ភ្នំពេញៈ យុវជនម្នាក់ត្រូវគេសង្ស័យថាបែកថ្នាំ ហើយបានយកកាំបិតនិងដំបងដេញកាប់គេឯងផ្អើលពេញផ្លូវនិងកាប់ម៉ូតូឲ្យខូចខាតចំនួន២គ្រឿង។
ករណីនេះបានកើតឡើងកាលពីម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើត រូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកឃ្លីគ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FJ0469 ជិះឌុបគ្នាពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញយុវជនបែកថ្នាំខាងលើដៃកាន់កាំបិតនិងដំបងដើរសំដៅមក។ ពេលនោះជនរងគ្រោះក៏រត់ចេញពីម៉ូតូទាំងភ័យខ្លាច ពេលនោះយុវជនដែលគេសង្ស័យថាបែកថ្នាំនោះបានយកកាំបិតកាប់ម៉ូតូបណ្តាលឲ្យរងការខូចខាត។ និងម៉ូតូ១គ្រឿងទៀតម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BN9142 រងការខូចខាតតិចតូច និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍ចាប់ជនសង្ស័យយកមកប៉ុស្តិ៍ទឹកថ្លា។
សមត្ថកិច្ចប្រាប់ថាយុវជនបែកថ្នាំខាងលើឈ្មោះ ច៉ូវ អាយុប្រហែល២៣ឆ្នាំ ស្នាក់នៅម្តុំកន្លែងកើតហេតុខាងលើ។
អ្នកភូមិដែលធ្លាប់ស្គាល់បានឲ្យដឹងថា យុវជនខាងលើធ្លាប់សមត្ថកិច្ចចាប់យកទៅមណ្ឌលកែប្រែច្រើនដងហើយដែរ ដោយម្តាយបង្កើតរបស់គេបានស្លាប់បាត់ទៅហើយ ចំណែកឪពុកមានប្រពន្ធចុងហើយក៏មានសតិមិនល្អដែ។
បច្ចុប្បន្នយុវជនបែកថ្នាំខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតាមបណ្តឹងម្ចាស់ម៉ូតូ៕
មតិយោបល់