ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនសរសើរមិនបាន! ដេនី ក្វាន់ និងគូស្នេហ៍ បោះទុនពង្រីកមុខរបរធំដុំ រៀងខ្លួន

ក្នុងពិភពសិល្បៈ ម្នាក់ៗកាន់តែបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល នៅពេលដែលបានដឹងថាគូស្នេហ៍មួយគូ គឺ កញ្ញា ដេនី ក្វាន់ និងលោក ចាន់ មករា ដែលគេស្គាល់ថា ជាអ្នកផលិតស្ពត ស្រាប់តែមានលទ្ធភាពបើកដំណើរហាង និងពង្រីកអាជីវកម្មជាទ្រង់ទ្រាយធំព្រមគ្នា ក្រៅពីបង្អួតភាពផ្អែមល្ហែម ក្នុងនាមជាគូស្នេហ៍ ដោយឈប់ខ្វល់ពីរឿង ភាគីខាងស្រីធ្លាក់កូដ ឬមិនធ្លាក់កូដ។ ផ្អែកតាមការទម្លាយ ដើមទុនរហូតដល់សែនដុល្លារឯណោះ ដែលអ្នកទាំងពីរបានប្រើ ដើម្បីពង្រីកអាជីវកម្ម ដែលបានលេចឡើងធំដុំព្រមគ្នាមួយនេះ។

កញ្ញា ដេនី ក្វាន់ បានប្រកាសបើកសម្ពោធហាងលក់ផលិតផលថែរក្សាសម្រស់របស់ខ្លួនយ៉ាងកាលីប កាលពីថ្ងៃសុក្រ ទី១០សីហា ដោយហាងថ្មី របស់នាងគ្រាន់តែការការតុបតែង និងតាំងបង្ហាញផលិតផលល្បីៗ ដែលជាប្រេនៗផ្ដាច់មុខដែលនាងនាំចូល គឺចំណាយឡើងម៉ឺនដុល្លារបាត់ទៅហើយ។ នេះជាហាងបើកថ្មី បន្ទាប់ពីនាងដោះដូរពីទីតាំងចាស់ នៅម្ដុំទូរទស្សន៍អាស៊ីអាគ្នេយ៍ ខណៈដែលហាងថ្មីនេះ គឺមានទ្រង់ទ្រាយធំ ជាងមុនដាច់ឆ្ងាយ។ Denny Beauty Cosmetic គឺជាឈ្មោះហាងថ្មី ដែលតារាស្រីរូបនេះ ប្រកាសថានឹងធ្វើឲ្យក្លាយជាអាជីវកម្ម ផ្នែកថែរក្សាសម្រស់ទ្រង់ទ្រាយធំ ដោយនាងប្រកាសថា នឹងគម្រោងកុងត្រានាំចូលផលិតផល ម៉ាកល្បីៗផ្សេងទៀត ដើម្បីបង្កើនប្រាក់ចំណូល និងពង្រីកកេរ្តិ៍ឈ្មោះ ក្នុងពិភពជំនួញផង។ អ្វីដែលគេកត់សម្គាល់ គឺនាងប្រកាសថា នេះមិនមែនជាហាងលើកចុងក្រោយ ដែលនាងប្រកាសបើកនោះទេ ដោយគ្រោងប្រកាសសាខាបន្តបន្ទាប់ និងអាចមានអាជីវកម្ម ផ្នែកសម្រស់ជាច្រើនផ្សេងទៀត ដែលធ្វើឲ្យគេមើលឃើញថា ដេនី ក្វាន់ នឹងក្លាយជាតារាសិល្បៈវ័យក្មេងមួយរូប ដែលជោគជ័យ ក្នុងពិភពជំនួញមិនធម្មតា។

ងាកទៅគូស្នេហ៍របស់នាងវិញ ក៏រឹតតែមិនអន់ទៅទៀត ដោយលោកមិនត្រឹមតែមិនដើរថយក្រោយក្នុងមុខរបរលក់ឡាន ដែលលោកធ្លាប់បានប្រកាសថា សាកល្បងរកស៊ីលេងៗកាលពីមុនប៉ុណ្ណោះទេ ប៉ុន្តែបែរជាបានសេងយកឃ្លាំងរថយន្តជិតខាង ហើយយកមកទម្លាយធ្វើជាឃ្លាំងតែមួយយ៉ាងកាលីប ធ្វើឲ្យអាជីវកម្មបើកឃ្លាំងលក់រថយន្តគ្រប់ប្រភេទរបស់លោក ប្រែក្លាយពីឃ្លាំងកម្រិតមធ្យមទៅជាឃ្លាំងលក់រថយន្តធំមួយ នៅម្ដុំលូទឹកស្អុយ លើផ្លូវកោសដូងម្ដុំសំណង់១២។ លោក ចាន់ មករា ដែលបានផ្ដើមស្គាល់គូស្នេហ៍ កញ្ញា ដេនី ក្វាន់ ក្នុងតំណែងជាអ្នកផលិតស្ប៉ត និងជាអ្នកផលិតកម្មវិធីសិល្បៈ បានអះអាងថា ឃ្លាំងលក់រថយន្ត ស៊ីអិមអេ របស់លោក ចំណាយដើមថែមប្រមាណជា១០ម៉ឺនដុល្លារ ដោយក្រៅពីទម្លាយឃ្លាំង២បញ្ចូលគ្នា លោកក៏បានប្រើទុនទិញរថយន្តទំនើបៗ ឲ្យបានច្រើនគ្រឿង ដើម្បីដាក់តាំងឲ្យសមនឹងឃ្លាំងរថយន្តប្រកួតប្រជែងអាជីវកម្មលក់រថយន្តផងដែរ។ លោកអះអាងថាយ៉ាងខ្លីថា បើជ្រុលលូកប្រហុកទៅហើយ លោក និងដេនី ក្វាន់ នឹងលូកឲ្យកប់ក្លៀក បើទោះជាការពង្រីកមុខរបររបស់លោក តម្រូវឲ្យលោកបង្វិលដើមទុនពីប្រភពនេះពីប្រភពនោះ ដើម្បីអាចដំណើរការបាន។

ការប្រកាសនេះ បង្ហាញយ៉ាងច្បាស់ថាគូស្នេហ៍មួយគូនេះ ពិតជាមានលទ្ធភាពដល់ម្លឹង ដែលភាគីខាងប្រុសមានទុនសែនដុល្លារ ពង្រីកឃ្លាំងលក់រថយន្តឲ្យក្លាយជាទីតាំងធំ ហើយភាគីខាងស្រី មានលុយម៉ឺនដុល្លារបើកហាងថែរក្សាសម្រស់ទ្រង់ទ្រាយធំ ខណៈដែលហាងទាំង២ត្រូវគេឃើញបើកដំណើរការស្របថ្ងៃគ្នាទៅទៀត៕

មតិយោបល់