ៍នេះ មានការចូលប្រកួតពីអ្នកជំនាញផ្នែកព្យាណូមកពីប្រទេសផ្សេងៗ ដើម្បីអោយលោកអាចបញ្ជូនសិស្សរបស់ខ្លួន ដែលតំណាងអោយកម្ពុជា ចូលរួមប្រកួត និងបង្ហាះសមត្ថភាព។ លោកនឹងត្រលប់មកកាន់ប្រទេសកំណើតវិញនៅថ្ងៃទី២៥ កក្កដាគឺបន្ទាប់ពីការប្រកួតជ្រើសរើសម្ចាស់ពានត្រូវបានបញ្ចប់៕

មតិយោបល់