ព័ត៌មានសិល្បៈ និងកម្សាន្ត

មិននឹកស្មានជនជាតិថៃម្នាក់នេះ ស្រឡាញ់សិល្បៈខ្មែរដល់ម្លឹង

នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥រាល់ថ្ងៃ គេបានត្រឹមតែដឹងថា មានផលិតករថៃមកជួយផលិតភាពយន្តភាគឲ្យខ្មែរ ដើម្បីឲ្យខ្មែរមានភាពយន្តភាគមួយ ដែលមានស្ដង់ដារក្នុងការប្រកួតប្រជែងប៉ុណ្ណោះ ប៉ុន្តែគេមិនបានដឹងថា ផលិតករថៃរូបនោះជាអ្នកណា នឹងមានមូលហេតុអ្វីខ្លះ ទើបធ្វើឲ្យមានការសម្រេចចិត្ត ជួយផលិតភាពយន្តឲ្យកម្ពុជានោះទេ។ យ៉ាងណាមិញ បុរសជាជនជាតិថៃមួយរូប ដែលត្រូវគេស្គាល់ថា មានឥទ្ធិពលនៅប៉ុស្ដិ៍លេខ៥ បានចេញមុខបញ្ជាក់ពីមូលហេតុនេះ។

លោក ថាណាគ្រីត ស៊ីនប៊ួ ហៅ ភីមូ ដែលជាអ្នកដឹកនាំក្រុមផលិតករថៃនៅប៉ុស្ដិ៍លេខ៥ និងជាអ្នកដឹកនាំសម្ដែងផ្ទាល់ បានថ្លែងបញ្ជាក់ថា លោកបានស្គាល់ប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ២០០០ជាង ដោយក្នុងពេលនោះលោកបានចូលរួមដឹកនាំសម្ដែងក្នុងរឿង «កូនពស់កេងកង» ដែលមានតារាថៃប្រុសសម្ដែង ជាមួយតារាខ្មែរ ហើយតាំងពីពេលនោះមកលោក ក៏ចាប់ផ្ដើមជាប់ចិត្តនឹងប្រទេសកម្ពុជា។ គាប់ជួនជានៅប្រទេសថៃ លោកក៏បំពេញការងារជាអ្នកដឹកនាំសម្ដែង ជួបតែជាមួយតារាថៃដដែលអស់ជាច្រើនឆ្នាំផង ទើបលោកសម្រេចចិត្តប្ដូររសជាតិ ពីការដឹកនាំសម្ដែងនៅក្នុងប្រទេសថៃ ហើយងាកមកដឹកនាំសម្ដែងឲ្យប៉ុស្ដិ៍លេខ៥ ក្រោយពេលប៉ុស្ដិ៍លេខ៥ ក៏ដាក់សំណើរឲ្យលោកចុះជួយ។

លោកថាខ្លួនបានសម្រេចចិត្តបោះបង់ការងារជាផលិតករនៅក្នុងប្រទេសថៃ ដោយទុកឲ្យភរិយា និងកូនៗ របស់លោកធ្វើជាអ្នកដឹកនាំសម្ដែង នៅក្នុងទីក្រុងបាងកក ហើយលោកចុះមករស់នៅដឹកនាំសម្ដែងឲ្យប៉ុស្ដិ៍លេខ៥តែម្នាក់ឯង។ លោកថារយៈពេលបម្រើការ ក្នុងនាមជាអ្នកដឹកនាំសម្ដែងឲ្យប៉ុស្ដិ៍លេខ៥ នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យលោកសប្បាយចិត្តយ៉ាងខ្លាំង ហើយបើទោះជាតារាសម្ដែង នៅក្នុងប្រទេសកម្ពុជា នៅមានកម្រិតមិនទាន់ឲ្យប្រដូចតារាថៃនៅឡើយ ក៏លោកនឹងប្រើឲ្យអស់ពីសមត្ថភាព ដើម្បីជួយឲ្យតារាទាំងនោះ សម្ដែងកាន់តែល្អ និងធ្វើឲ្យភាពយន្តខ្មែរកាន់តែមានការទទួលស្គាល់។

លោក មូ ប្រកាសថា មិនមានកុងត្រាជាមួយប៉ុស្ដិ៍លេខ៥នោះទេ ហើយបើទោះជាលោកបានរៀបចំប្រព័ន្ធផលិតរឿង នៅប៉ុស្ដិ៍លេខ៥បានល្អរួចហើយ ក៏លោកមិនទាន់ព្រលែងដៃ ជាមួយស្ថាប័នមួយនោះដែរ ដោយនឹងបន្តបំពេញការងារជាផលិតករកុនឲ្យប៉ុស្ដិ៍លេខ៥ ដើម្បីឲ្យមានរឿងភាគកាន់តែល្អ បម្រើអារម្មណ៍មហាជន។ អ្វីដែលលោកកាន់តែចាប់អារម្មណ៍ទៀត គឺតារាខ្មែរមានសម្រសស់ស្រស់ស្អាត និងសម្ដែងបានល្អមិនអន់ជាងតារាថៃនោះទេ ទើបលោកយល់ថា ការងារដឹកនាំផលិតកុន ជួយជំរុញដល់ភាពយន្តខ្មែរ ក៏ជារឿងដែលលោកគួរតែធ្វើឲ្យបានល្អក្នុងរយៈពេលយូរ ដើម្បីទុកជាស្នាដៃមួយមុនពេលលោកចាស់ទៅ៕

មតិយោបល់