គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងជើងចាស់លោក ទេព រិន្ទដារ៉ូ គឺជាតារារៀមច្បង និងបានប្រឡូកក្នុងវិស័យសិល្បៈ ចាស់វស្សាមិនតិចឆ្នាំទេ តែលោកត្រូវបានគេសរសើរត្រង់ចំណុចមួយ ដែលអាចចុះសម្រុង នឹងក្រុមផលិតករក្មេងៗ បានយ៉ាងងាយ ដោយមិនប្រកាន់ច្រើន បូករួមទាំងការទទួលការងារ ជាមួយនឹងផលិតករក្មេងៗ ដូចជា នាយគ្រឿន ដែលទើបឡើងកាលីបក្លាយជាអ្នកដឹកនាំសម្ដែងជាដើម។ ផ្អែកតាមការសារភាព នាយគ្រឿនបានអះអាងថា ខ្លួនបានតម្រូវឲ្យលោក ទេព រិន្ទដារ៉ូ ធ្វើអ្វីតាមខ្លួនក្នុងប្លង់ជាច្រើន ខណៈដែលឈុតឆាកខ្លះ លោកទេព រិន្ទដារ៉ូ បានអះអាងថា មិនចង់សម្ដែងបែបហ្នឹងឡើយ។
នាយគ្រឿន បានអះអាងថា លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលលោកទេព រិន្ទដារ៉ូ មិនប្រកាន់នឹងការតម្រូវរបស់ខ្លួន ដែលធៀបនឹងតារាល្បីៗជំនាន់មុនខ្លះ គឺឲ្យតែប៉ះសាច់រឿងដែលមានតួសម្ដែងមិនពេញចិត្តក្នុងការសម្ដែង គឺទាមទារឲ្យផ្លាស់ប្ដូរបារ៉ូល ឬឈុតឆាក។ តារាដែលបានវិវត្តន៍ខ្លួនក្លាយជាអ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងប្រចាំឲ្យផលិតកម្មLD រូបនេះ បន្តថា ក្នុងរឿង វិញ្ញាណទីងមោង លោកគឺជាអ្នកជ្រើសលោក ទេព រិន្ទដារ៉ូ អោយសម្ដែងតួឯក ដោយឈុតឆាកទាំងឡាយក៏លោកជាអ្នកដឹកនាំសម្ដែងដោយផ្ទាល់។
លោកថានៅក្នុងរឿងនេះ លោកបានតម្រូវឲ្យ លោក ទេព រិន្ទដារ៉ូ សម្ដែងខុសពីអ្វីដែលលោកចង់សម្ដែង ប៉ុន្តែលោកទេព រិន្ទដារ៉ូ នៅតែសម្ដែងបានល្អ ដោយលោកបញ្ជាក់មកខាងក្រុមផលិតវិញថា បើតម្រូវបែបនេះ គឺលោកមានតែបង្ខំចិត្តធ្វើតាមហើយ។ ជាក់ស្ដែងក្នុងប្លង់ខ្លះ លោកបានតម្រូវអោយ លោក ទេព រិន្ទដារ៉ូ សម្ដែងបែបកំប្លុកកំប្លែង និងប្រើពាក្យអាម៉ឹងជាដើម ទៅកាន់តារាសម្ដែងផ្សេងទៀត ដើម្បីឲ្យត្រូវនឹងបរិបទក្នុងរឿង ដែល លោក ទេព រិន្ទដារ៉ូ បានអះអាងថាសុទ្ធតែអ្វីដែលលោកពិបាក និងរឹងៗមាត់។
លោកនិយាយថា«ក្នុងរឿងហ្នឹង មានប្លង់ច្រើនណាស់ដែលបងរ៉ូអត់ចង់សម្ដែងម្មង តែគាត់ថាបើខ្ញុំតម្រូវចឹងគាត់មានតែបង្ខំចិត្តធ្វើ ហើយអ្វីដែលយើងចង់ឲ្យធ្វើគឺដើម្បីឲ្យត្រូវឆ្អឹងរឿងប៉ុណ្ណោះ!»។ លោករំពឹងថា រឿង វិញ្ញាណទីងមោង នឹងទទួលបានជោគជ័យ បន្ទាប់ពីសម្រេចដាក់បញ្ចាំងចាប់ពីថ្ងៃទី២២ សីហា នៅគ្រប់រោងភាពយន្ត ដោយសារតែក្នុងរឿងនេះ ក្រៅពីលោក ទេព រិន្ទដារ៉ូ ជាតួឯក ក៏មានឈុតឆាកកំប្លែងសើចចុកពោះញាក់សាច់។
លោក ទេព រិន្ទដារ៉ូ និយាយថាលោកមិនខ្វល់ថាផលិតករដែលឈរបញ្ជាខ្លួន គឺជាក្មេង ឬចាស់ជាងនោះទេ សំខាន់ឲ្យតែគេគឺជាអ្នកជួលលោក ហើយជាអ្នកបញ្ជាប្លង់ លោកត្រូវតែធ្វើតាម។ លោកថា ក្នុងរឿង វិញ្ញាណទីងមោង ដែលនាយគ្រឿន ដឹកនាំសម្ដែង បើនិយាយពីឈុត ដែលលោកប្រាប់ថាមិនចង់សម្ដែង គឺមានច្រើន ប៉ុន្តែមកពីលោកមកថតដើម្បីសិល្បៈ ទើបលោកត្រូវតែធ្វើឲ្យល្អ។ លោកនិយាយយ៉ាងខ្លីថា សម្ដែងមួយរឿងបានលុយច្រើនដែរ អ៊ីចឹងបើគេអោយឆ្កួតគឺក៏ត្រូវតែឆ្កួតមិនអាចប្រកែកទេ ខណៈដែលលោកក៏បង្ហាញក្ដីរំពឹងថាភាពយន្តមួយនេះ នឹងទទួលជោគជ័យមិនខុសពីនាយគ្រឿន៕
មតិយោបល់