កំពង់ធំៈ កាលពីវេលាម៉ោង៧ និង២៧នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកគោយន្ដកែឆ្នៃ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង។
ម៉ូតូម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1H-4671 បើកបរដោយឈ្មោះ គួន ភាប់ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់នៅនឹងកន្លែង)។ ចំណែកអ្នកបើកបរគោយន្ដកែឆ្នៃ មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់។
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បង្កដោយគោយន្ដកែឆ្នៃ គ្មានភ្លើងបំភ្លឺខាងក្រោយ រួមផ្សំនិងអ្នកបើកបរម៉ូតូ បានបើកបរក្នុងស្ថានភាពស្រវឹង។
ក្រោយកើតហេតុវត្ថុតាង ម៉ូតូ និងគោយន្តកែឆ្នៃ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕
មតិយោបល់