ក្រោយទទួលជោគជ័យក្នុងបទចម្រៀងប្រភេទមនោសញ្ចេតនា និងបទញាក់ នាពេលកន្លងមក តារាចម្រៀងឡើងកូដគួរអោយកត់សម្គាល់ កញ្ញា សោភា ទេពី ដែលត្រូវគេស្គាល់ថាជាតារាអតីតបេក្ខភាពលេចធ្លោតាំងពីក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ បានការអះអាងថានាងមានផលិតកម្មមិនតិចនោះទេ ទាក់ទងអោយច្រៀងកុងត្រា។ យ៉ាងណាមិញ នាងនៅមិនទាន់សម្រេចចិត្តចងជើងខ្លួនឯងជាមួយនឹងផលិតកម្មណាមួយនៅឡើយទេ តែបើក្រឡេកទៅមើលបទចម្រៀងរបស់តារាស្រីរូបនេះវិញ គឺថាជាបទលូយៗដែលធ្វើអោយនាងចង់លោតជាតារាចម្រៀងមានទ្រនំច្រៀងឆ្ងាយណាស់ ជាពិសេសបទរ៉េបក្ដៅៗ ដែលនាងទើបតែបានចេញបង្ហោះ។
បទចម្រៀង«I Know Who I Am»ដែលជាបទ Original Song ថ្មីសន្លាងរបស់នាងមួយនេះ មិនត្រឹមតែធ្វើអោយអ្នកស្ដាប់ប្លែកត្រចៀក នូវការបញ្ចេញតុងច្រៀងជាភាសាអង់គ្លេសបានល្អមិនចាញ់តារាចម្រៀងបរទេសប៉ុណ្ណោះទេ ទឹកដមសំលេង និងបច្ចេកទេសរ៉េបក្នុងបទចម្រៀងទាំងមូល ក៏ធ្វើអោយអ្នកគាំទ្រនាងម្នាក់ៗមិនលាន់មាត់សរសើរមិនបាននោះដែរ។ សោភា ទេពី ទទួលបានការចាប់អារម្មណ៍ក្នុងចម្រៀងមួយបទនេះមិនធម្មតា បើធៀបនឹងបទចម្រៀងដែលធ្វើអោយនាងទទួលបានការគាំទ្រកន្លងមក។ សូម្បីតែបទចម្រៀង«អ្នកណាកែចិត្តបង» ដែលជាបទផ្ទុះរបស់នាងនៅក្នុងពេលនេះ ក៏ត្រូវគេមើលឃើញថាមិនមានសន្ទុះស្មើនឹងបទ«I Know Who I Am» បើធៀបនឹងពេលដាក់បង្ហោះភ្លាមៗដូចគ្នានោះដែរ។ អ្នកចែកចាយបទចម្រៀងរបស់នាង ច្រើននាក់ សុទ្ធតែលើកឡើងថា សោភា ទេពី ពិតជាតារាចម្រៀងដែលមានសមត្ថភាពមិនសរសើរមិនបានអ៊ីចឹងមែន ដោយសារតែនាងត្រូវគេដឹងថាគឺជាអ្នករបាំបុរាណ ដែលអាចច្រៀងបទទម្រង់បុរាណបានយ៉ាងគ្រលួច ប៉ុន្តែដល់ងាកមកច្រៀងបទសម័យប្រភេទ មនោសញ្ចេតនា ប្រភេទរ៉ក់ និងប្រភេទរ៉េបចុងក្រោយ គឺស្ដាប់ហើយញាក់សាច់នឹងសមត្ថភាពរបស់នាងតែម្ដង។
សោភា ទេពី និយាយថា នាងសម្រេចចិត្តចេញបទរ៉េប «I Know Who I Am»ដើម្បីអោយត្រូវនឹងចំណូលចិត្ត ហើយសំខាន់ជាងគេ ដើម្បីស្ទាបស្ទង់ការគាំទ្រនៅក្នុងពិភពចម្រៀង កុំអោយគេថាដដែលៗ។ នាងបានប្រកាសពីការត្រៀមខ្លួនបញ្ចេញក្បាច់អោយប្លែកជាមួយក្រុមរាំ អោយលូយតែម្ដងនៅពេលដែលនាងឡើងឆាកសម្ដែងនានា។ ចម្រៀងនេះក៏រំពឹងថានឹងជួយអោយនាងកញ្ឆក់បានទីផ្សារថែមមួយកម្រិតទៀត បន្ទាប់ពីបានទទួលការគាំទ្រខ្លាំងក្លាក្នុងបទចម្រៀងស្លូ និងបទរ៉ក់នោះដែរ។ សោភា ទេពី បានអះអាងថា នាងមានផលិតកម្មមិនតិចនោះទេ ទាក់ទងអោយចូលកុងត្រា ប៉ុន្តែមកពីនោះមិនមែនជាផលិតកម្មធំ និង ពិបាកអោយនាងរំពឹងពីទីផ្សារ បើធៀបនឹងនៅឯករាជ្យដើម្បីចេញបទចម្រៀងខ្លួនឯង ទើបនាងដំអក់៕


















មតិយោបល់